រដ្ឋមន្ត្រី ព្រុំ សុខា អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ខេត្តក្រចេះ
(ក្រចេះ)៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានអញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារ២០២៣ និងឆ្នាំបន្តរបស់រដ្ឋបាលខេត្តក្រចេះ។
ពិធីនេះ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ នៅសាលមហោស្រពខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួមពីលោកទេសរដ្ឋមន្ត្រី លោក លោកស្រី អ្នកតំណាងរាស្ត្រ ព្រមទាំងអស់លោក លោកស្រី លោកប្រធានក្រុមប្រឹក្សាខេត្ត លោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងថ្នាក់ដឹកនាំមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ មេឃុំ ចៅសង្កាត់សរុបអ្នកចូលរួមមានចំនួន ៤០០នាក់។
បន្ទាប់ពីលោក វ៉ា ថន អភិបាលខេត្តក្រចេះ បានធ្វើរបាយការណ៍បូកសរុបពីលទ្ធផលសន្និបាតដែលបានប្រព្រឹត្តទៅអស់រយៈពេល១ថ្ងៃកន្លះរួចមក លោក ព្រុំ សុខា ក្នុងនាមរាជរដ្ឋាភិបាល បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ នៃរដ្ឋបាលខេត្តក្រចេះ ព្រមទាំង លោក លោកស្រីទាំងអស់ ក្នុងសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំរួមគ្នាយ៉ាងសកម្មក្នុងការបំពេញតួនាទីភារកិច្ចបានយ៉ាងល្អប្រសើរ ប្រកបដោយស្មារតីទទួលខុសត្រូវ ដោយបានទទួលការគាំទ្រពីប្រជាពលរដ្ឋដែលធ្វើអោយយើងសម្រេចបាននូវសមិទ្ធផលនានាជាច្រើនគួរឱ្យកត់សម្គាល់។
លោករដ្ឋមន្ត្រីបន្តថា «ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលទទួលបានការចូលរួមគាំទ្រយ៉ាងសស្រាក់សស្រាំរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន បង្កជាកម្លាំងសាមគ្គីជាតិខ្លាំងក្លាប្រយុទ្ធឈ្នះកូវីដ-១៩ បង្កើតភាពធន់រឹងមាំ នាំសង្គមជាតិមកកាន់ប្រក្រតីភាពវិញបានដូចសព្វថ្ងៃ។ ការបើកសេដ្ឋកិច្ចសង្គមជាតិឡើងវិញ ជម្រុញឱ្យកំណើនសេដ្ឋកិច្ចជាតិយើងស្ទុះងើបឡើងវិញក្នុងអត្រាប្រមាណ ៥.៣% ក្នុងឆ្នាំ២០២២ និងប៉ាន់ប្រមាណ ៥.៦% ក្នុងឆ្នាំ២០២៣នេះ»។
ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលខិតខំពុះពារជម្រុញអនុវត្តគោលនយោបាយគាំពារសង្គមដោយបានបើកផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋក្រីក្រ បង្កដោយវិបត្តិជាផលប៉ះពាល់នៃកូវីដ-១៩ ក៏ដូចជាការធ្វើសកម្មភាពការងារសង្គមផ្សេងៗជាប្រយោជន៍ដល់មុខសញ្ញាងាយរងគ្រោះដែលបង្កដោយផលប៉ះពាល់ដទៃទៀត។ល។ សមិទ្ធផលធំមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា គឺការអនុវត្តដ៏ឈ្លាសវៃ ទន់ភ្លន់ នូវគោលនយោបាយការបរទេស ឯករាជ្យ ផ្អែកលើច្បាប់ បានជួយឱ្យកម្ពុជាសម្រេចបានដោយជោគជ័យនូវតួនាទីរបស់ខ្លួនក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធដទៃទៀត នៅក្នុងរាជធានីភ្នំពេញ ហើយដែលបានលើកកម្ពស់មុខមាត់ និងកិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ។
