រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំកំណត់របៀបរបបការងារ និងណែនាំការងារអាទិភាពមួយចំនួន ព្រមទាំងបែងចែកតួនាទីភារកិច្ចជូនថ្នាក់ដឹកនាំក្រសួងធនធានទឹក និងឧតុនិយម
(ភ្នំពេញ)៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំលើកដំបូងជាមួយថ្នាក់ដឹកនាំក្រសួង ដើម្បីកំណត់របៀបរបបការងារ និងណែនាំការងារ អាទិភាពមួយចំនួន ព្រមទាំងបែងចែកតួនាទីភារកិច្ចជូនថ្នាក់ដឹកនាំក្រសួង។
ថ្លែងក្នុងជំនួបលើកដំបូងនេះ លោករដ្ឋមន្ត្រី ថោ ជេដ្ឋា បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតគោរពជូនចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតនាយករដ្ឋមន្ត្រី ដែលតែងផ្តល់ការយកចិត្តទុកដាក់ខ្ពស់ក្នុងវិស័យធនធានទឹក និងឧតុនិយម។
លោករដ្ឋមន្ត្រី ក៏បានសម្តែងនូវអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅ គោរពជូនចំពោះប្រមុខថ្នាក់ដឹកនាំរដ្ឋសភា និងជាពិសេស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្តល់សេចក្តីទុកចិត្តដល់លោកដើម្បីបន្តបេសកកម្មដ៏ឧត្តុង្គឧត្តមក្នុងតួនាទីនិងភារកិច្ច ដឹកនាំក្រសួងធនធានទឹក និងឧតុនិយម ឱ្យកាន់តែរីកចម្រើនកាន់តែល្អប្រសើរឡើងថែមទៀត សំដៅរួមចំណែកជាមួយ រាជរដ្ឋាភិបាលសម្រេចឱ្យបានជោគជ័យនូវការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
ក្នុងឱកាសនេះ លោករដ្ឋមន្ត្រីក្រសួងធនធានទឹក ក៏បានលើកឡើងពីហេតុផលនៃការធ្វើកំណែទម្រង់ គឺសំដៅធានាលើការដឹកនាំក្រសួង ឱ្យមានដំណើរការប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។ បន្ថែមពីនោះលោករដ្ឋមន្រ្តី បានណែនាំឱ្យមានការយកចិត្តទុកដាក់លើការពង្រឹងវិន័យផ្ទៃ ក្នុងរបស់ក្រសួង អនុវត្តភារកិច្ច ដែលបានបែងចែកប្រកបដោយស្មារតីម្ចាស់ការនិងទទួលខុសត្រូវខ្ពស់គោរពប្រតិបត្តិតាមរបៀប របបការងារឱ្យបានហ្មត់ចត់និងម៉ឺងម៉ាត់ ស្របតាមគោលការណ៍ ដឹកនាំដោយឈរលើមូលដ្ឋានច្បាប់ ឋានានុក្រម និងគោលការណ៍ជាសកល ដើម្បីជួយក្រសួង-ស្ថាប័នឱ្យមានភាពរីកចម្រើនការងារមានប្រសិទ្ធភាព និងមានសុខដុមនីយកម្ម។
លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ត្រូវរក្សាឱ្យបាននូវសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អទាំងក្នុងអង្គភាព និងជាមួយអង្គការអន្តរជាតិនានា ដើម្បីបន្តថែរក្សា ការពារសមិទ្ធផល ដែលមានពីមុនមក និងបង្កើនសមិទ្ធផលថ្មីៗបន្ថែមទៀត ដោយអនុវត្តតាមជានិច្ចនូវពាក្យស្លោករបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺចាស់ស្គាល់ផ្លូវ ក្មេងមានកម្លាំង។
ជាចុងក្រោយ លោករដ្ឋមន្ត្រីបានសម្តែងនូវការដឹងគុណចំពោះមន្រ្តីរាជការ និងថ្នាក់ដឹកនាំក្រសួងទាំងអស់ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្តខិតខំបំពេញការងារកន្លងមកដោយមិនខ្លាចនឿយហត់ដែលមន្ត្រីខ្លះបានចូលនិវត្តន៍ និងមន្ត្រីខ្លះទៀតបានធ្វើមរណកាលទៅហើយ។
លោករដ្ឋមន្ត្រីក៏បានសម្តែងនូវសេចក្តីដឹងគុណជាពិសេសចំពោះលោកកិត្តិបណ្ឌិត លឹម គានហោ អតីតរដ្ឋមន្ត្រី និងជាស្ថាបនិក នៃក្រសួងធនធានទឹក និងឧតុនិយម ដែលបានដឹកនាំគ្រប់គ្រងពុះពារ និងជម្នះរាល់ការលំបាកកន្លងមករហូតសម្រេចបានសមិទ្ធផលដូចសព្វថ្ងៃ៕
Post a Comment