សម្តេចតេជោ ហ៊ុន សែន៖ ក្នុងនាមជាភាគីមួយនៃកិច្ចព្រមព្រៀងអាសិប, កម្ពុជា សូមស្វាគមន៍រាល់ការធ្វើធុរកិច្ច និងការវិនិយោគ ពីសំណាក់ប្រទេសសមាជិកអាស៊ានទាំងអស់ និងគ្រប់បណ្តាភាគី
(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញជាអធិបតី បើកកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២២ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ក្នុងនាមជាភាគីមួយ នៃកិច្ចព្រមព្រៀងអាសិប, កម្ពុជា សូមស្វាគមន៍រាល់ការធ្វើធុរកិច្ច និងការវិនិយោគ ពីសំណាក់ប្រទេសសមាជិកអាស៊ានទាំងអស់ និងគ្រប់បណ្តាភាគី។
កិច្ចប្រជុំនេះ ប្រារព្ធធ្វើឡើងនៅសណ្ឋាគារសូហ្វីតែលភូគីត្រាភ្នំពេញ។ កិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន គឺជាព្រឹត្តិការណ៍ដ៏ធំប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងជាវេទិកាដ៏សំខាន់សម្រាប់សហគមន៍ធុរកិច្ច ជួបពិភាក្សាដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំប្រទេស និងប្រធានក្រុមហ៊ុន ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងតំបន់អាស៊ីអាគ្នេយ៍។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងនាមជាភាគីមួយនៃកិច្ចព្រមព្រៀងអាសិប, កម្ពុជាសូមបញ្ជាក់សារជាថ្មី អំពីការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះប្រព័ន្ធពាណិជ្ជកម្មស្របតាមវិធាននៃច្បាប់ និង សូមស្វាគមន៍រាល់ការធ្វើធុរកិច្ច និងការវិនិយោគ ពីសំណាក់ប្រទេសសមាជិកអាស៊ានទាំងអស់ និង គ្រប់បណ្តាភាគី»។
ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ដើម្បីរួមចំណែកក្នុងការឆ្លើយតបនឹងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ, គ្រោះធម្មជាតិ និង ការបំផ្លាញបរិស្ថានជាដើម, កម្ពុជាបានលើក សំណើឲ្យមានការរៀបចំនូវ «កិច្ចព្រមព្រៀងបៃតងអាស៊ាន» សំដៅរួមចំណែកក្នុងការជួយតម្រង់ទិសអាស៊ាន ឆ្ពោះទៅរកអនាគតបៃតងប្រកបដោយចីរភាព និង ភាពប្រកួតប្រជែងខ្ពស់ ក្នុងទិដ្ឋភាពសេដ្ឋកិច្ច។
សម្ដេចតេជោ បានថ្លែងថា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២២, កម្ពុជាសូមផ្ដល់ការគាំទ្រយ៉ាងពេញទំហឹង ចំពោះកិច្ចប្រជុំកំពូលធុរកិច្ច និង វិនិយោគអាស៊ាន។ កម្ពុជាសូមសម្ដែងការប្តេជ្ញាចិត្តក្នុងការសហការ យ៉ាងជិតស្និទ្ធរួមគ្នាជាមួយនឹងប្រទេសសមាជិកអាស៊ាន និង ដៃគូសន្ទនាអាស៊ានទាំងអស់ ដើម្បីដឹកនាំសហគមន៍សេដ្ឋកិច្ចអាស៊ាន ឆ្ពោះទៅរកភាពធន់រឹងមាំ, ចីរភាព, បរិយាប័ន្ន និងភាពប្រកួតប្រជែងខ្ពស់។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានឲ្យដឹងផងដែរថា សម្រាប់កម្ពុជា, ដើម្បីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិឡើងវិញ និងបរិយាប័ន្ន, រាជរដ្ឋាភិបាលបានអនុម័តនូវ «ច្បាប់ស្តីពីវិនិយោគ» ថ្មីមួយ និង បានដាក់ចេញនូវ «ក្រប-ខណ្ឌយុទ្ធសាស្ត្រ និង កម្មវិធីស្តារសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣»។
សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមទៀតរថា រាជរដ្ឋាភិបាល ក៏បាន និងកំពុងបន្តខិតខំបង្កើន ការវិនិយោគលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ, ទាំងរូបវន្ត និង ឌីជីថល; លើកកម្ពស់គុណភាពសេវាឡូជីស្ទីក, បង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ, ជំរុញការអភិវឌ្ឍជំនាញ និងការធ្វើទំនើបកម្មប្រព័ន្ធសន្តិសុខសង្គមជាដើម។
សូមជម្រាបផងដែរថា កិច្ចព្រមព្រៀងអាសិប បានចូលជាធរមាន នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ដោយនឹងក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងការជំរុញកំណើនពាណិជ្ជកម្ម ទំនិញ សេវាកម្ម និងវិនិយោគ កាន់តែធំជាងមុន ជាពិសេសផ្តល់ទីផ្សារបន្ថែមលើមុខទំនិញថ្មី ចំនួនរាប់រយមុខបន្ថែមទៀត សម្រាប់ការនាំចេញពីកម្ពុជា។
ជាមួយគ្នានេះ ក៏បានបន្ថែមពីលើការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង ចំណេះធ្វើ និងជំនាញថ្មីៗ ពីការវិនិយោគបរទេសផ្ទាល់ (FDI) និងការងារថ្មីៗ ជូនប្រជាពលរដ្ឋផងដែរ។
អាសិប មានការចូលរួមប្រទេសចំនួន១៥ រួមមានប្រទេសជាសមាជិកអាស៊ានទាំង១០ និងដៃគូពាណិជ្ជកម្មសេរី ចំនួន៥ទៀត មានអូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងណូវែលហ្សេឡង់ ដែលបានចាប់ផ្តើម បង្កើតដំបូងនៅ ឆ្នាំ២០១២ នៅភ្នំពេញ។
អាសិប ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មធំ នៅក្នុងពិភពលោកដោយមានប្រជាជនប្រមាណ ២ ២០០លាននាក់ ឬ ៣០ភាគរយ នៃប្រជាជនពិភពលោក និង មានទំហំពាណិជ្ជកម្ម ២៨ភាគរយ នៃទំហំពាណិជ្ជកម្មពិភពលោក៕
Post a Comment