សម្រាប់ឆ្នាំ២០២៣នេះ និងបណ្តាឆ្នាំបន្ត ស្ថិតក្នុងស្ថានភាពនៃការវិវត្តប្រែប្រួលឆាប់រហ័សនិងមិនប្រាកដប្រជានៃស្ថានការណ៍ពិភពលោកដែលបន្តដោយការប្រជែងដណ្តើមឥទ្ធិពលភូមិសាស្ត្រនយោបាយ ការប្រែប្រួលអាកាសធាតុជាសកលនិងការអូសបន្លាយសង្គ្រាមនៅអ៊ុយក្រែន ជាទិសដៅភារកិច្ចបន្ត ដើម្បីពង្រឹងបុព្វហេតុចំពោះមុខ និងយូរអង្វែងរបស់សង្គមជាតិកម្ពុជា គឺសុខសន្តិភាព វឌ្ឍនភាព វិបុលភាពរបស់មនុស្សគ្រប់ជំនាន់ រដ្ឋមន្ត្រីប្រធានក្រុមការងារខេត្តក្រចេះបានលើកឡើងនូវចំណុចសំខាន់ ៥ យ៉ាងដើម្បីជាគតិសម្រាប់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាជន និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក្នុងការដឹកនាំការងាររបស់ខ្លួននោះគឺ៖
ទី១. ការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ដើម្បីរក្សានូវស្ថិរភាពសង្គម ពិសេសស្ថេរភាពនយោបាយ ធានាដោយបន្តអនុវត្តឱ្យកាន់តែជាក់ស្តែងរស់រវើក និងមានប្រសិទ្ធភាពនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីសុខសុវត្ថិភាពសហគមន៍ដែលជាស្នូលនៃសុខសន្តិភាពយូរអង្វែងរបស់សង្គមជាតិ។
ទី២. ការបន្តការងារកែទម្រង់លើវិស័យអាទិភាពជាអាទិ៍៖ រដ្ឋបាលសាធារណៈ វិមជ្ឈការ និងវិសហមជ្ឈការ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រព័ន្ធយុត្តិធម៌ និងតុលាការ...។ល។ ដើម្បីបន្តពង្រឹងភាពធន់សង្គមសម្រាប់ការស្តារ កសាង អភិវឌ្ឍប្រទេសជាតិបន្តទៀត។
ទី៣. ការពុះពារដោះស្រាយរាល់ឧបសគ្គប្រឈមដែលបង្កឡើងដោយកូវីដ-១៩ និងវិបត្តិដទៃៗទៀតជម្រុញកំណើនសេដ្ឋកិច្ច រក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ដើម្បីពុះពារនាំសេដ្ឋកិច្ចសង្គមកម្ពុជារីកចម្រើនដល់កម្រិតស្មើនឹងមុនសម័យកូវីដ។
ទី៤. ការរៀបចំការបោះឆ្នោតជាតិឆ្នាំ២០២៣នេះ ឱ្យដំណើរការល្អប្រសើរ ប្រកបដោយលក្ខណៈប្រជាធិបតេយ្យ សេរី និងគ្មានអំពើអហិង្សា និងមានការចូលរួមគាំទ្រដោយសុឆន្ទៈពិតប្រាកដរបស់ប្រជាជននៅទូទាំងប្រទេស។
ទី៥. ភាពជាអ្នកដឹកនាំល្អ ដើម្បីធានាដល់ជោគជ័យដែលត្រូវផ្តើមចេញពីធនធានមនុស្សល្អ ប្រកបដោយគុណភាព គុណវុឌ្ឍិ និងគុណធម៌ ជានិច្ចកាលបម្រើការងារដោយនវានុវត្តន៍ និងបុរេសកម្ម។
ជាចុងបញ្ចប់ លោករដ្ឋមន្ត្រី ព្រុំ សុខា ក៏បានផ្តល់កិត្តិយសបំពាក់គ្រឿងឥស្សរិយយស មេដាយការងារ និងប័ណ្ណសរសើរជូនដល់មន្ត្រីរាជការដែលមានស្នាដៃក្នុងការបម្រើការងារនៅក្នុងរដ្ឋបាលខេត្តក្រចេះផងដែរ
Post a Comment