លោក ចេង មុនីរ៉ា បន្តដឹកនាំសមាជិកគណបក្សបប្រជាជនកម្ពុជាចំនួន ២០០០នាក់ ឃោសនារកសំឡេងឆ្នោត លើកទី២ ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ

(ភ្នំពេញ)៖ លោក ចេង មុនីរ៉ា ប្រធានគណបក្សប្រជាជនកម្ពុជា ខណ្ឌច្បារអំពៅ និងក្រុមការងារគណបក្សប្រជាជន​កម្ពុជា​ ខណ្ឌច្បារអំពៅ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣នេះ បានប្រារព្ធពិធីមិទ្ទិញយុទ្ធនាការហែក្បួនឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៧ លើកទី២ ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ ដែលមានថ្នាក់ដឹកនាំសមាជិក សមាជិកា ចូលរួមចំនួន ២,០០០នាក់។

លោក ចេង មុនីរ៉ា បានកោតសរសើរដោយស្មោះស ចំពោះសមាជិក សមាជិកាគណបក្ស សកម្មជន និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាទាំងអស់ ដែលបានផ្តល់ការជឿជាក់ និងបន្តការគាំទ្រដ៏ស្មោះស្ម័គ្រ ចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ធ្វើឱ្យគណបក្សមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការបំពេញភារកិច្ចបម្រើជាតិ និងប្រជាជន ប្រកបដោយជោគជ័យ ក្នុងរយៈពេលជាង ៤៤ឆ្នាំកន្លងទៅនេះ។

ប្រធានគណបក្សប្រជាជនកម្ពុជា ខណ្ឌច្បារអំពៅ បានគូសបញ្ជាក់នូវជំហរឥតងាករេ របស់សមាជិក សមាជិកា ក្នុងការចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ តាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដោយគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន តាមច្បាប់ បទបញ្ជា នីតិវិធី និងក្រមសីលធម៌សម្រាប់ការបោះឆ្នោត។

លោកសូមអំពាវនាវប្រជាពលរដ្ឋទូទាំងខណ្ឌ អញ្ជើញទៅចូលរួមបោះឆ្នោតទាំងអស់គ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ និងសូមបងប្អូនសមាជិក សមាជិកាទាំងអស់ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឱ្យបានគ្រប់ៗគ្នា ដែលមានរូបសញ្ញាទេវត្តាបាចផ្កាឱ្យពរជ័យ និងមាននិមិត្តសញ្ញាសម្គាល់ នៅលើសន្លឹកឆ្នោត និងមានលំដាប់លេខរៀងទី១៨ នៅចុងសន្លឹកឆ្នោត។

មិទ្ទេញធ្វើនៅទីតាំងដីវាលជិតស្ថានីយ៍ទូរទស្សបាយ័ន ភូមិបឹងស្នោរ សង្កាត់និរោធ ខណ្ឌច្បារអំពៅ និងបន្តក្បួនដង្ហែនៅក្នុងមូលដ្ឋានខណ្ឌ មួយថ្ងៃពេញ៕

No comments

Powered by Blogger.