ថ្នាក់ដឹកនាំសមាគមរាជសីហ៍ អញ្ជើញជាអធិបតីពិធី ប្រកាសតែងតាំង ថ្នាក់ដឹកនាំសមាជិក សិស្ស និងនិសិ្សតអាហាររូបករណ៍ ជាង៧០០នាក់ នៃ សមាគមរាជសីហ៍ សាខាខេត្តកំពត

កំពត៖ ឯកឧត្តម ស៊ូម សារឿន អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណះ និងជាប្រធានសមាគមរាជសីហ៍ និង ឯកឧត្តម ទេព យុទ្ធី សមាជិកព្រឹទ្ធសភា ជាប្រធានក្រុមប្រឹក្សាយោបល់សមាគម អមដំណើរដោយថ្នាក់ដឹកនាំសមាគម បានអញ្ជើញជាអធិបតីពិធីប្រកាសតែងតាំងថ្នាក់ដឹកនាំ និងសមាជិក សមាជិកា សិស្ស និសិ្សតអាហារូបករណ៍  និងអនុសាខា នៃសមាគមរាជសីហ៍ខេត្តកំពត នៅរសៀល ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ នៅសាលាខេត្តកំពត។

ពិធីនេះមានការ អញ្ជើញចូលរួមពី ឯកឧត្តម ខៀវ រិទ្ធិភ័ណ្ឌ អភិបាលរងខេត្តកំពត ជាតំណាង ឯកឧត្តម ម៉ៅ ធនិន្ទ អភិបាលនៃគណៈអភិបាលខេត្តកំពត និង សមាជិក សរុបជាង៥០០នាក់។

លោក ឱ សំអែល និង លោក ម៉ាត់ ណើសៀត អគ្គលេខាររងសមាគម បានអានសេចក្តីសម្រេចតែងតាំង លោក ឈឹម ម៉ៅ ជាអគ្គលេខាធិការរងសមាគម និង ជាប្រធានសមាគមរាជសីហ៍សាខាខេត្តកំពត និង ឯកឧត្តម លី សារី ជាអនុប្រធានប្រឹក្សាយោបល់សមាគម និងជាប្រធានក្រុមប្រឹក្សាយោបល់សាខាខេត្តកំពត ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា តាមអនុសាខាស្រុក ក្រុង និងឃុំ សង្កាត់ ក្នុងខេត្តកំពត សរុបជាង៧០០នាក់។

បន្ទាប់ពីត្រូវបានប្រកាសតែងតាំងថ្នាក់ដឹកនាំនៃសមាគមរាជសីហ៍សាខាខេត្តហើយនោះ  លោក ឈឹម ម៉ៅ បានឡើងថ្លែងអំណរគុណ និង ប្តេជ្ញាចិត្តចំពោះគណៈអធិបតី និងអង្គពិធី បន្តខិតខំអនុវត្ត តួនាទី ភារកិច្ច ដឹកនាំ សម្របសម្រួល កៀរគរថវិកា និងការចូលរួមពីយុវជន រួមទាំងបន្តស្វែងរកអាហារូបករណ៍ ដើម្បីផ្តល់ជូនដល់យុវជននៅខេត្តកំពត ។សូមគោរពតាមលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុងសមាគម ជាពិសេស សូមគាំទ្រ សម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និង សូមគាំទ្រយ៉ាងពេញទំហឹង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត។

បន្ទាប់ពីការប្តេជ្ញាចិត្តរួចមក ឯកឧត្តម ទេព យុទ្ធី ប្រធានក្រុមប្រឹក្សាយោបល់សមាគមរាជសីហ៍ បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តកំពត ដែលតែងតែជួយគាំទ្រជានិច្ចទៅលើសកម្មភាព របស់សមាគមរាជសីហ៍ នៅក្នុងទឹកដីខេត្តកំពត។ ឯកឧត្តមបានថ្លែងបន្តថា សមាគមយើងបង្កើតឡើងស្របតាមច្បាប់ រដ្ឋធម្មនុញ្ញ ដែលប្រជាពលរដ្ឋខ្មែរគ្រប់រូប ទាំងព្រះសង្ឃ ខ្មែរឥស្លាម និង គ្រិស្តសាសនិក មានសិទ្ធិបង្កើតនិងចូលរួមក្នុងសមាគម ជាក់ស្តែងសមាគមយើងមានគ្រប់សមាសភាព ក្នុងនាមជាគ្រួសារខ្មែរតែមួយ។

