រដ្ឋមន្ត្រីសាធារណការ ជំរុញឱ្យមន្ទីរសាធារណការខេត្តកំពង់ស្ពឺ បន្តលើកកម្ពស់សេវាដឹកជញ្ជូនឱ្យកាន់តែមានប្រសិទ្ធភាព គុណភាព លឿនរហ័ស និងស្អាតស្អំ
(កំពង់ស្ពឺ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកដឹកជញ្ជូន បានជំរុញបន្ថែមឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ស្ពឺ ត្រូវបន្តលើកកម្ពស់សេវាដឹកជញ្ជូនឱ្យកាន់តែមានប្រសិទ្ធិភាព គុណភាព លឿនរហ័ស និងស្អាតស្អំ ត្រូវបន្តលើកកម្ពស់ការតភ្ជាប់ការដឹកជញ្ជូនពហុមធ្យោបាយ ភស្តុភាកម្ម និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធ័ ផ្លូវថ្នល់ ស្ពាន ផ្លូវដែក និងផ្លូវទឹក។
ការណែនាំបែបនេះរបស់លោក ប៉េង ពោធិ៍នា បានធ្វើឡើងនៅក្នុងឱកាសជួបសំណេះសំណាលជាមួយមន្ត្រីសាធារណការខេត្តកំពង់ស្ពឺ នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។
នាឱកាសនោះដែរ លោករដ្ឋមន្ត្រីក៏បានណែនាំឱ្យមន្ត្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ស្ពឺ ត្រូវខិតខំបំពេញការងារប្រកបដោយប្រសិទ្ធិភាពខ្ពស់ ដើម្បីចូលរួមសម្រេចនូវគោលដៅរបស់ក្រសួង និងបម្រើដល់ផលប្រយោជន៍រួម។
លោក ប៉េង ពោធិ៍នា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលផ្តល់អាទិភាពគន្លឹះចំនួន៥ គឺ ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលក្នុងនោះវិស័យផ្លូវថ្នល់ត្រូវបានផ្តល់ជាវិស័យអាទិភាពក្នុងការបម្រើដល់ការដឹកជញ្ជូននិងការធ្វើដំណើរ។ ជាមួយនោះក្រសួងសាធារណការ និងដឹកជញ្ជូនដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលក៏បាននិងគិតគូរ ពិសេសលើយន្តការថ្មីៗ ដើម្បីអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ពន្ធ័ផ្លូវថ្នល់ និងការដឹកជញ្ជូន ដែលមានភាពធន់ឆ្លើយតបទៅនឹងការបម្រែបម្រួលអាកាសធាតុនៅកម្ពុជា។
ដើម្បីឱ្យអាទិភាពចម្បងចំនួនពីរនេះអាចសម្រេចបាន លោករដ្ឋមន្ត្រី បានបញ្ជាក់បប្រាប់មន្ត្រីក្រោមឱវាទថា ត្រូវមានយន្តការគាំទ្រចំនួន៤ រួមមាន៖
ទី១៖ ពង្រឹងប្រសិទ្ធិភាពអភិបាលកិច្ចរបស់ក្រសួង និងអភិវឌ្ឍន៍ធនធានមនុស្ស
ទី២៖ ពិពិធកម្មនៃប្រភពថវិកា ពង្រីកការគ្រប់គ្រង និងប្រសិទ្ធិភាពនៃការប្រើប្រាស់ថវិកា ស្វែងរកដៃគូអភិវឌ្ឍន៍ ដៃគូវិនិយោគសាធារណៈព្រមទាំងពង្រឹងការរៀបចំថវិកាកម្មវិធីនិងគម្រោងវិនិយោគសាធារណៈ ការកឬទម្រង់ប្រពន្ធ័គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួង
ទី៣៖ ពង្រីក ពង្រឹងការងារនាដកម្ម និងការកសាងបទដ្ឋានបច្ចេកទេស ជំរុញរៀបចំគោលនយោបាយច្បាប់ បទបញ្ញតិ និងបទដ្ឋានបច្ចេកទេសដើម្បីពង្រឹងភាពច្បាស់លាស់និងទិដ្ឋភាព ទាំងទិដ្ឋផ្លូវច្បាប់និងការងារបច្ចេកទេសក្នុងវិស័យសាធារណការនិងដឹកជញ្ជូន និង ។
ទី៤៖ ពង្រឹងការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងឌីជីថលក្នុងការគ្រប់គ្រងស្ថាប័ន និងការផ្តល់សេវាសាធារណៈ។
ជាមួយនោះ រដ្ឋមន្ត្រីក្រសួងសាធារណការ ក៏បានក្រើនរំលឹកបន្ថែមទៅដល់មន្ត្រីគ្រប់គ្រងជញ្ជីង ដែលកន្លងមកតែងតែមានការរិះគន់ពីភាពអសកម្មរបស់មន្ត្រីដែលទទួលការងារនេះសុំឱ្យពង្រឹងឡើងវិញ។ ដើម្បីបង្កើនប្រសិទ្ធិភាពនិងតម្លាភាព មន្ត្រីទទួលបន្ទុកជញ្ជីងត្រូវពិនិត្យ និងកែសម្រួលឡើងវិញជាបន្ទាន់ដើម្បីជៀសវាងការសាងកំហុសបន្ថែមទៀត។ ទន្ទឹមនេះក្រសួងក៏គ្រោងបំពាក់បន្ថែមនូវបច្ចេកវិទ្យាដើម្បីតាមដាននូវរាល់សកម្មរបស់មន្ត្រីផងដែរ។
សូមបញ្ជាក់ផងដែរថា ក្នុងឱកាសជួបសំណេះសំណាលនោះ លោករដ្ឋមន្ត្រី ប៉េង ពោធិ៍នា ផ្តល់ជូននូវសម្ភារៈ និងផ្លាកសញ្ញាសុវត្ថិភាពការដ្ឋានផ្លូវថ្នល់សម្រាប់បម្រើដល់ការថែទាំជួសជុលផ្លូវក្នុងភូមិសាស្ត្រខេត្តដែលមន្ទីរទទួលបន្ទុកផងដែរ៕
Post a Comment