បន្ទាប់ពីបានទទួលបណ្ដឹងថាមានករណីចោលួចម៉ូតូលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងជំនាញចុះធ្វើការស្រាវជ្រាវរហូតឈានដល់ ឃាត់ខ្លួនជនសង្ស័យបានម្នាក់រួមនិងវត្ថុតាង..
ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង២០និង៣០នាទី ដោយទទួលបានបទបញ្ជា ពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្ដម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត។
ទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ ឡាយ ឆៃលី ភេទប្រុស អាយុ៤៧ឆ្នាំ បច្ចុប្បន្ន៖ រស់នៅភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ដីពីករណីចោលួចម៉ូតូ ដែលប្រព្រឹត្តកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុច ស្តារហ្គោល ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្រោយពីទទួលបានពាក្យបណ្ដឹង លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងជំនាញចុះធ្វើការស្រាវជ្រាវរហូតដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ទើបធ្វើការឃាត់ខ្លួនជនសង្ស័យបានម្នាក់មានឈ្មោះ ខាត់ សុខម៉ែន ភេទប្រុស អាយុ២៣ឆ្នាំ បច្ចុប្បន្ន៖ រស់នៅភូមិព្រៃគប់ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រមទាំងដកហូតបានវត្ថុតាងម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០២២ គ្មានផ្លាកលេខ ដែលជនសង្ស័យលួចរបស់ជនរងគ្រោះខាងលើ ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតធ្វើការសួរនាំ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា៖ជនសង្ស័យក្រោយពីកម្លាំងជំនាញសួរនាំរួច បានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចម៉ូតូរបស់ជនរងគ្រោះខាងលើដែលទុកនៅមុខបន្ទប់ជួលពិតប្រាកដមែន។
ដោយផ្អែកលើចម្លើយសារភាពនិងពាក្យបណ្ដឹង និងមានវត្ថុតាងជាក់ស្ដែង ជនសង្ស័យត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយជ័យ ចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានប្រាប់ឱ្យដឹងថា៖ ជនសង្ស័យខាងលើត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បានរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ហើយនៅព្រឹកថ្ងៃចន្ទទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ចំណែកវត្ថុតាងម៉ូតូ ត្រូវបានកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ប្រគល់ជូនម្ចាស់ដើមវិញ៕
Post a Comment