ឯកឧត្តមប្រធាន ថ្លែងពីគោលបំណងសមាគមគឺ ធ្វើការងារ សប្បុរសធម៌ និងមនុស្សធម៌ ជួយជនរងគ្រោះ និង ងាយរងគ្រោះ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល អភិវឌ្ឍសេដ្ឋកិច្ច សង្គមឱ្យកាន់តែប្រសើរឡើង ដោយត្រូវធ្វើសកម្មភាពប្រកបដោយ គុណភាព សីលធម៌ សច្ចះធម៏ និងត្រូវរៀបចំផែនការ រួចអនុវត្ត រួមសាមគ្គីគ្នាធ្វើសកម្មភាពអោយបានជាប្រចាំ។

ឯកឧត្តមប្រធានបានថ្លែងការកោតសរសើភាពប៉ិនប្រសព្វរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការដឹកនាំអភិវឌ្ឍន៍ប្រទេស ជាពិសេស ភាពជោគជ័យនៃការប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺកូវីដ១៩។

ក្នុងការអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រកាសតែងតាំងថ្នាក់ដឹកនាំ សមាជិក សមាជិកាសមាគមរាជសីហ៍ខេត្តកំពត ឯកឧត្តម ខៀវ រិទ្ធិភ័ណ្ឌ ជាតំណាងឯកឧត្តម ម៉ៅ ធនិន្ទ អភិបាលខេត្តកំពត បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខទៅដល់ថ្នាក់ដឹកនាំសមាគមរាជសីហ៍ ជាពិសេសសមាគមរាជសីហ៍សាខាខេត្តកំពត ដែលបានជួយកិច្ចការងារសង្គម និងសកម្មភាពមនុស្សធម៍ និងសកម្មភាពផ្សេងៗទៀតជាច្រើននៅក្នុងខេត្តកំពត ។ 

ឯកឧត្តមបានបន្តថា រាល់សកម្មភាពទាំងអស់របស់សមាគមរាជសីហ៍សាខាខេត្តកំពត រដ្ឋបាលខេត្តកំពតគាំទ្រទាំងស្រុង និងបើមានអ្វីដែលត្រូវការអោយរដ្ឋបាលខេត្តជួយ រដ្ឋបាលខេត្តកំពតនឹងជួយជានិច្ចហើយបន្តគាំទ្រជារាងរហូត។

នៅក្នុងឱកាសនោះដែរ ឯកឧត្ដម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ សម្តែងការអបអរសាទរចំពោះថ្នាក់ដឹកនាំ និងសមាជិកសាខាខេត្តកំពតដែលទើបទទួលបានការតែងតាំងថ្មី។ 

ឯកឧត្ដមប្រធានសូមកោតសរសើរ លោកឈឹម ម៉ៅ ក្នុងការដឹកនាំធ្វើសកម្មភាពមនុស្សធម៍ សកម្មភាពកីឡា ការសម្របសម្រួលកៀរគរថវិកានៅក្នុងស្រុកក្រៅស្រុក និងរកអាហារូបករណ៍ផ្តល់ទៅអោយយុវជន ជាច្រើនទៀតនៅក្នុងសមាគមរាជសីហ៍សាខាខេត្តកំពតនាពលកន្លងមក។ សមាគមរាជសីហ៍សាខាខេត្តកំពត បានចំណាយថវិកា៣៤ម៉ឺនដុល្លារ ក្នុងការធ្វើការងារសង្គម តាំងពីឆ្នាំ២០២១ដល់ឆ្នាំ២០២៣។ 

ឯកឧត្ដមប្រធានគាំទ្រការប្តេជ្ញាចិត្តរបស់លោកប្រធានសាខា និងស្នើអោយរៀបចំការប្រជុំជាមួយថ្នាក់ដឹកនាំរបស់ខ្លួនរាងរាល់ខែ។

ជាទីបញ្ចប់ ឯកឧត្តម ស៊ូម សារឿន បានជូនពរដល់ថ្នាក់ដឹកនាំនិងសមាជិកសមាជិកាទាំងអស់ជួបប្រទះតែសេចក្តីសុខ សុភមង្គលក្នុងក្រុមគ្រួសារ ជាពិសេសសូមអោយបវាសជៀសឆ្ងាយពីជំងឺកូវីត១៩គ្រប់ៗគ្នា៕












No comments

Powered by Blogger.