ព្រឹកថ្ងៃនេះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បន្តជួបកម្មករជិត ២ម៉ឺននាក់ទៀត នៅក្រុងតាខ្មៅ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ១រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បន្តជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុបជិត ២ម៉ឺននាក់ទៀត មកពីរោងចក្រ សហគ្រាសនានានៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។
លោកបណ្ឌិត ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដងថា ជំនួបសំណេះសំណាលនាថ្ងៃនេះ មានកម្មករ និយោជិតចូលរួមសរុប ១៨,២៨៩នាក់។ ក្នុងនោះមានកម្មការិនីមានផ្ទៃពោះលើសពី៣ខែ ចំនួន ៦២៦នាក់។ លោកបណ្ឌិត ហេង សួរ បានឱ្យដឹងថា កម្មករ និយោជិតដែលមានចំនួនជិត ២ម៉ឺននាក់នេះ មកពីរោងចក្រ សហគ្រាសចំនួន១៤ ដែលប្រតិបត្តិការអាជីវកម្មនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។ រោងចក្រ សហគ្រាសទាំង១៤នេះ មានរោងចក្រកាត់ដេរចំនួន៨, ផលិតស្បែកជើងចំនួន១, តម្បាញចំនួន២ និងបោកគក់សម្លៀកបំពាក់ចំនួន៣។
លោករដ្ឋមន្ត្រីអតីតនិស្សិតអាហារូបករណ៍ពីប្រទេសជប៉ុនរូបនេះ បានឱ្យដឹងដែរថា បច្ចុប្បន្នខេត្តកណ្តាលមានរោងចក្រ សហគ្រាសចំនួន៤៨៣ មានកម្មករ និយោជិតជាង ១៥ម៉ឺននាក់ ស្រូបទាញបានប្រាក់ឈ្នួលមធ្យមប្រមាណ ៤៧៣លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។
លោកបណ្ឌិត ហេង សួរ បានឱ្យដឹងផងដែរថា ក្នុងចំណោមរោងចក្រ សហគ្រាស៤៨៣នេះ មានរោងចក្រ សហគ្រាសក្នុងវិស័យកាត់ដេរចំនួន១៧១ មានកម្មករ និយោជិតជាង ១៣ម៉ឺននាក់ មានប្រាក់ឈ្នួលមធ្យមជាង ៤១១លានដុល្លារក្នុងមួយឆ្នាំ។ ខេត្តកណ្តាលជាខេត្តឈរលំដាប់ទី៣ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើន។
នយោបាយបង្កើតការងារជូនប្រជាពលរដ្ឋ គឺជានយោបាយអាទិភាពមួយរបស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជាទាំងក្នុងអាណត្តិចាស់ និងអាណត្តិថ្មី។ ក្រោយបង្កើតរាជរដ្ឋាភិបាលនីតិកាលថ្មីហើយភ្លាម ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានចាប់យកកម្មករ និយោជិតក្នុងវិស័យឧស្សាហកម្មផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូបជាជំនួបសាធារណៈលើកដំបូងរបស់ឯកឧត្តមក្នុងឋានៈជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ជំនួបព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ គឺជាជំនួបលើកទី២ហើយ ក្នុងឋានៈឯកឧត្តមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
ជំនួបលើកទី១ បានធ្វើឡើងកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជំនួបលើកទី១នោះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងបង្ហាញពីគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងនីតិកាលថ្មី ជាពិសេសយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលជាយុទ្ធសាស្ត្រផ្តោតការយកចិត្តទុកដាក់ខ្ពស់លើកំណើនការងារ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។
ក្នុងជំនួបលើកដំបូងជាមួយកម្មករ និយោជិតក្នុងឋានៈជានាយករដ្ឋមន្ត្រីរបស់កម្ពុជា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានចង្អុលបង្ហាញការងារអាទិភាពចំនួន៦ ជូនទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈអនុវត្តន៍ឱ្យមានប្រសិទ្ធភាពខ្ពស់ក្នុងឆ្នាំ២០២៣នេះ។ ការងារទាំង៦នោះរួមមាន៖
