នាយកដ្ឋានសិល្បៈទស្សនីយភាពនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំប្រកួតប្រជែងជ្រើសរើសពានរង្វាន់ជ័យលាភី នៃមហោស្រពល្ខោនបាសាក់ឆ្នាំ២០២២
ក្នុងឱកាសនោះដែរ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា មានសេចក្តីសោមនស្ស រីករាយយ៉ាងក្រៃលែង ដែលបានចូលរួមជាអធិបតីនៅក្នុងកម្មវិធីបើក “មហោស្រពល្ខោនបាសាក់ទូ ទាំងប្រទេសឆ្នាំ២០២២” ក្រោមប្រធានបទ “វប្បធម៌សន្តិភាព” ជាមួយឯកឧត្តមលោកជំទាវជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នាពេលនេះ ជាពិសេស លោកជំទាវមានមោទនភាព និងរីករាយជាពន់ពេកដោយបានឃើញនូវវត្តមានរបស់ក្រុមសិល្បករល្ខោនបាសាក់ជាច្រើន ដែលមកពីបណ្តារាជធានី-ខេត្ត បានដាក់ពាក្យចូលរួមប្រកួតប្រជែងសមត្ថភាពរបស់ខ្លួនលើ វិធីសាស្ត្រនៃការដឹកនាំរឿង សិល្ប៍វិធីនៃការតាក់តែងនិពន្ធ និងសមត្ថភាពនៃការសម្ដែង ក្នុងមហោស្រពល្ខោន បាសាក់ទូទាំងប្រទេសឆ្នាំ២០២២នេះ។ លោកជំទាវបណ្ឌិតសភាចារ្យ បានបន្តថា ជាការពិតនាស់ កម្មវិធីនេះគឺធ្វើឡើងក្នុងគោលបំណងថែររក្សា ការពារ និងលើកស្ទួយសិល្បៈ ល្ខោនបាសាក់ ដែលជាមរតកវប្បធម៌ជាតិដ៏មានតម្លៃពុំអាចកាត់ថ្លៃបាន។ លោកជំទាវ ភឿង សកុណា បញ្ជាក់ថា ក្រោមការខិតខំ និងយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល ដោយមានក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ជាសេនាធិកា លោកជំទាវសូមចាត់ទុកថា “មហោស្រពល្ខោនបាសាក់ទូទាំងប្រទេសឆ្នាំ២០២២ នាពេលនេះ មិនត្រឹមតែជាវេទិកាសម្រាប់ការបញ្ចេញនូវសមត្ថភាព និងទេពកោសល្យរបស់ក្រុមនីមួយៗតែប៉ុណ្ណោះទេ ប៉ុន្តែនេះគឺជាពេលវេលាមួយដ៏សំខាន់សម្រាប់សិល្បករទាំងក្នុង និងក្រៅប្រព័ន្ធ មានឱកាសបានជួបជុំគ្នា និងផ្លាស់ប្ដូរនូវបទពិសោធន៍ថ្មីៗរវាងគ្នានិងគ្នា។
លោកជំទាវបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់បន្ថែមទៀតថា សម្រាប់ទិសដៅការងារទៅថ្ងៃខាងមុខ ដើម្បីពង្រឹង និងពង្រីកវិសាលភាពនៃវិស័យសិល្បៈទស្សនីយភាពនៅកម្ពុជា ក្នុងនាមជាថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមប្តេជ្ញាពេញទំហឹងចំពោះសកម្មភាពវប្បធម៌ ក្នុងគោលបំណងថែរក្សា និងលើកស្ទួយសិល្បៈល្ខោនបាសាក់ ជាពិសេសការបង្កើតឱ្យមានមហោស្រព ឬព្រឹត្តិការណ៍វប្បធម៌នានា គឺជាការផ្សព្វផ្សាយ និងផ្តល់ឱកាសដល់សហគមន៍ យុវជន យុវនារី ដើម្បីចូលរួមថែរក្សា ការពារនូវសម្បត្តិវប្បធម៌ជាតិរបស់ខ្លួន ដូច ពាក្យថា៖ “កិច្ចថែរក្សាការពារបេតិកភណ្ឌវប្បធម៌ គឺជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប”។
គួររំលឹងដែរថា ល្ខោនបាសាក់ មាន
ឈ្មោះដើមជាល្ខោនទ្រើងឃ្លោក មានកំណើតនៅដែនដីកម្ពុជាក្រោម ក្នុងស្រុកបាសក់ ខេត្តព្រះត្រពាំង។ នៅអំឡុងទសវត្សឆ្នាំ១៩៣០ ល្ខោនទ្រើងឃ្លោកត្រូវបានយកមកសម្តែងនៅទីក្រុងភ្នំពេញ និងបណ្តាខេត្តមួយចំនួនតាមដងទន្លេបាសាក់ហើយទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ដោយដំបូងគេហៅថា ល្ខោនមកពីស្រុកបាសាក់ លុះក្រោយមកក៏ហៅកាត់ខ្លីថា “ល្ខោនបាសាក់”ហើយក៏ជាប់ឈ្មោះរហូតដល់សព្វថ្ងៃ។ ល្ខោនបាសាក់គឺមាន
ទាំងការនិយាយ មានទាំងការច្រៀង ហើយកំដរដោយភ្លេងបាសាក់ ។ ល្ខោននេះទៀតសោតមានឥទ្ធិពលមកពីល្ខោនអូប៉េរ៉ារបស់ចិនមនិងវៀតណាមផងដែរ៕ ប្រភព៖ ទទក សម្រួលផ្សាយដោយ៖ដារ៉ា







Post a Comment