-->


 

អភិបាលខេត្តពោធិ៍សាត់ បើកការដ្ឋានស្ថាបនាផ្លូវបេតុងចំនួន៦ខ្សែ ប្រវែងជាង២៨គីឡូម៉ែត្រ នៅឃុំអូរសោម ស្រុកវាលវែង

(ពោធិ៍សាត់)៖ លោក ​ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងលោកបណ្ឌិត ទី ថានី អនុប្រធានទី១ អាជ្ញាធរអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកវាលវែង នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញបើកការដ្ឋាន ស្ថាបនាផ្លូវបេតុងសំខាន់ៗ នៅក្នុងទីប្រជុំជនឃុំអូរសោម ស្រុកវាលវែង នៃខេត្តពោធិ៍សាត់ ចំនួន៦ខ្សែ មានប្រវែងជាង២៨គីឡូម៉ែត្រ ដោយប្រើប្រាស់កញ្ចប់ថវិកា គុណប្រយោជន៍របស់ខេត្ត។

ពិធីបើកការដ្ឋានផ្លូវបេតុងខាងលើ ត្រូវបានធ្វើឡើងព្រមគ្នាជាមួយពិធីសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ប្រមាណ៥០០នាក់ នៅបរិវេណសាលាបឋមសិក្សាអូរសោម ដោយបានការចូលរួម ពីលោកអភិបាលរងនៃគណៈអភិបាលខេត្ត លោកឧកញ៉ាប្រធានសភាពាណិជ្ជកម្មខេត្ត លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ មន្ត្រីរាជការ និងអាជ្ញាធរមូលដ្ឋានយ៉ាងច្រើនកុះករ។

លោកបណ្ឌិត ទី ថានី ​និងលោក ខូយ រីដា បានថ្លែងស្រដៀងៗគ្នាថា ការស្ថាបផ្លូវលំសំខាន់ៗ នៅក្នុងទីប្រជុំជនឃុំអូរសោម ស្រុកវាលវែង ចំនួន៦ខ្សែ មានប្រវែងជាង២៨គីឡូម៉ែត្រ ឱ្យក្លាយទៅជាផ្លូវបេតុង ដោយពង្រីកទទឹងផ្លូវ២០ម៉ែត្រ និងតួផ្លូវ១០ម៉ែត្រ គឺដើម្បីធានាគុណភាពដល់អ្នកប្រើប្រាស់។ ផ្លូវបេតុង ដែលធ្វើពិធីបើកការដ្ឋាននាពេលនេះ បានប្រើប្រាស់កញ្ចប់ថវិកា គុណប្រយោជន៍របស់ខេត្ត និងទទួលម៉ៅការ ដោយក្រុមហ៊ុនគីស៊ីយូនៀន របស់លោកឧកញ៉ា ទុយ គី ប្រធានសភាពាណិជ្ជកម្មខេត្ត ទៅតាមដំណាក់កាល ជាជំហានៗ។ កត្តាដែលសំខាន់នោះ សូមឱ្យបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងផ្លូវ ដែលមានការប៉ះពាល់របង ផលដំណាំបន្តិចបន្តួចនោះ សូមមេត្តាបើកបេះដូងឱ្យទូលាយ ចូលរួមដោយស្មោះស្ម័គ្រ ដើម្បីយើងទទួលបានផ្លូវលំបេតុងដ៏ល្អនេះ នៅក្នុងភូមិឃុំ ជា​ប្រយោជន៍​រួម និង​បានប្រើប្រាស់ទាំងអស់គ្នា។

ថ្នាក់ដឹកនាំទាំង២បន្ថែមថា នេះគឺជាសមិទ្ធផលថ្មីមួយទៀត បន្ទាប់ពីសមិទ្ធផលនានាជាច្រើន ក្រោមដំបូលសុខសន្តិភាព និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់ជូនប្រជាពលរដ្ឋក្នុងឃុំអូរសោម ស្រុកវាលវែង ក៏ដូចប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ គឺជាការតបស្នងទៅនឹងគុណបំណាច់ ដែល​បានគាំទ្រសម្តេចបន្តដឹកនាំប្រទេស។

លោកបានជម្រាបជូនថា ខេត្តពោធិ៍សាត់គឺជា​ខេត្តមួយក្នុង​ចំណោម២៥រាជធានី-ខេត្ត​ ដែលប្រមុខរាជរដ្ឋាភិបាល បានផ្តោតការយកចិត្តទុកដាក់ ក្នុងការអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធបានច្រើន ដែលបាននឹងកំពុងធ្វើការស្ថាបនាផ្លូវជាតិលេខ១០ ចាប់ពីខេត្តព្រំប្រទល់ខេត្តកោះកុង ឆ្លងកាត់ឃុំអូរសោម ស្រុកវាលវែង រហូតដល់អក្សT ស្រុកសំឡូត ខេត្តបាត់ដំបង ដែលមានប្រវែងជិត២០០គីឡូម៉ែត្រ និងផ្លូវមួយខ្សែទៀត ដែលបានស្ថាបនារួច និងកំពុងដំណើរការចរាចរណ៍សព្វថ្ងៃ គឺផ្លូវជាតិលេខ៥៥ តភ្ជាប់ពីផ្លូវជាតិ៥ ឆ្ពោះទៅ​កាន់​ឃុំថ្មដា ស្រុកវាលវែង ជាប់ជាមួយខេត្តត្រាត ប្រទេសថៃ ដែលមានប្រវែងជិត២០០គីឡូម៉ែត្រ។

ថ្នាក់ដឹកនាំទាំង២ បានជម្រាបជូនដែរថា រដ្ឋបាលខេត្តពោធិ៍សាត់ និងខេត្តត្រាត មានកិច្ចសហការគ្នាបង្កើតផ្សារណាត់មួយកន្លែង នៅព្រំដែន ដើម្បីទទួលទិញ លក់ និងផ្លាស់ប្តូរផលិតផលគ្នាទៅវិញទៅមក ហេតុនេះសូមបងប្អូនខិតខំដាំដំណាំ ដោយប្រើប្រាស់ជីធម្មជាតិពិត ជាមានទីផ្សារទាំងក្នុង និងក្រៅប្រទេស មានប្រាក់ចំណូលច្រើន កាត់បន្ថយភាពក្រីក្រ។

ពាក់ព័ន្ធទៅនឹងការងារសន្តិសុខ សណ្តាប់ធ្នាប់នៅក្នុង​មូលដ្ឋាន ថ្វីត្បិតតែ នៅទូទាំងប្រទេស មានសុខសន្តិភាព​ស្ថេរភាពពេញលេញយ៉ាងណាក៏ដោយ ក៏នៅ​តាមជនបទមួយចំនួន តែងតែកើតមាន អំពើរចោរកម្ម ត្រង់ចំណុចនេះ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមសហការទាំងអស់គ្នា ​ក្នុងការ​លុបបំបាត់ទាំងក្មេងទំនើង គ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ បើមានករណីនេះកើតឡើង ត្រូវផ្តល់ព័ត៌មានដល់អាជ្ញាធរមានសមត្ថកិច្ច និងចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

ក្រោយការចែកជូនវត្ថុកំដរដៃ ដល់ប្រជាពលរដ្ឋ ដែលបានចូលរួមជាង៥០០នាក់ ក្នុងម្នាក់ៗសារុង១នោះរួចមក, ថ្នាក់ដឹកនាំទាំង២ បានឡើងបញ្ជាគ្រឿងចក្រ បើកការដ្ឋានជានិមិត្តរូបចាប់ពីពេលនេះតទៅ។

សូមបញ្ជាក់ថាស្រុកវាលវែង បានបង្កើតឡើងនៅឆ្នាំ១៩៩៨ មាន៥ឃុំ ២០ភូមិ និងភូមិឧបស័ម្ពន្ធ២៣ មានប្រជាពលរដ្ឋ៨,៧៥១គ្រួសារ មនុស្សជាង៣៥ពាន់នាក់ ក្នុងនោះប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២២ ចំនួន៣០,០០៣នាក់ និងចុះឈ្មោះថ្មីបានចំនួន១,៣៧៤នាក់៕


No comments

Powered by Blogger.