ទេសាភិបាលធនាគារជាតិនៃកម្ពុជា ជំរុញឲ្យសាខាធនាគារជាតិតាមបណ្តាខេត្ត បន្តលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល
(ភ្នំពេញ)៖ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាល ការងារជាមួយមន្ត្រី-បុគ្គលិកសាខាធនាគារជាតិនៃកម្ពុជា តាមបណ្តាខេត្តចំនួនពីរ គឺខេត្តសៀមរាប និងខេត្តបាត់ដំបង។
លោកស្រីទេសាភិបាល បានលើកសរសើរចំពោះមន្ត្រី-បុគ្គលិកសាខាធនាគារជាតិនៃកម្ពុជា ប្រចាំខេត្តទាំងពីរ ដែលបានខិតខំបំពេញមុខងារ និងភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់ រហូតទទួលបានសមិទ្ធផលគួរជាទីមោទន នាពេលកន្លងមក។
លោកស្រី ជា សិរី បានលើកឡើងពីសារៈសំខាន់ នៃការលើកកម្ពស់ការយល់ដឹងពីគោលដៅរួម និងគោលនយោបាយថ្មីៗរបស់ធនាគារជាតិនៃកម្ពុជា សំដៅឱ្យមន្ត្រីបុគ្គលិកបន្តខិតខំបំពេញការងារវេញជាធ្លុងមួយរក្សាបាន សមិទ្ធផលដែលមានស្រាប់ និងឈានទៅសម្រេចសមិទ្ធផលថ្មីៗបន្ថែមទៀត។
លោកស្រីទេសាភិបាល បានយកឱកាសនោះលើកឡើងអំពីការប្រកាន់ខ្ជាប់នូវគោលនយោបាយ លើកកម្ពស់ប្រាក់រៀល ការរួមចំណែករក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងគាំទ្រការអភិវឌ្ឍជាតិ ហើយបានជំរុញឱ្យសាខាធនាគារជាតិនៃកម្ពុជា ខេត្តសៀមរាម និងខេត្តបាត់ដំបង បន្តលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ឱ្យកាន់តែសកម្ម ព្រមទាំងរួមចំណែក ផ្តល់ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់សាធារណជន និងពង្រឹងទំនាក់ទំនងល្អប្រសើរជាមួយមន្ទីរ-អង្គភាពពាក់ព័ន្ធ។
ក្នុងនាមជាស្រ្តីដំបូងគេនៅកម្ពុជា ក្នុងតួនាទីជាទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកស្រីបណ្ឌិត ជា សិរី ក៏បានលើកសសើរពីវត្តមានកាន់តែច្រើន ឡើងនៃមន្រ្តី-បុគ្គលិកជាស្រ្តី នៅតាមសាខាធនាគារជាតិប្រចាំខេត្តទាំងពីរ និងថ្លែងសារបំផុសគំនិតលើកទឹកចិត្តឱ្យគ្រប់គ្នា បង្កើនភាពអង់អាចចូលរួមកាន់តែខ្លាំង ក្នុងសកម្មភាពសេដ្ឋកិច្ច និងការអភិវឌ្ឍ ឱ្យស្របនឹងវឌ្ឍនភាពដែលកម្ពុជា កំពុងឆ្ពោះទៅរកសមភាពយេនឌ័រ ដូចមានស្រ្តីជាថ្នាក់ដឹកនាំ ក្នុងជួររដ្ឋាភិបាលកាន់តែច្រើនឡើងជាគំរូស្រាប់ ជាពិសេសឥស្សរជនស្រ្តីចំនួន៣រូបមានឋានៈជារដ្ឋមន្រ្តី៕
Post a Comment