រដ្ឋាភិបាលជប៉ុនផ្តល់ជំនួយឥតសំណងជិត ៧៧ម៉ឺនដុល្លារ សម្រាប់ការលើកកម្ពស់ការអប់រំបរិស្ថាន ការកែលម្អការអប់រំកុមារតូច និងការលើកកម្ពស់ប្រព័ន្ធកិច្ចសហប្រតិបត្តិការផ្នែកវេជ្ជសាស្រ្ដនៅកម្ពុជា
(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន តាមរយៈសា្ថនទូតប្រចាំកម្ពុជា បានចុះហត្ថលេខាផ្តល់ថវិកាសរុបចំនួន ៧៦៨,៦២៧ដុល្លារអាមេរិក ដល់អង្គភាពទទួលជំនួយចំនួន៣ ក្រោមគ្រោងការណ៍ ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន។
ពិធីចុះកិច្ចសន្យាផ្តល់ជំនួយត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដោយលោក តានីណៃ អ៉ីឈិតូមុ ភារធារីស្តីទីនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា និង អ្នកតំណាងស្ថាប័នទទួលជំនួយទាំង៣ សម្រាប់អនុវត្តគម្រោងដូចតទៅ៖
ទី១៖ ការលើកកម្ពស់ការអប់រំបរិស្ថានសម្រាប់កុមារតូច ក្នុងក្រុងព្រះសីហនុ នៃប្រទេសកម្ពុជា (ថវិកាជំនួយ ១៦០,១៤០ដុល្លារអាមេរិក)
ស្ថាប័នទទួលជំនួយ៖ អង្គការមិនរកប្រាក់ចំណេញ Nature Center Risen។
នៅក្នុងគម្រោងនេះ អង្គការ Nature Center Risen នឹងធ្វើសកម្មភាព ដើម្បីផ្សព្វផ្សាយការអប់រំបរិស្ថាន ចាប់ពីវ័យកុមារភាព នៅសាលាមត្តេយ្យមួយចំនួនក្នុងខេត្តព្រះសីហនុ ដើម្បីដោះស្រាយបញ្ហាដែលកាន់តែលំបាកទៅៗ ទន្ទឹមនឹងកំណើនសេដ្ឋកិច្ច។ គម្រោងនេះមានគោលបំណងលើកកម្ពស់ការរស់នៅជាមួយ ធម្មជាតិសម្រាប់កុមារ និងមាតាបិតារបស់ពួកគេ។
ទី២៖ លើកកម្ពស់លទ្ធភាពទទួលបាន និងគុណភាពនៃការអប់រំកុមារតូច របស់សាលាមត្តេយ្យសិក្សារដ្ឋ ក្នុងខេត្តឧត្តរមានជ័យ (ថវិកាចំនួន ៤១៤,៧៥៦ ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយ៖ អង្គការសន្តិស្ម័គ្រចិត្ត (SVA)។
នៅក្នុងគម្រោងនេះ អង្គការសន្តិស្ម័គ្រចិត្តនឹងកែលម្អបរិយាកាសអប់រំទាំងបុគ្គល និងបរិក្ខារ ដែលគាំទ្រដល់កុមារតូចៗ ដើម្បីដោះស្រាយគម្លាតនៃការអប់រំរវាងទីក្រុង និងតំបន់ជនបទ។ លើសពីនេះ អង្គកាសរន្តិស្ម័គ្រចិត្តមានគោលបំណងកែលម្អលទ្ធភាពទទួលបាន និងគុណភាពនៃសកម្មភាព នៅក្នុងសាលាមត្តេយ្យសិក្សារដ្ឋ ក្នុងខេត្តឧត្តរមានជ័យ ដែលមានទីតាំងស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា។
ទី៣៖ គម្រោងលើកកម្ពស់ប្រព័ន្ធកិច្ចសហប្រតិបត្តិការផ្នែកវេជ្ជសាស្រ្ដ នៅក្នុងតំបន់ភូមិភាគឦសាន្តនៃប្រទេសកម្ពុជា តាមរយៈការពង្រឹងការអនុវត្តការវះកាត់ (ថវិកាចំនួន ១៩៣,៧៣១ ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយ៖ អង្គការមូលនិធិសម្រាប់ការអភិវឌ្ឍន៍ និងជំនួយសង្គ្រោះអន្តរជាតិ (FIDR)។
