អភិបាលរងខេត្តព្រះសីហនុ អញ្ជើញចូលរួមអបអរសារទរខួប២០ឆ្នាំ នៃបេសកកម្មមនុស្សធម៌របស់អង្គការម្លប់តាប៉ាង និងទិវាកុមារអន្តរជាតិលើកទី៧៤ នៅមណ្ឌលអង្គការម្លប់តាប៉ាង
ព្រះសីហនុ ៖ នៅព្រឹកថ្ងៃព្រហស្បតិទី១ ខែមិថុនា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញចូលរួមអបអរសារទរខួប២០ឆ្នាំ នៃបេសក កម្មមនុស្សធម៌របស់អង្គការម្លប់តាប៉ាង និងទិវាកុមារអន្តរជាតិលើកទី៧៤ នៅមណ្ឌលអង្គការម្លប់តាប៉ាង ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកជំទាវសមាជិកក្រុម ប្រឹក្សាខេត្ត ប្រធានមន្ទីរ អង្គភាព អង្គការដៃគូ និងអណាព្យាបាលកុមារ។
លោកស្រី រ័ត្ន ច័ន្ទផល្គុណ នាយិកាអង្គការម្លប់តាប៉ាងបានស្វាគមន៍ខួប ២០ឆ្នាំ នៃបេសកកម្មមនុស្សធម៌របស់អង្គការម្លប់តាប៉ាង និងទិវាកុមារអន្តរជាតិលើកទី៧៤នាពេលនេះ អង្គការម្លប់តាប៉ាងបានចាប់ផ្តើមដំបូងដោយអ្នកស្ម័គ្រចិត្តខ្មែរ និងបរទេសមួយក្រុមតូចនៅឆ្នាំ២០០៣ ក្នុងគោលបំណងរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ និងកសាងធនធាន មនុស្ស ក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅខេត្តព្រះសីហនុ ក្នុងនាមជាអង្គការការពារសិទ្ធិកុមារបានបំពេញការងារមនុស្សធម៌ ផ្តល់សេវាសង្គម ជួយដល់កុមារងាយរងគ្រោះ រងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេ។
ឆ្នាំ២០២៣ គឺជាឆ្នាំ ទី២០ នៃការអនុវត្តគម្រោងបេសកកម្មមនុស្សធម៌របស់យើង និងកំពុងបន្តឆ្ពោះទៅមុខតាមរយៈការផ្តល់សេវាកម្មជាច្រើនស្របទៅតាមតម្រូវការរបស់កុមាររងគ្រោះ ងាយរងគ្រោះនិងគ្រួសាររបស់ពួក គេដូចជា៖ ការអប់រំ សិល្បៈ និងកីឡា ការបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈ ការពិគ្រោះយោបល់ បំណិនជីវិត ការថែទាំសុខភាព អាហារូបត្ថម្ភ ការកាត់បន្ថយគ្រោះថ្នាក់គ្រឿងញៀន និងសុរា យើងមានមណ្ឌលសុវត្ថិភាពស្នាក់នៅបណ្ដោះ អាសន្នថែទាំជំនួសនៅ ក្នុងសហគមន៍ ចលនាសុវត្ថិភាពកុមារ ការការពារកុមារពីការរំលោភបំពានផ្សេងៗគ្រប់រូបភាព និងការផ្សព្វផ្សាយពីសិទ្ធិកុមារ ការរួមចំណែកការពារ និងលើកកម្ពស់សិទ្ធិកុមារ ដើម្បីឱ្យពួកគេទទួលបានសិទ្ធិពេញលេញដូចមានចែងក្នុងច្បាប់ជាតិ និងអន្តរជាតិ។
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានធ្វើការសំណេះសំណាល និងអបអរសាទរខួបទី២០ របស់អង្គការម្លប់តាប៉ាង បានជួយបណ្តុះ បណ្តាល អប់រំកុមារតូចនៅក្នុងខេត្តព្រះសីហនុ ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអង្គការម្លប់តាប៉ាង បានចូលរួមចំណែកពូនជ្រំតម្រង់ទិសកុមាររងគ្រោះ ងាយរងគ្រោះ និងធ្វើ ការអប់រំបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈ ការពិគ្រោះយោបល់បំណិនជីវិត ការថែទាំសុខភាព អាហារូប ត្ថម្ភ ការកាត់បន្ថយគ្រោះថ្នាក់គ្រឿងញៀនជាដើម នេះជាការយកចិត្តទុកដាក់ខ្ពស់ពីបុគ្គលិកលោកគ្រូ អ្នកគ្រូ និងថ្នាក់ដឹកនាំរបស់អង្គការម្លប់តាប៉ាងដែល បានចូលរួមយ៉ាងសកម្ម ហើយថ្ងៃនេះ គឺជាគម្រប់ខួបលើកទី២០ នៃការបង្កើតអង្គការម្លប់តាប៉ាង ដោយឈរលើស្មារតី និងឧត្តមគតិរបស់លោកគ្រូ អ្នកគ្រូបានជួយបណ្តុះបណ្តាលកុមារតូចចេញពីតំបន់ដែលគ្មានការអប់រំ តំបន់ដែលមានបញ្ហាប្រឈម ការអភិវឌ្ឍសមត្ថភាព មិនអាចកាត់ផ្តាច់ពីកុមារតូចទាំងនេះបានទេ សូមអគុណអណាព្យាបាលដែលបានបញ្ជូនកូនមករៀនសូត្រទទួលបានបំណិនជីវិតថ្មីៗ និង
ធ្វើសមាហរណកម្មចូលទៅក្នុងសហគមន៍វិញ ហើយការលះបង់របស់អង្គការវាមានសារៈសំខាន់ណាស់ក្នុងការអប់រំប្អូនៗ ដូច្នេះត្រូវធ្វើការត្រង់ត្រាប់របស់លោកគ្រូ អ្នកគ្រូ ធ្វើជាពលរដ្ឋល្អ កូនល្អរស់នៅក្នុងសង្គមប្រកប ដោយភាពថ្លៃថ្នូ រាជរដ្ឋាភិបាលត្រូវការកសាងធនធានមនុស្សដែលមានគុណភាព គុណតម្លៃក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិ ហើយខេត្តព្រះសី ហនុ ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ជម្រុញការអភិវឌ្ឍបង្កើនកំណើនសេដ្ឋកិច្ចសង្គម ព្រមទាំងបានស្មើសុំឱ្យអង្គការម្លប់តាប៉ាង អង្គការដៃគូរពាក់ព័ន្ធ និងក្រុមគ្រួសារ មិត្តភក្តិរបស់យើងគាំទ្រផ្ដល់ទំនុកចិត្តមកកាន់យើងទាំងអស់គ្នា និងសូមអរគុណដល់ក្រុមស្ម័គ្រចិត្តដែលបានចូលរួមជាមួយ និងចលនាសុវត្ថិភាពកុមារ ក្នុងការការពារកុមារពីការរំលោភបំពានផ្សេងៗ។ សូមឪពុកម្តាយ អាណាព្យាបាលកុមារសហការជាមួយបុគ្គលិកអង្គការម្លប់តាប៉ាងលើកទឹកចិត្តឱ្យកូនចៅ មកទទួលសេវាកម្មផ្សេងៗ ដែលអង្គការផ្តល់ជូនពួកគាត់ទៅតាមតម្រូវការចាំបាច់ ក្នុងគោលបំណងចង់ឃើញកុមារទាំងអស់រស់នៅជាមួយក្រុមគ្រួសារ និងសហគមន៍មានសុខភាពល្អ សុវត្ថិភាព គ្មានការរើសអើង មានការអប់រំក្លាយជាពលរដ្ឋល្អ នឹងមានជម្រើសវិជ្ជមាននៅថ្ងៃអនាគតជាជាងឱ្យកុមារដើររកប្រាក់ចំណូលនៅទីកន្លែងដែលគ្មានសុវត្ថិភាព ខកខានចូលរៀនសូត្រ។
ក្នុងឱកាសនោះលោក ឡុង ឌីម៉ង់ ក៏បានប្រគល់ព្រះរាជក្រឹត្យ ស្តីពីការតែងតាំងត្រាស់បង្គាប់មាត្រា១: ផ្ដល់សញ្ជាតិខ្មែរ ដោយសញ្ជា តូបនីយកម្មដល់លោកស្រី ម៉ាការរ៉េត អ៉ីលីហ្សាបេត ជេន អីណូ (MARGARET ELIZABETH JANE ENO) ជនជាតិអង់គ្លេស សញ្ជាតិអង់គ្លេស កើតថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ១៩៧១ នៅទីក្រុងឡុង ប្រទេសអង់គ្លេស៕ ដោយ៖មន្ទីរព័ត៌មានខេត្តព្រះសីហនុ
Post a Comment