ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យ ស្ដីពីការគ្រប់គ្រងសន្ដិសុខអាកាសចរណ៍ស៉ីវិលកម្ពុជា

(ភ្នំពេញ)៖ លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិសន្ដិសុខអាកាសចរណ៍ស៉ីវិលកម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យស្ដីពី ការគ្រប់គ្រងសន្ដិសុខអាកាសចរណ៍ស៉ីវិលកម្ពុជា។ កិច្ចប្រជុំផ្សព្វផ្សាយនេះ ត្រូវបានធ្វើឡើងនៅសាលប្រជុំ អគារមិត្តភាព នៃទីស្ដីការគណៈរដ្ឋមន្ដ្រី។

សូមរំលឹកថា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤កន្លងទៅ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យស្ដីពីការគ្រប់គ្រងសន្ដិសុខអាកាសចរណ៍ស៉ីវិលកម្ពុជា។ អនុក្រឹត្យនេះ មាន១២ជំពូក និង២៥មាត្រា។

អនុក្រឹត្យនេះកំណត់អំពីការគ្រប់គ្រងសន្តិសុខអាកាសចរណ៍ស៊ីវិលនៅក្នុងកម្ពុជា ក្នុងគោលបំណងដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃអាកាសចរណ៍ស៊ីវិល ការពារសន្តិសុខ និងសុវត្ថិភាពដល់អ្នកដំណើរ ក្រុមអាកាសយានិក បុគ្គលិកបម្រើការងារលើផ្ទៃដី សាធារណជនទូទៅ អាកាសយាន អាកាសយានដ្ឋានអន្តរជាតិ អាកាសយានដ្ឋានមូលដ្ឋាន និងឋបនីយភណ្ឌអាកាសយានដ្ឋាន ព្រមទាំងប្រឆាំង នឹងអំពើរំលោភបំពានច្បាប់នៅលើផ្ទៃដីដែលពាក់ព័ន្ធជាមួយនឹងសកម្មភាពអាកាសចរណ៍ស៊ីវិល និងពេលកំពុងហោះហើរ។

គណៈកម្មាធិការជាតិសន្ដិសុខអាកាសចរណ៍ស៉ីវិលកម្ពុជា មានឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ជាប្រធាន អមដោយអនុប្រធានប្រចាំការ ១រូប, អនុប្រធាន ១១រូប និងសមាជិកជាច្រើនរូបផ្សេងទៀត។ គណៈកម្មាធិការជាតិនេះ ត្រូវធ្វើជាសេនាធិការឲ្យរាជរដ្ឋាភិបាល លើការដឹកនាំ និងគ្រប់គ្រងការងារសន្ដិសុខអាកាសចរណ៍ស៉ីវិលនៅកម្ពុជា។

គណៈកម្មាធិការជាតិសន្ដិសុខអាកាសចរណ៍ស៉ីវិលកម្ពុជា មានភារកិច្ចដូចខាងក្រោម៖

* ដឹកនាំ និងគ្រប់គ្រងការងារសន្តិសុខអាកាសចរណ៍ស៊ីវិលនៅក្នុងព្រះរាជាណាចក្រកម្ពុជា

* ដឹកនាំ សម្របសម្រួល ក៏ដូចជាដាក់ចេញនូវវិធានការចាំបាច់នានា ដើម្បីធានាបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយ និងបរិយាកាសល្អប្រសើរនៅអាកាសយានដ្ឋាន

* រៀបចំកម្មវិធីជាតិសន្តិសុខអាកាសចរណ៍ស៊ីវិល កម្មវិធីជាតិត្រួតពិនិត្យគុណភាពសន្តិសុខអាកាសចរណ៍ស៊ីវិល កម្មវិធីជាតិបណ្តុះបណ្តាលសន្តិសុខអាកាសចរណ៍ស៊ីវិល និងកម្មវិធីជាតិសម្របសម្រួល ការដឹកជញ្ជូនផ្លូវអាកាស ដើម្បីដាក់ជូនប្រមុខរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច

* ពិនិត្យលើគោលនយោបាយជាតិ សន្ធិសញ្ញា អនុសញ្ញា ពិធីសារ អនុស្សរណៈនៃការយោគយល់គ្ន និងកិច្ចព្រមព្រៀងអន្តរជាតិនានាស្តីពីសន្តិសុខអាកាសចរណ៍ស៊ីវិល ដើម្បីដាក់ជូនប្រមុខរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច

* បែងចែក និងប្រគល់ភារកិច្ចដល់មន្ត្រីនិងកងកម្លាំងក្រោមឱវាទ និងក្រសួង ស្ថាប័នដែលពាក់ព័ន្ធ ដើម្បីអនុវត្តតាមកម្មវិធីជាតិសន្តិសុខអាកាសចរណ៍ស៊ីវិល គោលនយោបាយជាតិ សន្ធិសញ្ញា អនុសញ្ញ ពិធីសារ អនុស្សរណៈនៃការយោគយល់គ្នា និងកិច្ចព្រមព្រៀងអន្តរជាតិស្ដីពីសន្តិសុខអាកាសចរណ៍ ស៊ីវិល ព្រមទាំងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា

* តាមដាន ត្រួតពិនិត្យ និងវាយតម្លៃជាប្រចាំលើការអនុវត្តកម្មវិធីជាតិអាកាសចរណ៍ស៊ីវិល គោលនយោបាយជាតិ សន្ធិសញ្ញា អនុសញ្ញា ពិធីសារ អនុស្សរណៈនៃការយោគយល់គ្នា និងកិច្ចព្រមព្រៀងអន្តរជាតិស្ដីពីសន្តិសុខអាកាសចរណ៍ស៊ីវិល ព្រមទាំងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា

* ពិនិត្យ និងសម្រេចលើការគ្រប់គ្រងតំបន់ពិសេស ក្នុងបរិវេណអាកាសយានដ្ឋាននៃព្រះរាជាណាចក្រកម្ពុជា

* ពិនិត្យ និងសម្រេចលើបទប្បញ្ញត្តិស្តីពីការផ្តល់បណ្ណចេញ-ចូលអាកាសយានដ្ឋានសម្រាប់រថយន្ត និងសម្រាប់មន្ត្រីរាជការ និងបុគ្គលិកនៃក្រសួង ស្ថាប័ន អង្គទូត អគ្គកុងស៊ុល អង្គការនានា និងក្រុមហ៊ុនឯកជន ដែលមានភារកិច្ចចាំបាច់

* បូកសរុបសភាពការណ៍ និងសកម្មភាពការងារសន្តិសុខអាកាសចរណ៍ស៊ីវិល ដើម្បីរាយការណ៍ជូន រាជរដ្ឋាភិបាល

* អនុវត្តភារកិច្ចផ្សេងទៀតតាមការប្រគល់ពីប្រមុខរាជរដ្ឋាភិបាល៕


No comments

Powered by Blogger.