ក្រសួងពាណិជ្ជកម្ម រៀបចំកិច្ចពិគ្រោះយោបល់ជាមួយវិស័យឯកជន ស្តីពីការនាំចេញទៅទីផ្សារអេមីរ៉ាតអារ៉ាប់រួម
ភ្នំពេញ:
ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ លោកជំទាវ តឹករ៉េត កំរង
រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម
បានអញ្ជើញដឹកនាំកិច្ចពិគ្រោះយោបល់ជាមួយវិស័យឯកជន
ស្តីពីការពង្រីកទីផ្សារនាំចេញទៅអេមីរ៉ាតអារ៉ាប់រួម
តាមរយៈការចរចាបង្កើតកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ
រវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (Cambodia-United Arab Emirates
Comprehensive Economic Partnership Agreement - "CAM-UAE CEPA")
កាលពីថ្ងៃចន្ទ ៦រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦
ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។
ក្នុងឱកាសនោះ
លោកជំទាវរដ្ឋលេខាធិការ បានគូសបញ្ជាក់អំពីគោលបំណង និងសារៈប្រយោជន៍
នៃការចរចាបង្កើតកិច្ចព្រមព្រៀង CAM-UAE CEPA ដែលនឹងចូលរួមលើកកម្ពស់បរិយាកាស
សេរីភាវូបនីយកម្មផ្នែកពាណិជ្ជកម្ម និងវិនិយោគ
តាមរយៈការបើកច្រកទីផ្សារឱ្យកាន់តែទូលាយ
និងបង្កើនឱកាសវិនិយោគទ្វេភាគីសម្រាប់ផលប្រយោជន៍ទៅវិញទៅមក
ព្រមទាំងធ្វើឱ្យស៊ីជម្រៅទៅលើកិច្ចសហប្រតិបត្តិការ
ក្នុងវិស័យសេដ្ឋកិច្ចផ្សេងៗទៀត។ ជាវឌ្ឍនភាព ការចរចាជុំទី១
បានប្រព្រឹត្តទៅកាលពីថ្ងៃទី២៤-២៦ ខែតុលា ឆ្នាំ២០២២ នៅទីក្រុងអាប៊ុយដាប៊ី
អេមីរ៉ាតអារ៉ាប់រួម ប្រកបដោយលទ្ធផលគួរឱ្យកត់សម្គាល់។
ជាមួយគ្នានេះដែរ
កិច្ចពិគ្រោះយោបល់នេះ មានការពិនិត្យ និងពិភាក្សាអំពីយថាប្រភេទនៃទំនិញ
ដែលមានសក្តានុពលសម្រាប់ធ្វើការនាំចេញទៅកាន់ទីផ្សារ អេមីរ៉ាតអារ៉ាប់រួម
ក្រោមកិច្ចព្រមព្រៀង CAM-UAE CEPA នាពេលអនាគត
អំពីតម្រូវការទីផ្សាររបស់អេមីរ៉ាតអារ៉ាប់រួម
ជាមួយនឹងការបំពេញលក្ខខណ្ឌតម្រូវមួយចំនួន សម្រាប់ផលិតផលនាំចេញ រួមមាន៖
វិធានដើមកំណើតទំនិញ វិធានអនាម័យ និងភូតគាមអនាម័យ របាំងបច្ចេក
ទេសពាណិជ្ជកម្ម និងការបញ្ជាក់វិញ្ញាបនបត្រហាឡាល ជាដើម។
សូមបញ្ជាក់ថា
ពាណិជ្ជកម្មទំនិញរវាង កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម សម្រេចបានក្នុងទំហំ
១៥១លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២១ ជាមួយនឹងកំណើន ៥៣ភាគរយ
បើធៀបនឹងឆ្នាំ២០២០។ មុខទំនិញសំខាន់ៗ សម្រាប់ពាណិជ្ជកម្មទ្វេភាគីរួមមាន៖
សម្លៀកបំពាក់, ស្បែកជើង, កង់, ផលិតផលធ្វើដំណើរ, ថ្នាំជក់, អង្ករ,
បរិធានអគ្គិសនីនិងបង្គុំយានយន្ត, ជ័រកៅស៊ូក្រាលផ្លូវថ្នល់,
ស្ករចម្រាញ់ចេញពីមើមរុក្ខជាតិ, ចំណីសត្វ, ប្រេង, ប្លាស្ទីក, យានយន្ត,
ក្រដាស។ល៕ ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងពាណិជ្ជកម្ម)
Post a Comment