ព្រឹកថ្ងៃនេះ រដ្ឋសភាបោះឆ្នោតជាកញ្ចប់ជ្រើសរើស ក្បាលម៉ាស៊ីនរដ្ឋសភា និងរាជរដ្ឋាភិបាល

 (ភ្នំពេញ)៖ ក្បាលម៉ាស៊ីនរដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា នឹងត្រូវប្រសូត្រឡើង នៅព្រឹកថ្ងៃអង្គារ ទី២២ ខែសីហា ឆ្នាំ២០២៣នេះ នៅក្នុងសម័យប្រជុំលើកទី១ នីតិកាលទី៧ នៃរដ្ឋសភា។

ការបន្តសម័យប្រជុំលើកទី១ នាព្រឹកថ្ងៃនេះមានរបៀបវារៈតែមួយប៉ុណ្ណោះ នោះគឺការបោះឆ្នោតជាកញ្ចប់ដើម្បីជ្រើសរើសក្បាលម៉ាស៊ីនរដ្ឋសភា, ក្បាលម៉ាស៊ីនគណៈកម្មការទាំង១០ និងក្បាលម៉ាស៊ីនរាជរដ្ឋាភិបាល ក្រោយពីតំណាងរាស្រ្តទាំង១២៥រូប ត្រូវបានប្រកាសសុពលភាព និងស្បថចូលកាន់តំណែង។ បន្ទាប់ពីបោះឆ្នោតរួច នឹងមានស​ន្និសីទសារព័ត៌មានមួយ ដែលរៀបចំឡើងដោយ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាគណបក្សឈ្នះឆ្នោត។

ក្បាលម៉ាស៊ីនរដ្ឋសភា និងរាជរដ្ឋាភិបាល អាណត្តិថ្មី ក៏ត្រូវបានបង្ហើបរួចផងដែរ ដោយសម្តេចតេជោ ហ៊ុន សែន ក្នុងនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ត្រូវបានគាំទ្រដោយសមាជិកអចិន្ត្រៃយ៍បក្ស ឲ្យធ្វើជាប្រធានរដ្ឋសភា ខណៈលោក ជាម យៀប ជាអនុប្រធានទី១ និងលោក វង សូត ជាអនុប្រធានទី២។ ចំណែកក្បាលម៉ាស៊ីនរាជរដ្ឋាភិបាលមាន ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បន្តពីសម្តេចតេជោ ហ៊ុន សែន ដែលនឹងទៅកាន់តំណែងប្រធានព្រឹទ្ធសភា នៅពេលខាងមុខ។ គណៈរដ្ឋមន្ត្រីថ្មីនេះ មានឧបនាយករដ្ឋមន្ត្រី ១០រូប និងមានទេសរដ្ឋមន្រ្តី និងរដ្ឋមន្ត្រី៤០រូបទៀត ដែលភាគច្រើន គឺជាយុវជនបន្តវេន។

រដ្ឋសភា និងរាជរដ្ឋាភិបាល នីតិកាលទី៧ គឺជារបត់នយោបាយថ្មីរបស់កម្ពុជា ដែលមានការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រ ដែលគណបក្សប្រជាជនកម្ពុជា ជាបក្សកាន់តំណែង៦អាណត្តិ កន្លងមក ចាត់ទុកថា ជាការផ្លាស់ប្តូរដើម្បីបន្តធានាដល់ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា រយៈកាលយូរអង្វែង៕


No comments

Powered by Blogger.