ស្នងការខេត្តបន្ទាយមានជ័យ ប្រជុំផ្សព្វផ្សាយការងារគ្រប់គ្រង និងការប្រើប្រាស់ហត្ថពលកម្មបរទេសដល់បណ្តាម្ចាស់អាជីវកម្ម ក្នុងខេត្ត



(បន្ទាយមានជ័យ)៖ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយការងារគ្រប់គ្រង និងការប្រើប្រាស់ហត្ថពលកម្មបរទេស ជូនដល់ម្ចាស់អាជីវកម្មនានា ទូទាំងខេត្តបន្ទាយមានជ័យ។

កិច្ចប្រជុំនេះបានធ្វឡើងក្រោមអធិបតីភាពលោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ, លោក នួន ស៊ីណា ប្រធានមន្ទីរការងារនិងបណ្ដុះបណ្ដាលប្រជាជីវៈខេត្ត, លោកឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរងផែនទៅប្រវេសន៍ តំណាងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងការចូលរួមពីសំណាក់កម្លាំងនគរបាលទាំង ៩ស្រុក/ក្រុង ព្រមទាំងម្ចាស់អាជីវករ ពាណិជ្ជករ ម្ចាស់អាជីវកម្មកាស៊ីណូ សណ្ឋាគារ ផ្ទះសំណាក់ បន្ទប់ជួល ភោជនីយដ្ឋាន ក្រុមហ៊ុន សហគ្រាសផ្សេងៗជាច្រើនរូប។

លោកឧត្តមសេនីយ៍ត្រី អេង លីហួរ បានចាត់ទុកថាការផ្សព្វផ្សាយនេះ គឺជាការពង្រឹង និងលើកកម្ពស់ការទទួលខុសត្រូវ ក្នុងការបំពេញការងាររួមគ្នារបស់ក្រសួងស្ថាប័ន អាជ្ញាធរ សមត្ថកិច្ច ពាក់ព័ន្ធក្នុងការគ្រប់គ្រងហត្ថពលកម្មបរទេសឱ្យត្រឹមត្រូវតាមច្បាប់ ដើម្បីការពារផលប្រយោជន៍ស្របច្បាប់ទាំងផលប្រយោជន៍របស់កម្មករនិយោជិតបរទេស និងនិយោជកនៃរោងចក្រ សហគ្រាស ក្រុមហ៊ុននិងមូលដ្ឋានអាជីវកម្មនានាក្នុងប្រទេសកម្ពុជា។

លោក ហុង ប្រកប បានថ្លែងផ្សព្វផ្សាយនេះជាគោលការណ៍ ការគ្រប់គ្រងហត្ថពលកម្មបរទេសនៅព្រះរាជាណាចក្រកម្ពុជា ត្រូវធ្វើឡើងទៅតាមប្រព័ន្ធ និងនីតិវិធីដែលបានកំណត់ក្នុងច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធ និងបានណែនាំពី ឯកសារគតិយុត្ត ការផាកពិន័យក្នុងករណីប្រើប្រាស់ហត្ថពលកម្មបរទេសខុសច្បាប់ផងដែរ៕

No comments

Powered by Blogger.