រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា អនុញ្ញាតឱ្យរដ្ឋមន្រ្តីពាណិជ្ជកម្មអន្តរជាតិ អេមីរ៉ាតអារ៉ាប់រួម ចូលជួបពិភាក្សាការងារ
ភ្នំពេញ៖ ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តមបណ្ឌិត ថានី ប៊ីន អាម៉េត អាល់ ហ្សេយូឌី (Thani bin Ahmed Al Zeyoudi) រដ្ឋមន្រ្តីពាណិជ្ជកម្មអន្តរជាតិអេមីរ៉ាតអារ៉ាប់រួម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីពិនិត្យលើលទ្ធភាពក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសវិស័យពាណិជ្ជកម្ម និងវិនិយោគ ឱ្យកាន់តែប្រសើរឡើងថែមទៀត កាលពីថ្ងៃពុធ ៤រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង។
នៅក្នុងឱកាសនោះ ភាគីទាំងពីរបានសម្តែងក្តីសោមនស្សរីករាយ ដែលដំណើរការចរចាបង្កើតកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម (Cambodia-UAE, Comprehensive Economic Partnership Agreement - CEPA) បានឈានដល់ពិធីចុះហត្ថលេខា ដែលនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។
ស្របតាមស្មារតីនេះភាគីទាំងពីរបានឯកភាពជំរុញការផ្តល់សច្ចាប័ន្នលើកិច្ចព្រមព្រៀងនេះ ដើម្បីវិនិយោគិន ធុរជន ផលិតករ ពាណិជ្ជករ ក៏ដូចជាអ្នកប្រើប្រាស់នៃភាគីទាំងពីរ អាចច្បាមយកអត្ថប្រយោជន៍សេដ្ឋកិច្ច និងកាលានុវត្តភាពធុរកិច្ច និងវិនិយោគ ដែលកិច្ចព្រមព្រៀងនេះនឹងផ្តល់ឱ្យនាពេលខាងមុខ។
ជាមួយគ្នានេះដែរ វិនិយោគិន និងធុរជនអេមីរ៉ាតអារ៉ាប់រួម ដែលមកពីវិស័យថាមពល កសិកម្ម កំពង់ផែ ភស្តុភារ ការដឹកជញ្ជូន និងក្រុមប្រឹក្សាវិនិយោគ ក៏បានធ្វើការណែនាំខ្លួនជូនដល់កិច្ចប្រជុំ និងជម្រាបជូនអំពីសក្តានុពល នៃកិច្ចសហប្រតិបត្តិការតាមវិស័យរបស់ខ្លួន ដែលអាចធ្វើកិច្ចសហប្រតិបត្តិការបានជាមួយវិនិយោគិន និងធុរជនកម្ពុជា នាពេលខាងមុខ។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តីនៃប្រទេសទាំងពីរ បានអញ្ជើញចូលរួមក្នុងសន្និសីទព័ត៌ មាន ដើម្បីផ្សព្វផ្សាយជាថ្មីម្តងទៀត ជូនសាធារណជន អំពីអត្ថប្រយោជន៍ ដែលរំពឹងថា អាចទទួលបានពីកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (CEPA) ជាពិសេសនៅពេលដែលកិច្ចព្រមព្រៀងនេះ ចូលជាធរមាននាពេលខាងមុខ៕ ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងពាណិជ្ជកម្ម)
Post a Comment