អភិបាលខេត្ត អញ្ជើញបើកសិក្ខាសាលាស្តីពីការយល់ដឹង «ការលើកតម្លៃមរតកស្ថាបត្យកម្ម និងការរៀបចំកុ្រង នៅខេត្តបាត់ដំបង»
បាត់ដំបង: ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ នៅថ្ងៃ១១រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាពបើកកម្មវិធីសិក្ខាសាលាស្ដីពីការយល់ដឹង «ការលើកតម្លៃមរតកស្ថាបត្យ កម្ម និងការរៀបចំកុ្រង នៅខេត្តបាត់ដំបង» ដោយសិក្ខាសាលានេះសហការរៀបចំដោយសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សាលាស្ថាបត្យកម្មជាតិជាន់ខ្ពស់ទូលូស៍ និងសាកល វិទ្យាល័យទូលូស៍ហ្សង់ហ្សូរ៉េស សាកលវិទ្យាល័យជាតិបាត់ដំបង ក្រោមការឧបត្ថម្ភដោយស្ថានទូតបារាំងប្រចាំប្រទេសកម្ពុជា តំបន់អុកស៊ីតានីសាធារណរដ្ឋបារាំង និងដៃគូរពាក់ព័ន្ធ ក្រោមការគាំទ្រដោយក្រសួង វប្បធម៌និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តបាត់ដំបង ។
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា រដ្ឋបាលខេត្តបាត់ដំបង និងតំបន់អុកស៊ីតានី នៃសាធារណរដ្ឋបារាំង បានគ្រោងរៀបចំសិក្ខាសាលានេះតាំងពីឆ្នាំ២០១៩មកម្ល៉េះ តែដោយសារតែវិបត្តិនៃជំងឺកូវីដ-១៩ បានធ្វើឱ្យមានការផ្អាកអស់រយៈពេល២ឆ្នាំ។
ឯកឧត្តមបានបន្តថា ការអភិរក្សសំណង់បេតិកភណ្ឌ ក្រុងបាត់ដំបង គឺជាការលើកស្ទួយវិស័យទេសចរណ៍ និងកំណើនសេដ្ឋកិច្ចជាតិក្នុងតំបន់ និងភូមិភាគពាយ័ព្យ នៃប្រទេសកម្ពុជា ខណៈដែលក្រុងបាត់ដំបង មានសំណង់អគារបេតិកភណ្ឌក្នុងក្រុងជាច្រើន ជាពិសេសសំណង់ផ្ទះល្វែង ដែលមានរចនាបថសម័យអាណានិគមបារាំង ដែលភ្ញៀវទេសចរអន្តរជាតិត្រូវការទស្សនា និងសិក្សាឈ្វេងយល់លើសំណង់ទាំងនោះ ។
ទាក់ទងនឹងសិក្ខាសាលានាពេលនេះត្រូវបានឯកឧត្តម សុខ លូ បានចាត់ទុកថា សិក្ខាសាលានេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ខេត្តបាត់ដំបង ជាការបង្ហាញឱ្យឃើញពីលទ្ធផល នៃការសិក្សាស្រាវជ្រាវរបស់សាស្ត្រាចារ្យ និងនិស្សិត ផ្នែកស្ថាបត្យកម្ម និងបុរាណវិទ្យា ដើម្បីលើកតម្លៃ និងផ្សព្វផ្សាយបេតិកភណ្ឌស្ថាបត្យកម្ម និងក្រុង នៅក្នុងខេត្តបាត់ដំបង ។ អង្គសិក្ខាសាលានេះក៏ជាការសិក្សាឈ្វេងយល់បន្ថែម ពីប្រភេទសំណង់បុរាណ នៅក្នុងខេត្តបាត់ដំបងដ៏ល្បីល្បាញរបស់យើង។ យើងដឹងហើយថា ខេត្តបាត់ដំបង មិនត្រឹមតែជាខេត្តជង្រុ កស្រូវ និងសម្បូរដោយសម្បត្តិធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែបន្ថែមលើសម្បត្តិធម្មជាតិដ៏សម្បូរបែប នេះ ខេត្តបាត់ដំបងនូវមានសម្បត្តិវប្បធម៌ប្រវត្តិសាស្ត្រ ដ៏មានតម្លៃមហាសាលជាច្រើនថែមទៀត មានដូចជា៖ សំណង់ប្រាសាទបុរាណ សំណង់ផ្ទះខ្មែរបុរាណ ផ្ទះល្វែង ប្រមាណជាង៨០០ខ្នង ដែលបានបន្សល់ទុកតាំងពីសម័យអាណានិគមបារាំង សំណង់អគាររដ្ឋបាលនានា ផ្សារណាត់ ស្ពានបុរាណ វត្តអារាម និងសំណង់ព្រះវិហារបុរាណ ជាច្រើនកន្លែងផងដែរ ៕ ដោយ ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តបាត់ដំបង)សម្រួលដោយ៖ដារ៉ា
Post a Comment