សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋឡាវ
(ឡាវ, វៀងច័ន្ទ)៖ នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ថងលូន ស៊ីសូលីត ប្រធានរដ្ឋឡាវ។
សូមបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បំពេញទស្សនកិច្ចជាផ្លូវការនៅក្នុងប្រទេសឡាវ។ ក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី នៅប្រទេសឡាវ នាពេលនេះ នឹងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាព ជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសទាំងពីរ ព្រមទាំង ពង្រឹង មូលដ្ឋានគ្រឹះដើម្បីវឌ្ឍនភាព និងវិបុលភាពសម្រាប់ផលប្រយោជន៍ របស់ប្រជាជននៃប្រទេសទាំង ពីរ។
កម្ពុជា និងឡាវ បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៥៦។ ទំនាក់ទំនងកម្ពុជា និងឡាវត្រូវបានលើកកម្ពស់ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ក្នុងឱកាសទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីឡាវ នៅកម្ពុជានៅថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០១៩៕
Post a Comment