លោក ប៉ែន បូណា៖ សម្តេចធិបតី ហ៊ុន ម៉ាណែត តារារះចិញ្ចាចចញ្ចែងលើឆាកអាស៊ាន និងកំពុងឆក់ទាញបេះដូងពលរដ្ឋខ្មែរ!
(ភ្នំពេញ)៖ វត្តមានរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅប្រទេសឥណ្ឌូនេស៊ី ត្រូវបានលោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រៀបប្រដូចទៅនឹងតារាមួយដួងរះចិញ្ចាចចញ្ចែងលើឆាកអាស៊ាន ហើយកំពុងឆក់យកបេះដូងពលរដ្ឋខ្មែរផងដែរ។
លោក ប៉ែន បូណា បានគូសរំលេចថា ក្រៅពីភាពជោគជ័យខាងនយោបាយការទូត និងការទាញយកផលប្រយោជន៍សេដ្ឋកិច្ចជូនប្រទេសជាតិ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឱ្យមានការទាក់ទាញយ៉ាងខ្លាំងពីសំណាក់មេដឹកនាំ ដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ក៏ដូចជាអ្នកតាមដានព្រឹត្តិការណ៍នេះ។
លោក បូណា បានលើកបង្ហាញថា ចំណុចទាក់ទាញរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីរួមមាន៖
ទី១៖ សម្តេចធិបតី ហ៊ុន ម៉ាណែត គឺជាអវតាររបស់សម្តេចតេជោ ហ៊ុន សែន ដែលជាតួអង្គអ្នកនយោបាយដ៏ល្បីល្បាញមួយរូបនៅកម្ពុជា ក៏ដូចជាក្នុងឆាកតំបន់និងអន្តរជាតិ។
ទី២៖ បុគ្គលិកលក្ខណៈដ៏ស័ក្តិសម ភាពស្រស់សង្ហា អាកប្បកិរិយានិងសីលធម៌ដ៏ល្អសមសួន ព្រមទាំងមានវ័យក្មេងជាងគេក្នុងចំណោមមេដឹកនាំឯទៀត គឺជាចំណុចទាក់ទាញមនុស្សគ្រប់គ្នាឱ្យសម្លឹងតួអង្គសម្តេចធិបតី ហ៊ុន ម៉ាណែត មិនដាក់ភ្នែក។
ទី៣៖ សមត្ថភាពនិងភាពជឿជាក់លើខ្លួនឯងគឺជាចន្ទល់ដ៏រឹងមាំដែលធ្វើឱ្យសម្តេចធិបតីអាចបំពេញបេសកកម្មការទូតបានយ៉ាងល្អលើសពីការស្មាន សូម្បីតែជាការចាប់ផ្តើមលើកដំបូងក៏ដោយ។
ទី៤៖ មេដឹកនាំបន្តវេន និងវ័យក្មេងរបស់កម្ពុជា ក៏បានបង្ហាញឱ្យឃើញពីសមត្ថភាពការទូតដ៏ចំណានក្នុងកិច្ចចរចាជាអន្តរជាតិកម្រិតខ្ពស់ ដើម្បីចូលរួមក្នុងកិច្ចការសន្តិភាពសម្រាប់តំបន់ និងពិភពលោក ក៏ដូចជាការទាញយកផលប្រយោជន៍ជូនជាតិមាតុភូមិនិងប្រជាជន។
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីរូបនេះ បានលើកឡើងទៀតថា ភាពទាក់ទាញទាំងនេះហើយដែលធ្វើឱ្យក្រសែភ្នែករបស់មេដឹកនាំអាស៊ាន ក៏ដូចជាមេដឹកនាំផ្សេងទៀតដែលអញ្ជើញមកចូលរួមកិច្ចប្រជុំនៅទីក្រុងហ្សាការតាមិនអាចរំលងពីតារារបស់កម្ពុជាបានឡើយ។ ក្នុងសុន្ទរកថា ថ្លែងក្នុងជំនួបកំពូលអាស៊ាន មេដឹកនាំក្នុងតំបន់ទាំងអស់សុទ្ធតែសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះនាយករដ្ឋមន្ត្រីថ្មីនៃកម្ពុជា។
លោកបន្តថា កំឡុងពេលចូលរួមកិច្ចប្រជុំនានានៅហ្សាការតា សម្តេចធិបតីថ្លែងសុន្ទរកថាដល់ទៅ ១២លើក និងបន្ថែមដោយជំនួបទ្វេភាគីចំនួន ១៣ លើក។ ជាកិច្ចការងារដ៏ច្រើន ប៉ុន្តែ មិនហួសពីសមត្ថភាពរបស់ប្រមុខដឹកនាំថ្មី វ័យក្មេងដែលមានឆន្ទៈខ្ពស់និងពោរពេញដោយភាពជឿជាក់លើខ្លួនឯងនោះឡើយ។
លោក ប៉ែន បូណា ក៏បានបង្ហាញការសង្កេតរបស់លោកមកលើចំណាប់អារម្មណ៍របស់ប្រជាពលរដ្ឋខ្មែរផងដែរ។ លោក បានកត់សម្គាល់ថា អ្នកតាមដានព្រឹត្តិការណ៍តាមកញ្ចក់ទូរទស្សន៍ ឬបណ្តាញសង្គមឯណេះវិញ ពួកគេក៏ចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើតួអង្គអវតារថ្មីរបស់សម្តេចតេជោដែរ។ សម្រាប់ជនបរទេស គឺពួកគេចង់ឃើញមុខមាត់ និងសមត្ថភាពនាយករដ្ឋមន្ត្រីថ្មីកម្ពុជា ខណៈពលរដ្ឋខ្មែរចង់តាមដានសកម្មភាពមេដឹកនាំថ្មីរបស់ខ្លួន ដែលទើបតែចេញបំពេញបេសកកម្មលើកដំបូងនៅក្រៅប្រទេស។ សកម្មភាពដ៏លេចធ្លោរបស់សម្តេចធិបតី បានធ្វើឱ្យមោទនភាពជាតិផុសឡើងដោយមិនដឹងខ្លួនក្នុងចំណោមប្រជាពលរដ្ឋខ្មែរ។
តាមរយៈព្រឹត្តិការណ៍នៅហ្សាការតា សាធារណមតិជាតិ និងអន្តរជាតិបានមើលឃើញយ៉ាងច្បាស់ពីសមត្ថភាពនិងភាពប៉ិនប្រសប់របស់អ្នកបន្តវេននាយករដ្ឋមន្ត្រីនៅកម្ពុជា។
សរុបមកវិញ សម្តេចធិបតី ហ៊ុន ម៉ាណែត គឺជាតារាថ្មីរបស់កម្ពុជាដែលរះយ៉ាងចិញ្ចាចចញ្ចែងលើឆាកអាស៊ាន និងកំពុងឆក់យកបេះដូងពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន៕
Post a Comment