១៖ ខិតខំសម្របសម្រួលការពិភាក្សាប្រាក់ឈ្នួលអប្បបរមាឱ្យបានល្អ ដោយឈរលើលក្ខណៈវិទ្យាសាស្ត្រ និងលក្ខណៈវិនិច្ឆ័យដែលមានចែងក្នុងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ឱ្យបានមុនពេលឈប់សម្រាកបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។
២៖ រៀបចំលិខិតបទដ្ឋានគតិយុត្តិជាបន្ទាន់ ដើម្បីត្រៀមដាក់ឱ្យដំណើរការរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ដើម្បីជួយសម្រាលបន្ទុក ចំណាយផ្នែកថែទាំសុខភាពរបស់កម្មករនិយោជិត និងក្រុមគ្រួសារឱ្យបានលឿន និងត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់កម្មករនិយោជិត ព្រមទាំងបង្កើតយន្តការងាយស្រួលសម្រាប់កម្មករនិយោជិតអាចចូលរួមជាមួយនឹងកម្មវិធីនេះ។
៣៖ រៀបចំដាក់ឱ្យដំណើរការកម្មវិធីបណ្ដុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារកីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួនប្រមាណ ១.៥លាននាក់ និងសម្របសម្រួលជាមួយភាគីពាក់ព័ន្ធអនុញ្ញាតឱ្យកម្មករនិយោជិតអាចចូលរៀនជំនាញវិជ្ជាជីវៈផងដែរ ដើម្បីបង្កើនផលិតភាព ប្រសិទ្ធភាព ការងារនៅកន្លែងការងារ ដោយត្រូវរៀបចំវគ្គបណ្តុះបណ្តាលនៅវេនពេលយប់ ឬចុងសប្ដាហ៍។
៤៖ ត្រូវជំរុញការអនុវត្តកាតព្វកិច្ចហ្វឹកហ្វឺនកូនជាងឱ្យបានពេញលេញស្របតាមច្បាប់ស្តីពីការងារ ដោយរួមបញ្ចូលកម្មវិធីហាត់ការ កម្មសិក្សា កម្មវិធីបង្កើនជំនាញ និងការរៀបចំជំនាញឡើងវិញ ដោយលើកទឹកចិត្តវិស័យឯកជនចូលរួមអនុវត្តកាតព្វកិច្ចក្នុងការបណ្តុះបណ្តាលកម្មករ និយោជិត និងផ្ដល់ការបណ្តុះបណ្តាលបន្ថែមដល់កម្មករនិយោជិតដែលកំពុងធ្វើការ ដើម្បីលើកកម្ពស់សមត្ថភាពជំនាញ បង្កើនផលិតភាព និងលទ្ធភាពនៃការបង្កើនប្រាក់ឈ្នួល។
៥៖ យកចិត្តទុកដាក់ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្រ្តីមានផ្ទៃពោះ ទាំងមុនពេលសម្រាលកូន ពេលសម្រាលកូន និងក្រោយពេលសម្រាលកូនឱ្យបានល្អ និងកាន់តែមានភាពងាយស្រួល។ ហើយក៏ត្រូវធានាផងដែរថា ស្ត្រីមានផ្ទៃពោះ និងជនមានពិការភាពបានចេញធ្វើការមុន ១៥នាទី។
៦៖ បង្កើតឱ្យមានកម្មវិធីប្រកួតប្រជែងលើប្រធានបទ ភាពសុខដុមរមនានៅកន្លែងធ្វើការ ដើម្បីប្រែក្លាយសហគ្រាសមួយជាសហគមន៍សុខសាន្ដមួយ ចាប់ពីឆ្នាំ២០២៤នេះតទៅ។
សូមបញ្ជាក់ថា ក្រោមស្មារតីយកចិត្តទុកដាក់លើសុខទុក្ខ និងជីវភាពរបស់កម្មករ កម្មការិនី ជាពិសេសស្ត្រីមានផ្ទៃពោះនោះ។ នៅក្នុងខែសីហា ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលកម្ពុជា ទើបនឹងចាប់ផ្តើមអនុវត្តន៍កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនកម្មការិនីមានផ្ទៃពោះ ចាប់ពីពេលមានផ្ទៃពោះ រហូតដល់កូនអាយុក្រោមពីរឆ្នាំ។ តាមរយៈកម្មវិធីជំនួយសង្គមនេះ កម្មការិនីម្នាក់អាចទទួលបានប្រាក់ឧបត្ថម្ភសរុបជាង ១លាន ១២ម៉ឺនរៀល ដោយបើកជា១៤លើក។ ៤លើកបើកមុនពេលសម្រាលកូន ហើយ ១០លើកទៀត បើកក្រោយពេលសម្រាលកូន។ ក្នុងមួយលើកបើកបាន ៨ម៉ឺនរៀល។
បន្ថែមពីលើនោះនៅពេលសម្រាលកូនកម្មករិនីម្នាក់ទទួលបានការឧបត្ថម្ភថវិកា ៨០ម៉ឺនរៀល សម្រាប់អ្នកកូនមួយ, ១លាន ពីរសែនរៀល សម្រាប់កូនភ្លោះពីរ និង ១លាន ៦សែនរៀល សម្រាប់កូនភ្លោះ៣។ សម្រាប់អ្នកកូនភ្លោះ៣ ក៏នឹងទទួលបានការឧបត្ថម្ភដាច់ដោយឡែកពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន ៥លានរៀលផងដែរ។
តាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ទាំងនេះ គឺជាការស្តែងឱ្យឃើញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ទៅសុខទុក្ខ និងជីវភាពកម្មករ និយោជិតក្នុងវិស័យឧស្សាហកម្មផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប៕
Post a Comment