ឯកឧត្តម គួច ចំរើន អញ្ជើញប្រជុំបិទផ្សាយទិន្នន័យជាសាធារណ: នូវឯកសារ នៃការវិនិច្ឆ័យស្ថិតនៅភូមិឫទ្ធី២ ឃុំកែវផុស


ព្រះសីហនុ:ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ រសៀលថ្ងៃពុធ ១២កើត ខែជេស្ឋ ឆ្នាំថោះ ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញប្រជុំបិទផ្សាយទិន្នន័យជាសាធារណ: នូវឯកសារ នៃការវិនិច្ឆ័យស្ថិតនៅភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នៅបរិវេណវត្តកែវផុស ដោយមានការចូលរួមពីប្រធានមន្ទីរ អង្គភាព អាជ្ញាធរស្រុកស្ទឹងហាវ អាជ្ញាធរឃុំកែវផុស និងបងប្អូនប្រជាពលរដ្ឋ ។

លោក សៅ បុរីវឌ្ឍន: អភិបាលស្រុកស្ទឹងហាវ បានស្វាគមន៍ការបិទផ្សាយទិន្នន័យជាសាធា រណ:នូវឯកសារ នៃការវិនិច្ឆ័យភូមិឫទ្ធី២ ដែលក្រុមការងារបច្ចេកទេស បានធ្វើការវាស់វែងមានចំនួន ១ ៧៦៣ក្បាលដី ដែលបានប្រកាសជាតំបន់វិនិច្ឆ័យនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ក្នុងដំណើរការនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រពន្ធ័នេះ វាមានសារៈប្រយោជន៍ ក្នុងការកាន់កាប់ដីធ្លីស្របច្បាប់។ យើងសង្ឃឹមថា ប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដី និងអ្នកកាន់កាប់ដីទាំងអស់ នឹងទទួលបានប័ណ្ណកម្មសិទ្ធិ និងក្លាយជាម្ចាស់ដីពិតប្រាកដ មានសិទ្ធិស្របច្បាប់ក្នុងការកាន់កាប់ ប្រើប្រាស់ អាស្រ័យផលតាមតម្រូវការ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសចេញនូវគោលនយោ បាយដីធ្លី ក្នុងគោលបំណងពង្រឹងសុវត្ថិភាព នៃការកាន់កាប់ដីធ្លី ទីផ្សារដីធ្លី ទប់ស្កាត់ការទំនាស់ដីធ្លីនៅមូលដ្ឋាន។​

លោក ចេង ស្រុង ប្រធានមន្ទីរដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានរាយការណ៍ស្ដីពីបិទផ្សាយទិន្នន័យ ស្ថិតនៅភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ រយ:ពេល១៥ថ្ងៃ គឺចាប់ពីថ្ងៃ៣១ ខែឧសភា រហូតដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ។ មន្ត្រីរបស់យើងបានសម្រេចវាស់វែងក្បាលដីសរុបចំនួន ១៧៦៣ក្បាលដី (ក្បាលដីដែលគ្មានទិន្នន័យ ៣១១ក្បាលដី) ព្រមទាំងបានប្រជុំកាត់ចំណីផ្លូវ, អូរ, ប្រឡាយ, រួចរាល់ តាមការប្រជុំសម្រេចរបស់គណ:កម្មការរដ្ឋបាល។ ការបិទផ្សាយនាពេលនេះ ដើម្បីធានាថា ទិន្នន័យមានភាពត្រឹមត្រូវទាំងលក្ខណ:បច្ចេកទេស លក្ខណ:ច្បាប់ ទុកឱកាសឱ្យអ្នកកាន់កាប់ដី និងអ្នកពាក់ព័ន្ធអាចធ្វើការពិនិត្យ ផ្ទៀងផ្ទាត់ ស្នើសុំកែតម្រូវ ជំទាស់តវ៉ា លើទិន្នន័យដែលមាននៅក្នុងឯកសារ នៃការវិនិច្ឆ័យ។​