នៅក្នុងគម្រោងនេះ អង្គការមូលនិធិសម្រាប់ការអភិវឌ្ឍន៍ និងជំនួយសង្គ្រោះអន្តរជាតិ មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការក្នុងចំណោមមន្ទីរពេទ្យ និងមណ្ឌលសុខភាព នៅភូមិភាគឦសាន្តនៃប្រទេសកម្ពុជា ដោយពង្រឹងសមត្ថភាព និងភាពជាអ្នកដឹកនាំរបស់មន្ទីរពេទ្យបង្អែកខេត្តក្រចេះ ដើម្បីបម្រើជាមជ្ឈមណ្ឌលក្នុងតំបន់ សម្រាប់ការវះកាត់។ លើសពីនេះ មន្ទីរពេទ្យបង្អែកស្រុក និងមណ្ឌលសុខភាពក៏នឹងទទួលការបណ្តុះបណ្តាល ដើម្បីកំណត់រោគសញ្ញាអ្នកជំងឺ និងបញ្ជូនពួកគេទៅមន្ទីរពេទ្យដែលមានកម្រិតខ្ពស់ជាង ឱ្យបានត្រឹមត្រូវ។
បើតាមលោក តានីណៃ អ៉ីឈិតូមុ បានថ្លែង រដ្ឋាភិបាលជប៉ុន បាននិងកំពុងផ្តល់ជំនួយឥតសំណងដល់អង្គការក្រៅរដ្ឋាភិបាលជប៉ុន ចាប់តាំងពីឆ្នាំ២០០២ ដើម្បីគាំទ្រគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់ពួកគេ ដែលត្រូវបានអនុវត្តនៅក្នុងប្រទេស ឬតំបន់កំពុងអភិវឌ្ឍ។ លោកថាក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ស្ថានទូតជប៉ុនបានផ្តល់ជំនួយជាង ១៥០គម្រោង នៅក្នុងប្រទេសកម្ពុជាតាមរយៈកម្មវិធីនេះ។ គម្រោងទាំងនេះបានចូលរួមចំណែកដោយផ្ទាល់ក្នុងការកែលម្អគុណភាពជីវិតរបស់ប្រជាជនកម្ពុជា។
ដោយឡែកលោកស្រី អ៉ីវ៉ាម៉ា មីយោកុ នាយិកាអង្គការ Nature Center Risen បានលើកឡើងថា ក្រុងព្រះសីហនុ គឺជាទីក្រុងតែមួយគត់នៅកម្ពុជា ដែលមានកំពង់ផែទឹកជ្រៅរីកចម្រើនថ្កុំថ្កើងឡើង ហើយជាទីក្រុងទេសចរណ៍ ដែលទទួលបានភ្ញៀវទេសចរមកពីបណ្ដ ប្រទេសនានាលើសកលលោក។ ប៉ុន្តែ ក៏ដោយសារមូលហេតុនេះហើយដែលបណ្តាលឱ្យមានសំរាមបញ្ចេញចោលកើនឡើងក្នុងបរិមាណយ៉ាងច្រើនហើយបង្កឱ្យមានបញ្ហាក្នុងការចាត់ចែងទុកដាក់សំរាមទាំងអស់នោះ។
លោកស្រីបានអះអាងថា «តាមរយៈការជួយគាំទ្រថវិកាពីរដ្ឋាភិបាលយើងនឹងខិតខំយកបទពិសោធន៍ដែលសន្សំជាយូរ និងចំណេះជំនាញអប់រំបរិស្ថានរបស់ជប៉ុន មកប្រើឱ្យបានជាប្រយោជន៍សម្រាប់ការងារជំរុញការបញ្ជ្រាបផ្សព្វផ្សាយការអប់រំបរិស្ថាន ដោយសហការជាមួយក្រុមការងារនៃក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា ដើម្បីយកឱ្យបានមកវិញនូវសមុទ្រ និងទីក្រុងដ៏ស្រស់ស្អាតនៃទីក្រុងព្រះសីហនុ និងការពារអាយុជីវិតកុមារា កុមារី ដែលជាទ្រព្យសម្បត្តិដ៏ថ្លៃថ្លារបស់កម្ពុជា»។
