សម្តេចតេជោ ហ៊ុន សែន អរគុណមិត្តចិន ដែលបានផ្តល់នូវពហុកីឡដ្ឋានដ៏ស្រស់ស្អាត និងរឹងមាំ សម្រាប់កម្ពុជារៀបចំព្រឹត្តិការណ៍ស៊ីហ្គេម

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលបានផ្តល់អំណោយនូវពហុកីឡដ្ឋានមរតកតេជោដ៏ស្រស់ស្អាត និងរឹងមាំ ដែលជាឱកាសសម្រាប់កម្ពុជារៀបចំព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម។ សម្តេចតេជោ ថ្លែងបែបនេះ ក្នុងឱកាសសម្តេចអញ្ជើញជាអធិបតីក្នុងពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ឆ្នាំ២០២៣នារាត្រីថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២៣ នៅវិមានពហុកីឡដ្ឋានជាតិមរតកតេជោ ។

សម្តេចតេជោ មានប្រសាសន៍យ៉ាងដូច្នេះថា៖«ខ្ញុំ ក៏សូមយកឱកាសនេះ អរគុណចំពោះរដ្ឋាភិបាល ប្រជាជនចិន ជាពិសេស ឯកឧត្តម ប្រធានាធិបតីចិន ស៊ីជីងភីង ដែលបានជួយកសាងពហុកីឡដ្ឋាននៅទីនេះ សម្រាប់ការប្រើប្រាស់ពិធីបើក ពិធីបិទ ការប្រកួត និងការប្រើប្រាស់តកូនតចៅទៅថ្ងៃក្រោយ ។»

ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាជំនួយរបស់មិត្តចិន ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលមានចម្ងាយ ១២គីឡូម៉ែត្រពីវត្តភ្នំ សាងសង់លើផ្ទៃដីទំហំជាង ៨៥ហិកតា។

សម្រាប់ការសាងសង់ ឈរលើទស្សនទានបៃតង «Green Sports» ដោយមានសំណង់អគារតែ ៣០ភាគរយប៉ុណ្ណោះ ហើយ ៧០ភាគរយ ជាតំបន់បៃតង មានដូចជាដើមឈើ ស្មៅ និងទឹក...ហើយក៏មានការកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនី ដោយប្រើប្រាស់បច្ចេកទេសរចនាប្លង់ ដែលមានខ្យល់ចេញចូល និងពន្លឺព្រះអាទិត្យចេញចូលគ្រប់កន្លែង៕ អត្ថបទ៖ វិទ្យុជាតិកម្ពុជា, ផ្សាយដោយ៖ កន ចំណាន

No comments

Powered by Blogger.