នាយឧត្តមសេនីយ៍ សៅ សុខា៖ ការលះបង់សម្រាប់ជាតិ និងប្រជាជនរបស់សម្ដេចតេជោ នៅដក់ជាប់ក្នុងចិត្ដពលរដ្ឋមិនអាចបំភ្លេចបានឡើយ, ខណៈលោក ហ៊ុន ម៉ាណែត បន្តការពារសមិទ្ធផលដែលមានស្រាប់ និងបន្ដកសាងថ្មី
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា បច្ចុប្បន្នជាអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលអាចនិយាយបានថា ជាយុទ្ធជនជំនាន់មុនម្នាក់ដែលរួមដំណើរជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាដែរនោះ បានបង្ហាញនូវការលះបង់ដ៏ធំធេងរបស់សម្ដេចតេជោ ស្ទើរមួយជីវិត ហើយការលះបង់នេះមិនអាចឲ្យពលរដ្ឋណាម្នាក់បំភ្លេចបានឡើយ។
ភ្ជាប់ជាមួយការលះបង់របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រីនេះ នាយឧត្តមសេនីយ៍ សៅ សុខា បានលើកឡើងដល់លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលនឹងកាន់តំណែងជានាយករដ្ឋមន្ដ្រីរបស់កម្ពុជា នាពេលដ៏ខ្លីខាងមុខនេះ បន្ដពីសម្ដេចតេជោ ហ៊ុន សែន ត្រូវតែខិតខំប្រឹងប្រែងការពារសមិទ្ធផលដែលមានស្រាប់ និងបន្ដកសាងថ្មី ដើម្បីតបស្នងចំពោះក្ដីស្រលាញ់ជឿជាក់របស់ប្រជាពលរដ្ឋ។
នាយឧត្តមសេនីយ៍ សៅ សុខា បានរៀបរាប់យ៉ាងដូច្នេះថា៖
«ស្ទើរមួយជីវិតប្រវត្តិ បេសកកម្ម និងការលះបង់របស់សម្តេចតេជោធំរហូតមិនអាចគណនាអស់សម្រាប់ប្រទេស និងប្រជាជនមួយនេះពីបាតដៃទទេ យកជីវិតធ្វើដើមទុន មកធ្វើអោយប្រទេសមានសន្តិភាពពេញលេញ និងការអភិឌ្ឍ ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានប្រែមុខមាត់ ក្នុងចិត្តដក់ជាប់នូវជំនឿ និងក្តីគោរព ស្រឡាញ់នឹករលឹកចងចាំគ្មានពេលណាអាចបំភ្លេចបានឡើយ។
រីឯឯកឧត្តម ហ៊ុន ម៉ាណែត ដែលគណបក្សប្រជាជនកម្ពុជាគាំទ្រ ឲ្យបន្តបេសកកម្មបម្រើជាតិ គឺជាអំរែកទម្ងន់ធ្ងន់ណាស់ ព្រោះត្រូវការពារសមិទ្ធផលដែលកំពុងមានស្រាប់ផង និងបន្តកសាងថ្មីផង ម្ចាស់ឆ្នោតផ្តល់ជំនឿ និងបោះជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតជូនក្តីជឿជាក់ស្រឡាញ់ និងសង្ឃឹមចំពោះសម្តេចតេជោ ព្រមទាំងឯកឧត្តម ហ៊ុន ម៉ាណែត
ក្នុងការបញ្ជាចង្កូតនាវាកម្ពុជាដ៏តូចមួយនេះ ឆ្លងកាត់មហាសាគដ៏ល្វឺងល្វើយ នៅចំពោះមុខព្យុះរលក នៃភាពមិនច្បាស់លាស់ការប្រែប្រួលសភាពការណ៍អន្តរជាតិ។
ក្នុងស្ថានភាពខាងលើជម្រើសល្អបំផុតដើម្បីរក្សាបណ្តាំសម្តេចតេជោបានគងវង្ស គឺយើងទាំងអស់គ្នាមិនត្រូវអត្តនោម័ត តែក៏មិនត្រូវគ្មានជំនឿលើខ្លួនឯងដែរត្រូវរួមគ្នានៅជុំវិញរាជរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ាណែត។ ម៉្យាងទៀត យកពេលវេលានេះថែសុខភាពដើម្បីរីករាយ និងស្នាដៃ សមិទ្ធផលថ្មីដែលកូន ចៅយើងពួកគេបង្កើតឡើងសម្រាប់ប្រទេស និងប្រជាជនកម្ពុជាបន្តទៅទៀត។
ទស្សនៈ គោលជំហរ សតិអារម្មណ៍ និងការតាំងចិត្តក្នុងឋានៈមនុស្សជំនាន់មុនសម្រាប់រូបខ្ញុំផ្ទាល់»៕
Post a Comment