មន្រ្ដីជាន់ខ្ពស់ក្រសួងព័ត៌មាន ជំរុញឱ្យប្រធានមន្ទីរព័ត៌មានថ្មីខេត្តកំពត ពង្រឹងសាមគ្គីភាពផ្ទៃក្នុង ដើម្បីបន្តបំពេញរាល់ភារៈកិច្ចឱ្យសម្រេចបានលទ្ធផលល្អ


ថ្នាក់ដឹកនាំក្រសួងព័ត៌មាន បានជំរុញលើកទឹកចិត្ត ឱ្យលោកស្រី ប៉ូ ចាន់រស្មី ប្រធានមន្ទីរព័ត៌មានថ្មី ប្រចាំខេត្តកំពត ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង ឱ្យបានរឹងមាំ ពិសេសចាំបាច់ត្រូវតែមានកិច្ចសហការល្អ ជាមួយថ្នាក់ដឹកនាំមន្ទីរ និងមន្រ្តី ក្នុងអង្គភាព ទាំងអស់ ដើម្បីបន្តបំពេញរាល់ភារៈកិច្ច និងជំនាញ នីមួយៗ ឱ្យសម្រេចបានលទ្ធផលល្អ។

ឯកឧត្តម ថាច់ ផែន រដ្ឋលេខាធិការ និងជាតំណាង ឯកឧត្តម ខៀវ កាញារិទ្ធី រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជំរុញដូច្នេះក្នុងឱកាសអញ្ជើញចូលរួមពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរព័ត៌មានខេត្តកំពត នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ នៅរដ្ឋបាលខេត្តកំពត។

ឯកឧត្ដម បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ កិច្ចខិតខំប្រឹងប្រែងបំពេញកិច្ចការងារ បានយ៉ាងល្អ របស់លោក អោក សំណាង អតីតប្រធានមន្ទីរព័ត៌មានខេត្តកែប ដែល ត្រូវទៅកាន់ភារកិច្ចថ្មី តែបានបន្សល់ទុកនូវស្នាដៃ និងលទ្ធផលការងារជាច្រើន ។ តាមរយៈប្រធាន មន្ទីព័ត៌មានថ្មី ខេត្តកំពត គឺមានភារកិច្ច និងការទទួលខុសត្រូវច្រើនដែលធ្វើបន្តទៅមុខទៀត ហើយប្រធានមន្ទីរ គឺជាផ្នែកមួយនៃ មន្រ្តីព័ត៌មាន ជាអ្នកធ្វើទំនាក់ទំនងជាមួយអ្នកសារព័ត៌មាន ដើម្បីផ្សព្វផ្សាយនៅពេលមាន បញ្ហាអ្វីមួយកើត ឡើង គឺអាចបកស្រាយពន្យល់ទៅប្រជាពលរដ្ឋ វិញបានឆាប់រហ័ស ថាតើរឿងនេះមកពីមូលហេតុអ្វី ដើម្បីកុំឲ្យមានការយល់ច្រឡំ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម រដ្ឋលេខាធិការបានជំរុញលើកទឹកចិត្ត ឱ្យប្រធានមន្ទីរព័ត៌មានថ្មី ខេត្តកំពត ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង ឱ្យបាន រឹងមាំ ពិសេសចាំបាច់ត្រូវតែមានកិច្ចសហការល្អ ជាមួយថ្នាក់ដឹកនាំមន្ទីរ និងមន្រ្តី ក្នុងអង្គភាព ទាំងអស់ដើម្បីបន្តបំពេញរាល់ភារៈកិច្ច និងជំនាញ នីមួយៗឱ្យសម្រេចបានលទ្ធផលល្អ ថែមទៀត ពិសេសធ្វើឱ្យវិស័យព័ត៌មាន និង សោតទស្សន៌ ក្នុងខេត្ត កាន់តែរីកចម្រើន។

នៅក្នុងឱកាសនេះដែរ លោកស្រី ប៉ូ ចាន់រស្មី បានឡើងធ្វើការប្តេជ្ញាចិត្ត សូមគោរពនិងអនុវត្តឱ្យបាន ខ្ជាប់ខ្ជួននូវរដ្ឋធម្មនុញ្ញ លិខិតបទដ្ឋានគតិយុត្ត និងច្បាប់ទាំងឡាយរបស់ព្រះរាជាណាចក្រកម្ពុជា។ លោកស្រី ប្តេជ្ញាបន្តអនុវត្ត គោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសតាមការណែនាំរបស់ ក្រសួងព័តមាន និងរដ្ឋបាលខេត្ត។ បន្តរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង និង រក្សាទំនាក់ទំនង សហការល្អ ជាមួយបណ្តាមន្ទីរ/អង្គភាពជុំវិញខេត្ត លើគ្រប់វិស័យ ។ បន្តយកចិត្តទុកដាក់ចំពោះ ការងារលើកកម្ពស់ វិស័យព័តមាន ឱ្យកាន់តែប្រសើរឡើងថែមទៀត ពិសេស ខិតខំយកចិត្តទុកដាក់បង្កើនសមត្ថភាពបន្ថែម និងបទពិសោធន៍ ធ្វើយ៉ាងណាឱ្យការអនុវត្តន៍តួនាទី ភារកិច្ចកាន់តែមានប្រសិទ្ធភាពខ្ពស់៕ 

No comments

Powered by Blogger.