លោក ហ៊ុន ម៉ានី៖ ការគោរពអភិក្រមការងារ ដើម្បីរក្សាតុល្យភាព នៃប្រតិបត្តិការការងារ និងធានានិរន្ដរភាពរដ្ឋ
(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ តាមរយៈបណ្ដាញសង្គម នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣នេះ បានធ្វើការកត់សម្គាល់នូវខ្លឹមសារប្រសាសន៍មួយចំនួន របស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងជំនួបសំណេះសំណាលជាមួយកម្មការ កម្មការិនី ជិត២ម៉ឺននាក់ នៅក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីព្រឹកមិញ។
លោក ហ៊ុន ម៉ានី បានរំលេចយកនូវខ្លឹមសារមួយចំនួនដែលជាការលើកឡើងរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ពាក់ព័ន្ធការតែងតាំងមន្ដ្រី «គុណធម៌ និងអភិក្រមការងារ»។ លោកបានបន្ថែមថា ការតែងតាំងមន្ត្រី ឬការអនុវត្តការងារក្នុងក្របខណ្ឌការងារ ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា តែងតែប្រកាន់យកនូវគុណធម៌ (នៃការរៀបចំតែងតាំង) ឬអាចនិយាយថា ជាការគោរពអភិក្រមការងារ ដើម្បីរក្សាតុល្យភាព នៃប្រតិបត្តិការការងារ និងធានានិរន្តរភាពរដ្ឋ ឆ្ពោះទៅមុខទាំងសង្គម សេដ្ឋកិច្ច និងនយោបាយ។
ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងរបស់ លោក ហ៊ុន ម៉ានី៖
«ព្រឹកនេះ ខ្ញុំបានស្តាប់យ៉ាងយកចិត្តទុកដាក់ និងបានកត់សម្គាល់នូវចំណុចជាច្រើនចេញពីប្រសាសន៍ និងអនុសាសន៍របស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងពិធីជួបសំណេះសំណាលជាមួយនឹងកម្មករ និយោជិត មកពីរោងចក្រ/សហគ្រាស។ ចំណុចដែលគួរតែរំលេចចេញពីប្រសាសន៍ដ៏មានថាមពលរបស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ជុំវិញការតែងតាំងមន្ត្រី គឺពាក្យថា «គុណធម៌ និងអភិក្រមការងារ»។
ជាការពិត គោលនយោបាយនៃការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា គឺជាការអនុវត្តយុទ្ធសាស្ត្រដែលមានទស្សនវិស័យ វែងឆ្ងាយ ដើម្បីផ្តល់ប្រយោជន៍ជូនប្រជាពលរដ្ឋ ជាមួយសមធម៌ និងយុត្តិធម៌សង្គម ក្នុងសមត្ថភាពប្រកួតប្រជែង។
ដូច្នេះ មិនថាតែការតែងតាំងមន្ត្រី ឬការអនុវត្តការងារក្នុងក្របខណ្ឌការងារអ្វីនោះទេ ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា តែងតែប្រកាន់យកនូវគុណធម៌ (នៃការរៀបចំតែងតាំង) ឬអាចនិយាយថា ជាការគោរពអភិក្រមការងារ ដើម្បីរក្សាតុល្យភាព នៃប្រតិបត្តិការការងារ និងធានានិរន្តរភាពរដ្ឋ ឆ្ពោះទៅមុខទាំងសង្គម សេដ្ឋកិច្ច និងនយោបាយ។
បន្ថែមពីលើនេះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ក៏បានរំលេចផងដែរលើឃ្លាថា «ក្មេងមានកម្លាំង ចាស់ស្គាល់ផ្លូវ...ឈាមចាស់ ឈាមថ្មី ជាឈាម (ខ្មែរ) តែមួយ»។ ប្រយោគដ៏មានអត្ថន័យ និងខ្លឹមសារដ៏ជ្រាលជ្រៅទាំងនេះ បានបង្ហាញពីវប្បធម៌ ឬអាចនិយាយថាជា DNA នៃការឯកភាព សាមគ្គីភាពផ្ទៃក្នុងរបស់យើង ដែលតែងតែធ្វើឲ្យយើងមានភាពធន់ និងកាន់តែរឹងមាំជានិច្ច។
ក្នុងនាមជាសេនាធិការ របស់រាជរដ្ឋាភិបាល យើងខ្ញុំពិតជាជឿជាក់យ៉ាងមុតមាំ លើការដឹកនាំរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត និងប្តេជ្ញាជានិច្ច ក្នុងការគោរពតាមទស្សនវិស័យ និងគោលនយោបាយកំណែទម្រង់ដ៏មុតស្រួចឥតងាករេ ក្នុងគោលដៅដើម្បីជាតិ និងប្រជាជនរបស់យើង ជាពិសេស គឺដើម្បីសេចក្តីសុខសាន្ត និងសុភមង្គលសម្រាប់អ្នកជំនាន់ក្រោយ»៕
Post a Comment