ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងអ្នកជំនាញផ្នែកចរាចរណ៍ពីររូប ជាទីប្រឹក្សាគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក


(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យត្រាស់បង្គាប់អ្នកជំនាញផ្នែកចរាចរណ៍ពីររូប ជាទីប្រឹក្សាគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឋានៈស្មើអគ្គនាយក។

អតីតបុគ្គលិកអង្គការទស្សនៈពិភពលោកអន្តរជាតិកម្ពុជា និងជាអ្នកជំនាញផ្នែកចរាចរណ៍ ដែលត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាជាទីប្រឹក្សាគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោករួមមាន៖ លោក គឹម សួស្តី និងលោក គង់ សុវណ្ណ។

សូមបញ្ជាក់ថា លោក គឹម សួស្ដី គឺជាអតីត ប្រធាននាយកដ្ឋានមួយរបស់អង្គការ ទស្សនៈពិភពលោកអន្តរជាតិកម្ពុជា ទទួលបន្ទុកគ្រប់គ្រងសន្តិសុខនិងសុវត្ថិភាព របស់បុគ្គលិក និងអចលនទ្រព្យរបស់អង្គការ។ លោក គឹម សួស្ដី ធ្លាប់បានទៅសិក្សា ជំនាញកាត់បន្ថយគ្រោះថ្នាក់ នៅសហរដ្ឋអាមេរិក អូស្ត្រាលី អាល្លឺម៉ង់ សិង្ហបុរី និងនៅប្រទេសថៃ។

ដោយឡែកលោក គង់ សុវណ្ណ ធ្លាប់បានបំពេញមុខងារជាប្រធានគម្រោង និងជាទីប្រឹក្សាបច្ចេកទេសអង្គការសហប្រជាជាតិ និងអន្តរជាតិរួមមាន អង្គការសុខភាពពិភពលោក (WHO) អង្គការសុវត្ថិភាពចរាចរណ៍ផ្លូវគោកសកល (GRSP) សម្ព័ន្ធអន្តរជាតិសម្រាប់ទប់ស្កាត់ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង (IARD)​និងអង្គការវាយតម្លៃសុវត្ថិភាពផ្លូវថ្នល់អន្តរជាតិ​(iRAP)។

លោក គង់ សុវណ្ណ ក៏ជាស្ថាបនិកអង្គការខេមសេហ្វ ហើយក៏ទទួលបានការតែងតាំងជា នាយកគ្រប់គ្រងសម្រាប់គម្រោងតំបន់អាស៊ី របស់មូលនិធិសុវត្ថិភាពអន្តរជាតិ (ISF) ដែលមានការិយាល័យកណ្តាលនៅ ប្រទេសអូស្ត្រាលីផងដែ៕


No comments

Powered by Blogger.