ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ដែលកំពុងបើកការដ្ឋានសាងសង់ គឺជាស្ពាន ទី១៦ ក្នុងចំណោមស្ពានធំៗ ក្រោមឥណទានសម្បទានពី សាធារណរដ្ឋប្រជាមានិតចិន

ភ្នំពេញ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា អញ្ជើញជាអធិបតីពិធីបើកការដ្ឋានជាផ្លូវការសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ប្រវែង ៨៤៥,៧០ម៉ែត្រ និងផ្លូវតភ្ជាប់ប្រវែងសរុប ៨០៤,៣០ម៉ែត្រ តម្លៃ ៦០លានដុល្លារអាមេរិក ដោយប្រើប្រាស់ថវិកាឥណទានសម្បទានពីប្រទេសចិន នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមរយៈការផ្សាយក្នុងបណ្តាញសង្គមហ្វេសប៊ុក ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ដែលកំពុងបើកការដ្ឋានសាងសង់ គឺជាស្ពាន ទី១៦ បើគិតក្នុងចំណោមស្ពានធំៗ ដែលបានសាងសង់ក្រោមឥណទានសម្បទានពី សាធារណរដ្ឋប្រជាមានិតចិន រួមមាន៖

1. ស្ពានមិត្តភាពកម្ពុជា-ចិន(សេកុងស្ទឹងត្រែង)

2. ស្ពានមិត្តភាព កម្ពុជា-ចិន(ព្រែកក្ដាម)

3. ស្ពានមិត្តភាពកម្ពុជា-ចិន(ព្រែកតាមាក់)

4. ស្ពានមិត្តភាពកម្ពុជា-ចិន (ជ្រោយចង្វារទី២)

5. ស្ពានមិត្តភាពកម្ពុជា-ចិន(មេគង្គស្ទឹងត្រែង)

6. ស្ពានមិត្តភាពកម្ពុជា-ចិន (តាខ្មៅ)

7. ស្ពានមិត្តភាពកម្ពុជា-ចិន(កោះធំ)

8. ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន(សែនសុខ)

9. ស្ពានមិត្តភាពកម្ពុជា-ចិន(ស្ទឹងត្រង់-ក្រូចឆ្មារ)

10. ស្ពានមិត្តភាពកម្ពុជា-ចិន(កោះអន្លង់ចិន)

11. ស្ពាន មិត្តភាពកម្ពុជា-ចិន(ឆ្លងកាត់ទន្លេមេគង្គក្រចេះ)

12-15. ស្ពានរំលង ឬស្ពានអាកាសចំនួន ៤កន្លែង (កាត់ពី លើផ្លូវជាតិលេខ៤ លេខ៣ លេខ២ និងលេខ២១) ដែលជាផ្នែកនៃគម្រោងផ្លូវក្រវាត់ក្រុងទី៣ និង16.ស្ពាន ឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា)។

ក្រសួងក៏បានគូសបញ្ជាក់ទៀតថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់តំបន់ចាក់អង្រែក្រោម-ព្រែកប្រា មានប្រវែងសរុប ១៦៥០ម៉ែត្រ ទទឹង ២៧ម៉ែត្រ ដែលមានសម្រាប់រថយន្តចំនួន ២គន្លងទៅមក សម្រាប់ទោចក្រយានយន្តចំនួន ១គន្លងទៅមក និងសម្រាប់ថ្មើរជើង ១គន្លងទៅមក ។ គម្រោងស្ពាននេះ សាងសង់ក្នុងរយៈពេល ៤២ខែ៕ ដោយ៖ កន ចំណាន, រូបភាព៖ ក្រសួងសាធារណការ

No comments

Powered by Blogger.