គ្រឿងញៀនជិត៧០០ គីឡូក្រាម សមត្ថកិច្ចកម្ពុជាសហការជាមួយនិងសមត្ថកិច្ចវៀតណាមធ្វើការបង្ក្រាបបាន..
ភ្នំពេញ៖ ករណីជនជាតិវៀតណាមពីរនាក់រួមនិងគ្រឿងញៀនជាច្រើនគីឡូក្រាម ត្រូវបានសមត្ថកិច្ចធ្វើការបង្ក្រាប ការបង្គ្រាបនេះធ្វើឡើងក្រោមកិច្ចសហការសមត្ថកិច្ចកម្ពុជា និងវៀតណាម ដោយតាមដានលើមុខសញ្ញាក្រុមលួចលាក់ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ពីប្រទេសឡាវ និង ថៃ ឆ្លងកាត់កម្ពុជា ទៅប្រទេសវៀតណាម។ ក្រុមដឹកគ្រឿងញៀនទាំងនោះ មានទីតាំងរក្សាទុកគ្រឿងញៀន នៅរាជធានីភ្នំពេញ។
ក្រោយបានទទួលព័ត៌មានមន្ទីរប្រឆាំងគ្រឿងញៀនកម្ពុជា បានចាប់ផ្ដើមស៊ើបអង្កេត និងចុះបង្ក្រាបករណីរក្សាទុក និងដឹកជញ្ជូនគ្រឿងញៀនចំនួនពីរគោលដៅជាបន្តបន្ទាប់នៅថ្ងៃទី១៩ ខែមីនា គោលដៅទីមួយ គឺនៅចំណុចខុនដូរហ្សង់អេលីហ្សេ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយបានឃាត់ខ្លួនជនជាតិវៀតណាមម្នាក់។ ចំណែកគោលដៅទីពីរ នៅចំណុចខុនដូរផ្លាទីនីនបេ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបានមួយរូបទៀត ជាជនជាតិវៀតណាម។
ប្រតិបត្តិការបង្ក្រាបនៅទីតាំងទាំងពីរនេះ សមត្ថកិច្ចបានរឹបអូសគ្រឿងញៀន ជិត៧០០គីឡូក្រាម រួមមាន អាវុធខ្លី១ដើម គ្រាប់កាំភ្លើងចំនួន១២គ្រាប់ ជញ្ជីងថ្លឹង និងសម្ភារៈមួយចំនួនទៀត។ បច្ចុប្បន្ននេះជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចជំនាញសាកសួរ និងស៊ើបអង្កេតបន្ថែមទៀត ដើម្បីរៀបចំសំណុំរឿង ចាត់ការតាមនីតិវិធី៕
Post a Comment