ជ្រូកក្លាសេចំនួន១១០ក្បាល ខូចគុណភាព គ្មានឯកសារនាំចូល ត្រូវបានមន្ត្រីជំនាញធ្វើការដុតកម្ទេចចោល..
បាត់ដំបង៖ កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ ក្រុមអ្នកនាំពាក្យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ឱ្យដឹងថា៖ នៅរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ នៅភូមិសាស្រ្តស្រុកថ្មគោល ខេត្តបាត់ដំបង មន្រ្តី នៃការិយាល័យស្រាវជ្រាវ និងបង្រ្កាបអំពើរត់ពន្ធតំបន់៤ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការឃាត់ត្រួតពិនិត្យរថយន្តម៉ាក LEXUS ១គ្រឿង កំពុងដឹកជញ្ជូនជ្រូកក្លាសេចំនួន១១០ក្បាល ទម្ងន់ប្រមាណ ៨៨០គីឡូក្រាម ដែលធ្វើដំណើរចេញពីតំបន់ព្រំដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយពុំមានឯកសារបែបបទនាំចូល។
ដោយមានការសង្ស័យលើគុណភាព នៃទំនិញទាំងនេះ នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ មន្រ្តីគយ និងរដ្ឋាករបានស្នើកិច្ចសហការពីមន្រ្តី នៃសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ខេត្តបាត់ដំបង (ក.ប.ប) ដើម្បីធ្វើការត្រួតពិនិត្យរកសារធាតុគីមី និងគុណភាព។
ជាលទ្ធផល ជ្រូកក្លាសេទាំងអស់ ខូចគុណភាព វេចខ្ចប់គ្មានអនាម័យជាង១១០ក្បាល ដឹកជញ្ជូនមិនត្រឹមត្រូវតាមស្តង់ដាបច្ចេកទេស ដូចនេះសមត្ថកិច្ចចម្រុះ បានសុំការអនុញ្ញាតពីលោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដើម្បីធ្វើការដុតកម្ទេចជ្រូកក្លាសេខូចគុណនេះចោល៕
Post a Comment