សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល នឹងសាកល្បងបំពាក់បច្ចេកវិទ្យានៅមជ្ឈមណ្ឌលមួយនៅខេត្តតាកែវ ដើម្បីឱ្យពលរដ្ឋស្នើសុំការផ្តល់សេវាតាមឌីជីថលដោយខ្លួនឯង ដែលចូលរួមចំណែកកាត់បន្ថយការចំណាយ និងវេលា
(កំពង់ស្ពឺ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា នាពេលខាងមុខនេះ រាជរដ្ឋាភិបាល នឹងសាកល្បងបំពាក់ប្រព័ន្ធបច្ចេកវិទ្យា នៅមជ្ឈមណ្ឌលមួយនៅខេត្តតាកែវ ក្នុងការឱ្យពលរដ្ឋស្នើសុំការផ្តល់សេវាសាធារណៈតាមឌីជីថលដោយខ្លួនឯង ដើម្បីជំរុញការផ្តល់សេវាសាធារណៈនៅថ្នាក់ក្រោមជាតិឱ្យកាន់តែប្រសើរ និងកាត់បន្ថយការចំណាយ និងពេលវេលា។
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសសម្ដេចអញ្ជើញជាអធិបតីភាពសម្ពោធអគាររដ្ឋបាលថ្មី និងសមិទ្ធផលនៅខេត្តកំពង់ស្ពឺ និងប្រកាសជាខេត្តអស់មីន នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣។
សម្តេចបានកត់សម្គាល់ថា បច្ចុប្បន្ននេះ ការផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋមានភាពល្អប្រសើរហើយ ប៉ុន្តែរាជរដ្ឋាភិបាលចង់ឃើញការផ្តល់សេវាសាធារណៈកាន់តែល្អប្រសើរថែមទៀត។ ហើយប្រព័ន្ធបច្ចេកវិទ្យានឹងតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញការផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដោយមិនប្រជាពលរដ្ឋនៅពេលចង់ធ្វើអ្វីមួយមិនចាំបាច់មកដោយផ្ទាល់នោះទេ ប្រជាពលរដ្ឋអាចស្នើសុំតាមទូរសព្ទដៃបានតែម្តង។
សម្តេចគូសបញ្ជាក់ថា ជំហានដំបូង រាជរដ្ឋាភិបាល នឹងសាកល្បងបង្កើតមជ្ឈមណ្ឌលព័ត៌មានវិទ្យាមួយនៅខេត្តតាកែវ។
សម្តេចធិបតីមានប្រសាន៍បន្តថា «យើងបង្កើន និងសាកល្បង នៅខេត្តតាកែវ បង្កើតកន្លែងមួយ គឺមជ្ឈមណ្ឌលបច្ចេកវិទ្យា ដើម្បីប្រជាពលយកចុះឈ្មោះ ឬបំពេញបែបបទស្នើសុំសេវាអីមួយចំនួនពីថ្នាក់ខេត្ត។ ជួនកាលគាត់មិនបាច់មកទេ គាត់ដាក់តាមហ្នឹងហើយចាំជិះមកទទួល ឬមួយក៏ផ្ញើទៅដល់ ។ ព្រោះឥលូវបច្ចេកវិទ្យាយើងមានហើយ កាត់បន្ថយវេលា និងចំណាយរបស់បងប្អូនឡើងមក។»
សម្តេចបានថ្លែងទៀតថា ការធ្វើទំនើបកម្មលើការផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋនេះ ស្របពេលបច្ចុប្បន្ននេះ នៅតាមបណ្តាភូមិស្រុកនានាសុទ្ធតែមានអ៊ីនធើណេតប្រើ។ ហើយការធ្វើទំនើបកម្មនេះ គឺធ្វើមិនមែនធ្វើឱ្យតែល្អមើលនោះទេ គឺធ្វើដើម្បីបម្រើប្រជាពលរដ្ឋ។ ហេតុដូច្នេះហើយ ទាមទារនូវការបង្កើនសមត្ថភាព និងរបៀបរបបការងារដល់មន្រ្តី ដើម្បីធានានូវការផ្តល់សេវាតាមប្រព័ន្ធបច្ចេកវិទ្យា។ ហើយនេះគឺជាការពង្រឹងមូលដ្ឋាន នៅក្នុងអាណត្តិនេះ៕
Post a Comment