ប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា ចូលរួមពិធីបើកកីឡាអាស៊ីប៉ារ៉ាហ្គេមនៅប្រទេសចិន


ភ្នំពេញ: ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជាបានចូលរួមដង្ហែ និងអបអរសាទរពិធីបើកជាផ្លូវការ ព្រឹត្តិការណ៍កីឡាអាស៊ីប៉ារ៉ាហ្គេម លើកទី៤ នៅទីក្រុងហាន់ចូវ សាធារណរដ្ឋប្រជាមានិតចិន កាលពីយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣។

ឯកឧត្តម យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាគូសបញ្ជាក់ថា នៅក្នុងពិធីបើកជាផ្លូវការនេះ ក្រុមប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជាបានចូលរួមដង្ហែក្បួនអមដោយទង់ជាតិកម្ពុជា ដើម្បីបង្ហាញពីការចូលរួមវត្តមាន កិត្យានុភាពជាតិ នៅក្នុងចំណោមបណ្តាប្រទេសនានាចំនួន៤៣ប្រទេស ដែលបានចូលរួមប្រកួតព្រឹត្តិការណ៍កីឡាអាស៊ីប៉ារ៉ាហ្គេម លើកទី៤ នៅប្រទេសចិន ឆ្នាំ២០២៣នេះ។ កម្ពុជាមានមោទនភាព ស្មើមុខ ស្មើសិទ្ធិ ក្នុងតំបន់។ តាមរយៈព្រឹត្តិការណ៍កីឡា ក្រៅពីការប្រកួតប្រជែងមេដាយ ក៏កម្ពុជាបានចូលរួមក្នុងនាមជាប្រទេសមួយមានភាពស្មើមុខស្មើមាត់ជាមួយនឹងបណ្តាប្រទេសដទៃទៀត ធ្វើឲ្យកិត្តិស័ព្ទ កិត្តិនាមរបស់ប្រទេសកម្ពុជាយើងកាន់តែល្បីល្បាញ ការគោរពសិទ្ធិមនុស្ស លើឆាកអន្តរជាតិ។

ជាមួយគ្នានេះ កីឡាករហែលទឹកជនពិការកម្ពុជា ខូ កូយ បានចូលរួមរត់ភ្លើងគប់ អាស៊ីប៉ារ៉ាហ្គេម លើកទី៤ កាលពីថ្ងៃទី២១ តុលា ២០២៣ ដែលនេះជាមហាកិត្តិយស និងជាប្រវត្តិសាស្ត្ររបស់កម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាជនពិការ ដែលត្រូវបានប្រារព្ធធ្វើឡើង ក្នុងរយៈពេល៤ឆ្នាំម្តង។

កម្ពុជាបានបញ្ជូនកីឡាករ កីឡាការិនីមានពិការភាពរបស់ខ្លួនចំនួន៦ប្រភេទកីឡា សរុប២៤នាក់ ក្នុងនោះមានដុចជាអត្តពលកម្ម ហែលទឹក វាយសី វាយកូនឃ្លីលើតុ ក្រុមបាល់ទះអង្គុយបុរស និងក្រុមបាល់បោះជិះរទេះនារី។ សម្រាប់ប្រភេទកីឡាបាល់ទះអង្គុយបុរសកម្ពុជានឹងត្រូវប្រកួតវគ្គជម្រុះ ក្នុងពូល B ជាមួយក្រុមកាហ្សាក់ស្ថាន ថៃ និងអ៊ីរ៉ង់ ដោយក្រុមកម្ពុជាត្រូវប្រកួតបើកឆាកជាមួយកាហ្សាក់ស្ថាន នៅវេលាម៉ោង ១៩:00 នាទីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះ ហើយនៅថ្ងៃ២៤តុលា បន្តប៉ះជាមួយក្រុមថៃ និងនៅថ្ងៃទី២៥ ក្រុមកម្ពុជា ត្រូវជួបក្រុមអ៊ីរ៉ង់។

ចំពោះប្រភេទកីឡាបាល់បោះជិះរទេះនារីកម្ពុជាបានឆ្លងកាត់៣ប្រកួតរួចហើយ ក្នុងនោះបានយកឈ្នះ១ប្រកួត និងចាញ់២ប្រកួត ដោយក្រុមនារីកម្ពុជាបានឈ្នះក្រុមនារីឡាវ ក្នុងលទ្ធផលពិន្ទុ ៥៣ទល់៣៥, ចាញ់ក្រុមជប៉ុន ក្នុងលទ្ធផលពិន្ទុ ១៨-៨៨ និងចាញ់ម្ចាស់ផ្ទះ ចិន ក្នុងលទ្ធផល ៨៨ទល់២៨។

គួរបញ្ជាក់ថា ម្ចាស់ផ្ទះចិនបានរៀបចំកីឡាអាស៊ីប៉ារ៉ាហ្គេម លើកទី៤ ឆ្នាំ២០២៣នេះ មានចំនួន២២ប្រភេទកីឡា ស្មើនឹង ៥៦៦វិញ្ញាសា ដែលដាក់ឲ្យបណ្តាប្រទេសក្នុងទ្វីបអាស៊ីចូលរួមប្រកួតប្រជែងមេដាយ៕ ដោយ ហេង ណាលីន, ផ្សាយដោយ៖ dara

No comments

Powered by Blogger.