អាជ្ញាធរខេត្តកោះកុង ធ្លាប់បានឲ្យម្ចាស់ទីតាំងរបងថ្ម៣កន្លែង ដែលសង់រំលោភឆ្នេរនេសាទត្រូវវាយកម្ទេចចោល តែរហូតមកដល់ពេលនេះ មិនទាន់វាយកម្ទេចនៅឡើយ
ការមិនវាយរបងថ្មនេះចោល គឺគឃ្លើននឹងបទបញ្ជារបស់លោក អន សុធារិទ្ធ អភិបាលរងខេត្តកោះកុង និងជាអនុប្រធានគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ខេត្តកោះកុង ជិត២ខែកន្លងមក ក្រុមម្ចាស់សំណង់របងថ្មចំនួន៣កន្លែង ហាក់មិនខ្វាយខ្វល់សោះនឹងអ្វីដែលជាចំណាត់ការឲ្យរុះរើវាយកម្ទេចចោលរបងខុសច្បាប់របស់ខ្លួននោះឡើយ។
បើតាមការអង្កេតរបស់ប្រជាពលរដ្ឋ និងអ្នកទេសចរដែលទៅកម្សាន្តរមណីយដ្ឋានឆ្នេរនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល បានមើលឃើញថា កម្រិតនៃការវាយកម្ទេចរបងនៅមិនទាន់ដល់ទីតាំងកំណត់គំនូសវាស់វែងរបស់អាជ្ញាធរខេត្ត ឲ្យរុះរើវាយកម្ទេចប្រវែង ១១០ម៉ែត្រ ចេញជាបន្ទាន់ពីដីចំណីឆ្នេរសមុទ្រទេ។ ដោយពួកគេវាយតែផ្នែកខាងលើរបងប៉ុណ្ណោះ ហើយទុកកម្ពស់ប្រហែលជា ១ម៉ែត្រកន្លះពីដី បើគិតជាប្រវែងវិញប្រមាណតែជាង១០ម៉ែត្រ។ បញ្ហានេះ អាចសរបញ្ជាក់ថា ទំនងជាមានរឿងមិនប្រក្រតីអ្វីហើយ ទើបបណ្តោយអោយរបងថ្មខុសច្បាប់ដែលសង់លយចូលឆ្នេរសមុទ្រអាចឈរបង្ហាញខ្លួនបានយ៉ាងរំភើយដូច្នេះ។
លោក ប៊ុន រ៉េ មេឃុំជ្រោយស្វាយ បានឆ្លើយតបនៅថ្ងៃទី១៤ ខែមីនាថ្មីៗនេះថា លោក និងក្រុមការងារចុះពន្យល់ឲ្យម្ចាស់ទីតាំងរបងទាំង៣ ត្រូវចូលរួមស្ម័គ្រចិត្តវាយដោយខ្លួនឯង ហើយវាយទៅតាមការកំណត់របស់រដ្ឋបាលខេត្តផងដែរ។ ចៀសវាងបង្កភាពស្មុគស្មាញកាន់តែខ្លាំងដល់អាជ្ញាធរ ព្រមទាំងបង្កការប៉ះពាល់ដល់សោភ័ណភាពបរិស្ថានតំបន់ឆ្នេរកម្ពុជា។ លោកទទួលស្គាល់ថា ការវាយកម្ទេចរបងនេះ នៅមានកម្រិតនៅឡើយ ពោលគឺមិនទាន់អនុវត្តបានពេញលេញតាមការកំណត់របស់រដ្ឋបាលខេត្តនោះទេ។ ព្រោះម្ចាស់ទីតាំងល្មើសសុំវាយដំណាក់ជំហ៊ានទី១សិន រង់ចាំការសុំវាស់វែងកំនត់ចំណីឆ្នេរសមុទ្រពីថ្នាក់ខេត្ត និងអន្តរក្រសួង។
លោក អន សុធារិទ្ធ អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មាធិការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាខេត្តកោះកុង គូសបញ្ជាក់ដែរថា ក្រុមម្ចាស់ទីតាំងសង់របងខុសច្បាប់ខាងលើ ពិតជាបានស្នើសុំវាយកម្ទេចរបងថ្មនេះ តាមប្លង់កម្មសិទ្ធិរបស់ពួកគេដោយមានការទទួលស្គាល់ពីអាជ្ញាធរ និងមន្ទីរជំនាញ។ ពួកគាត់ក៏សុំដល់ក្រុមការងារជំនាញចុះពិនិត្យដីធ្លីចំណីឆ្នេរសមុទ្រ និងរង់ចាំគណៈកម្មាធិការថ្នាក់ជាតិបន្តត្រួតពិនិត្យសម្រេចជាថ្មីម្តងទៀត ដើម្បីមានចំណាត់ការបន្តថានឹងត្រូវធ្វើយ៉ាងណា។
ទាំងអាជ្ញាធរខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ ធ្លាប់ពន្យល់ថា រាល់ការសង់របងថ្មនេះ គឺពិតជាមានការរំលោភបំពានដោយការសង់សំណង់រឹងមាំខុសច្បាប់ បែបអនាធិតេយ្យមកលើតំបន់ឆ្នេរ ធ្វើឲ្យប៉ះពាល់សោភ័ណយ៉ាងធ្ងន់ធ្ងរដល់តំបន់សមុទ្ររបស់រដ្ឋ៕
Post a Comment