ប្រជាពលរដ្ឋជាង ១០ម៉ឺននាក់បានចូលមកលេងកម្សាន្ត ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងខេត្ដស្ទឹងត្រែង
ស្ទឹងត្រែងសង្ក្រាន្ត បានទាក់ទាញប្រជាពលរដ្ឋ និងភ្ញៀវទេសចរមកពីតាមរាជធានីខេត្តជាង ១០ម៉ឺននាក់ បានចូលមកលេងកម្សាន្តក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅខេត្តស្ទឹងត្រែង រយៈពេល ៤ថ្ងៃនេះ។
លោក អ៊ន ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងបានឲ្យដឹងថា អាជ្ញាធរខេត្តបានរៀបចំព្រឹត្តិការណ៍សង្ក្រាន្ដឆ្នាំថ្មី ដែលមានទីតាំង ស្របតាមដងទន្លេសេកុងក្នុងក្រុងស្ទឹងត្រែង បានទាក់ទាញបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរមកពីបណ្ដាលខេត្តផ្សេងចូលមក លេងល្បែងរបាំប្រជាប្រិយ និងរាំលេងកម្សាន្តសប្បាយរីករាយ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
លោកប្រធានមន្ទីរ បានបន្តថា ក្នុងរយៈពេល៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរក្នុងឆ្នាំ២០២៤នេះ ភ្ញៀវមកពតាមបណ្ដាលខេត្តផ្សេងៗ និងពលរដ្ឋមកពីតាមឃុំស្រុកទូទាំងខេត្តស្ទឹងត្រែង មានចំនួនសរុប ១០៩៥៩២នាក់ មានការកើនឡើង៧៨,៨០% ប្រៀបធៀបរយៈពេល៤ថ្ងៃដូចគ្នាកាលពីឆ្នាំ២០២៣។
លោក ឆយ សុវណ្ណា ភ្ញៀវទេសចរមកពីខេត្តកំពង់ឆ្នាំងបានសំដែងនៅទឹកចិត្តសប្បាយរីករាយដោយបញ្ជាក់ថា នេះជាឆ្នាំទី៣ហើយ ដែលលោកបាននាំក្រុមគ្រួសារមិត្តភ័ក្តបងប្អូនមកលេងកម្សាន្ដ។
លោក ម៉ែន គង់ ប្រធានក្រុមការងារសហភាពសហព័ន្ធយុវជនប្រចាំខេត្តស្ទឹងត្រែងបានឲ្យដឹងថា ព្រឹត្តការណ៍ស្ទឹងត្រែងសង្ក្រាន្ត មានរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤នេះ មានគោលបំណងបង្កើនភាពសម្បាយរីករាយដល់មហាគ្រួសារខ្មែរ ដោយមិនប្រកាន់និន្នាការនយោបាយ ឬសាសនា ពណ៌សម្បុរ អ្វីទាំងអស់។ ជាមួយគ្នានេះ ព្រឹត្តិការណ៍នេះ ក៏បានគាស់រំលើងនូវល្បែងប្រជាប្រិយខ្មែរ ដែលមានពីមុនមកឲ្យយុវជនជំនាន់ក្រោយបានចូលរួមលេងកម្សាន្ដ។
លោកបន្តថា ស្ទឹងត្រែងសង្ក្រាន្ដដែលអាជ្ញាធរបានរៀបចំឡើងនៅក្នុងប្រធានបទឆ្នាំ២ឥ២៤នេះ គឺរួមចំណែកទៅនឹងសង្ក្រាន្ដរបស់កម្ពុជាយើងទាំងមូល នៃពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលយើងហៅថាសង្ក្រាន្តសន្តិភាព ហើយនិមិត្តសញ្ញាសម្រាប់សង្ក្រាន្តរបស់ខេត្តស្ទឹងត្រែង គឺរូបកងចក្រ។
សូមបញ្ជាក់ថា ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររយៈពេល៤ថ្ងៃ សម្រាប់ខេត្តស្ទឹងត្រែង បានប្រព្រឹត្តទៅដោយរលូន មិនមានចោរលួច មិនមានកើតឡើងនៅអំពើហិង្សា ឬបាតភាពមិនល្អកើតឡើងនោះឡើយ គឺកម្លាំងសមកិច្ចបានការពារសុវត្ថិភាពជូនប្រជាពលរដ្ឋចូលមកលេងកម្សាន្ដបានល្អប្រសើរ៕
Post a Comment