មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម បើកការដ្ឋានសាងសង់ពង្រីករោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីបន្ថែម នៅស្រុកកំពង់ស្វាយ ដើម្បីបង្កើនទីផ្សារនាំចេញទៅក្រៅប្រទេស


(កំពង់ធំ)៖ លោក តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញបើកការដ្ឋានសាងសង់ពង្រីករោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីបន្ថែម ដើម្បីបង្កើនទីផ្សារនាំចេញទៅកាន់ក្រៅប្រទេស នៅភូមិត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

លោក តូច ប៊ុនហួរ លើកឡើងថា ខេត្តកំពង់ធំត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថា ជាខេត្តផលិតគ្រាប់ស្វាយចន្ទីឈានមុខគេក្នុងប្រទេសកម្ពុជា។ លើសពីនេះ គ្រាប់ស្វាយចន្ទីរបស់ប្រទេសកម្ពុជា មានទំហំធំ និងមានរសជាតិ ឈ្ងុយឆ្ងាញ់ ហើយក៏ទទួលបានការវាយតម្លៃខ្ពស់ពីប្រទេសនានា រួមទាំងប្រទេសជប៉ុនផងដែរ។

លោកថា គ្រាប់ស្វាយចន្ទី ដែលផលិតក្នុងប្រទេសកម្ពុជា ភាគច្រើនត្រូវបាននាំចេញទាំងដែលមិនទាន់កែច្នៃនេះ គឺដោយសារតែការកង្វះកន្លែងសម្រាប់សម្ងួត ឃ្លាំងស្តុកទុក និងកែច្នៃ ដែលជាមូលហេតុបង្ខំឲ្យមានការលក់គ្រាប់ ស្វាយចន្ទី ក្នុងតម្លៃទាបភ្លាមៗបន្ទាប់ពីប្រមូលផល។

លោកបន្ថែមថា ដោយឃើញពីសក្តានុពល នៃផលិតផលស្វាយចន្ទី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានផ្តល់ការណែនាំដល់គណៈកម្មាធិការគោលនយោបាយ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) ឱ្យធ្វើការដឹកនាំរៀបចំ និងដាក់ចេញនូវវិធានការចាំបាច់នានា ក្នុងការជំរុញការកែច្នៃនិងការនាំចេញផលិតផលស្វាយចន្ទី ក្នុងនោះ រួមមាន៖

*ទី១៖ ការពង្រឹង និងការពង្រីកការនាំចេញគ្រាប់ស្វាយចន្ទី ដោយចាប់ផ្ដើមពីផលិតផលពាក់កណ្ដាលសម្រេចសិន ពោលគឺផ្តោតលើការនាំចេញគ្រាប់ស្វាយចន្ទីស្ងួត ហើយក្នុងជំហានបន្ទាប់បន្តពង្រឹង និងពង្រីកការកែច្នៃគ្រាប់ ស្វាយចន្ទី ក្នុងបរិមាណដែលអាចផ្តល់ទុនបាន។

*ទី២៖ ការបន្តពង្រឹងការធ្វើម៉ាក និងទីផ្សារផលិតផលគ្រាប់ស្វាយចន្ទីកម្ពុជា (Branding and Marketing)

*ទី៣៖ ការជំរុញការចងក្រង និងការបង្កើតសហគមន៍កសិករស្វាយចន្ទី

*ទី៤៖ ការពិនិត្យលទ្ធភាព ក្នុងការបង្កើនទុនបង្វិលសម្រាប់ប្រមូលទិញគ្រាប់ស្វាយចន្ទី ដើម្បីកែច្នៃ​ និងការបង្កើនទុនវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធសម្រាប់ស្តុកនិងកែច្នៃគ្រាប់ស្វាយចន្ទី។

ជាមួយគ្នានេះ ខេត្តកំពង់ធំ មានផ្ទៃដីដាំដុះដំណាំកសិឧស្សាហកម្មដូចជាដំណាំចន្ទីដាំដុះបាន ១៤៥.៣០០ហិកតា ប្រមូលផលសរុបបាន ៨០.០០០ហិចតា និងទទួលបានទិន្នផលជាមធ្យម១,៥តោន/ហិចតាក្នុង១ឆ្នាំហើយ ខេត្តមានសហគ្រាសសិប្បកម្ម កែច្នៃស្វាយចន្ទីចំនួន៧កន្លែង និងម៉ាស៊ីនសម្ងួត ២៣កន្លែងផងដែរ។

គួរបញ្ជាក់ថា ការបើកការដ្ឋានសាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីប្រើប្រាស់ទុនជាង ១លានដុល្លារ មានទំហំ៥៨ ម៉ែត្រ គុណ២០ ម៉ែត្រ និងអាចផលិតបាន១០តោន ក្នុង១ថ្ងៃ ក្នុងកម្រិតកុងត្រា ១៥០០តោន ក្នុង១ឆ្នាំសម្រាប់ ឆ្នាំដំបូង និងសម្រាប់ឆ្នាំបន្ទាប់ ៣០០០តោន ក្នុង១ឆ្នាំ សាងសង់រយ:ពេល៤ខែ ចាប់ពីខែមីនា ដល់ចុងខែមិថុនា ឆ្នាំ២០២៤ ក្នុងនោះក៏មានការចុះអនុស្សរណៈកិច្ចសន្យាជាមួយនឹងសហគមន៍ចំនួន ១០ ដែលមានខេត្តព្រះវិហារចំនួន ៥ ខេត្តកំពង់ធំចំនួន ៥ ផងដែរ៕

No comments

Powered by Blogger.