សម្រាប់លោកស្រី គីគុជី អាយ៉ាណុ នាយិកាអង្គការសន្តិស្ម័គ្រចិត្ត បានថ្លែងថា ការអប់រំកុមារតូចនៅកម្ពុជា មានការរីកចម្រើនជាលំដាប់ ទាំងការចូលរៀនសូត្រ និងគុណភាពសិក្សាក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយមានការផ្តួចផ្តើមគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងពាក់ព័ន្ធដទៃទៀត។ ទោះជាយ៉ាងនេះក៏ដោយនៅមានសាលាមត្តេយ្យសិក្សានៅតាមជនបទ និងតំបន់ដាច់ស្រយាល ដែលនៅមានការប្រឈមជាច្រើនដូចជា៖ ការខ្វះបន្ទប់រៀន និងការបង្រៀនដោយគ្រូបឋមសិក្សា ដោយសារការខ្វះគ្រូមត្តេយ្យសិក្សា និងអាណាព្យាបាលសិស្សមួយចំនួនពុំទាន់បានយល់ដឹងពីសារៈសំខាន់នៃការអប់រំកុមារតូចនៅឡើយ។
លោក សាអេគិ ខាហ្សាតុ នាយកប្រចាំប្រទេសនៃអង្គការមូលនិធិសម្រាប់ការអភិវឌ្ឍន៍ និងជំនួយសង្គ្រោះអន្តរជាតិ បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ១៩៩៦ មក អង្គការ FIDR បានសហការជាមួយមន្ទីរពេទ្យកុមារជាតិនៅក្នុងរាជធានីភ្នំពេញ អស់រយៈពេល២០ឆ្នាំ មកហើយ ដោយបានបង្កើតប្រព័ន្ធព្យាបាលកុមារ កម្រិតថ្នាក់ជាតិ សម្រេចបាននូវសមិទ្ធផលជាច្រើនក្នុងការអភិវឌ្ឍផ្នែកវេជ្ជសាស្ត្រនៅមន្ទីរពេទ្យកុមារជាតិ ដូចជាអគារវះកាត់ និងសល្យាគារ។
នាយកប្រចាំប្រទេសនៃអង្គការ FIDR បានបញ្ជាក់ថា៖ «ចាប់តាំងពីឆ្នាំ២០១៧ មកអង្គការបានកំណត់គោលដៅខេត្តក្រចេះ ជាទីតាំងភូមិសាស្ត្រសំខាន់នៅភូមិភាគឦសាន នៃប្រទេសកម្ពុជា យើងកំពុងអនុវត្តសកម្មភាពរបស់យើងទាំងកម្រិតមន្ទីរពេទ្យ និងសហគមន៍។ ក្នុងគម្រោងនេះ អង្គមានគោលបំណងបង្កើតតំបន់កិច្ចសហការផ្នែកវេជ្ជសាស្រ្តគំរូក្នុងខេត្តក្រចេះ ដោយផ្អែកលើការព្យាបាលដោយវះកាត់។ ដើម្បីសម្រេចបាននូវគោលដៅនេះមានសកម្មភាពចម្បងពីរគឺ៖ «ការពង្រឹងប្រព័ន្ធថែទាំសុខភាពក្នុងតំបន់» និង «ការកែលម្អគុណភាពនៃការថែទាំវះកាត់នៅក្នុងមន្ទីរពេទ្យ»។
ជំនួយឥតសំណង សម្រាប់គម្រោងអង្គការ ក្រៅរដ្ឋាភិបាលជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជាតាំងពីឆ្នាំ២០០២ ដើម្បីគាំទ្រដល់ សកម្មភាពរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជួយដល់ការអភិវឌ្ឍ និងស្ថាបនាប្រទេសកម្ពុជាឡើងវិញនៅតាមកម្រិតមូលដ្ឋាន។ ចាប់តាំងពីឆ្នាំ២០០២មក រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាជាង ៥៤លានដុល្លារអាមេរិក ដល់គម្រោងចំនួន ១៥៦ ដែលផ្ដោតសំខាន់ទៅលើវិស័យអប់រំ នៅកម្រិតបឋមសិក្សា វិស័សុខាយភិបាល វិស័យកសិកម្ម និងសកម្មភាពបោសសម្អាតមីនក្នុងប្រទេសកម្ពុជា។
Post a Comment