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអបអរសាទរការបិទផ្សាយទិន្នន័យនៅភូមិឫទ្ធី២ នាពេលនេះ ដំណើរការកំណត់តំបន់វិនិច្ឆ័យមកដល់ពេលនេះ មានជាង៣ឆ្នាំហើយ នេះជាដំណាក់កាលទី៣ នៃការបិទផ្សាយមានរយ:ពេល ១៥ថ្ងៃ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋធ្វើការកែតម្រូវតាមឯកសារយោង សូមអ្នកមានការពាក់ព័ន្ធចូលរួមបំពេញឯកសារ និងចូលរួមផ្តិតមេដាយព្រំឱ្យបានគ្រប់គ្នា។​

ឯកឧត្តមអភិបាលខេត្ត បញ្ជាក់ថា ភូមិឫទ្ធី២ មានការយឺតយ៉ាវ នៃការប្រជុំបិទផ្សាយទិន្នន័យជាសាធារណ: នូវឯកសារនៃការវិនិច្ឆ័យ ដោយសារមានបញ្ហាពីរគឺ ទី១- ទាក់ទងការចុះបញ្ជីដោយ សារជំងឺកូវីដ-១៩ ។ ទី២- ប្រជាពលរដ្ឋមានការប្ដឹងជំទាស់ច្រើនមករដ្ឋបាលខេត្តព្រះសីហនុ ហើយពេលនេះអ្នកអត់មានបណ្តឹង យើងនឹងចេញប័ណ្ណជូនពួកកាត់ ។ ដូច្នេះត្រូវខិតខំសម្របសម្រួលគ្នាដោះស្រាយទំនាស់ ឱ្យបានលឿន ឆាប់តាមអ្វីធ្វើបាន។​

ឯកឧត្តម បានបន្តថា រដ្ឋបានធ្វើការបែងចែកដីធ្លី ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ឆ្នាំ១៩៨៩ ហើយចាប់ពីឆ្នាំ២០០២ រាជរដ្ឋាភិបាលបានរៀបចំច្បាប់ភូមិបាល ក្នុងការគ្រប់គ្រងដីធ្លី មិនអនុញ្ញាតឱ្យមានការទន្ទ្រានដីរដ្ឋ អនាធិបតេយ្យបន្តទៀតទេ អ្នកចាប់ ឬទន្ទ្រានដីធ្លីរបស់រដ្ឋត្រូវមានទោស។ តាមគោលនយោបាយរបស់រាជរដ្ឋាបាល ជំរុញការចុះបញ្ជីដីធ្លី ជូនប្រជាពលរដ្ឋឱ្យបានលឿន ឆាប់ ដើម្បីកាត់បន្ថយទំនាស់ ព្រមទាំងបង្កភាពងាយស្រួលដល់បងប្អូនជាម្ចាស់ក្បាលដីអាចយកប័ណ្ណទៅប្រើប្រាស់ ដូចជា លក់, ដាក់បញ្ចាំ, ឬអំណោយទៅកូន ចៅស្របតាមច្បាប់ ។ ខេត្តព្រះសីហនុ ក៏កំពុងជំរុញការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ឱ្យបានចប់នៅឆ្នាំ២០២៣នេះផងដែរ ដែលបច្ចុប្បន្នយើងធ្វើការចុះបញ្ជីដីធ្លី ជូនប្រជាពលរដ្ឋបានចំនួន ៩៧ភូមិ ក្នុងចំណោមភូមិទាំង ១១១ នៅក្នុងខេត្តព្រះសីហនុ។​ឯកឧត្តម គួច ចំរើន សង្ឃឹមថា បងប្អូនប្រជាពលរដ្ឋនៅភូមិឫទ្ធី២ បន្តការយកចិត្តទុកដាក់ផ្ទៀងផ្ទាត់ កែតម្រូវទិន្នន័យបានលឿន ឆាប់ និងការសម្របសម្រួលដោះស្រាយទំនាស់ដីធ្លី និងរួមគ្នាខិតខំរកស៊ីទទួលទានមានបាន ហើយទទួលបានប័ណ្ណកម្មសិទ្ធិស្របច្បាប់នាពេលខាងមុខទាំងអស់គ្នា ៕

No comments

Powered by Blogger.