លោក នង សំរ៉ាំង មេប៉ុស្តិ៍អូរបីជាន់ត្រូវយុវជន ២នាក់ចោទប្រកាន់ថា បានប្រើហិង្សាវាយទៅលើពួកគាត់កណ្ដាលហ្វូងមហាជន!!

បន្ទាយមានជ័យ÷ លោក នង សំរ៉ាំង មេប៉ុស្តិ៍អូរបីជាន់វាយយុវជន២នាក់ ដែលជិះម៉ូតូលេងកំសាន្តក្នុងថ្ងៃចូលឆ្នាំប្រពៃណីខ្មែរ ហើយអូសដាក់លើឡាន យកទៅធ្វើទារុណកម្មនៅប៉ុស្តិ៍ថែមទៀតផង ។

តាមការរៀបរាប់របស់ពីយុវជន២នាក់ដែលត្រូវលោក នង សំរ៉ាំង មេប៉ុស្តិ៍អូរបីជាន់ វាយធ្វើទារុណកម្ម ព្រមទាំងមិត្តភក្តិ  បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានថា កាលពីរសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ នៅវេលាម៉ោង៤ជាង មុនពេលកើតហេតុ ពួកគាត់បានជិះម៉ូតូដើរលេងក្នុងថ្ងៃចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ មកពីវត្តណងចាន់ លុះមកដល់ចំណុចស្ពានចិន ជិតប៉ុស្តិ៍វរ:ការពារព្រំដែនគោកលេខ៩១១ ភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយ ស្រាប់តែលោក នង សំរ៉ាំង មេប៉ុស្តិ៍ បើកឡានពីក្រោយមានគ្នា២នាក់ ហើយស្រែកហៅឲ្យពួកគាត់ឈប់ និងធ្វើសកម្មភាពវាយទៅលើពួកគាត់ ទាំងកំរោលដូចមនុស្សស្រវឹងស្រា ទោះយុវជនទាំងអស់នោះ លើកដៃសំពះសុំទោសថាមិត្តភក្តិខ្ញុំខុសអី រួមនិងការលើកដៃសំពះអង្វរករយ៉ាងណាក៏ដោយ លោក នង សំរ៉ាំង មេប៉ុស្តិ៍មិនលើកលែងដែរ នូវតែវាយទាត់ធាក់ពួកគាត់ ហើយអូសពួកគាត់ដាក់ឡានយកទៅធ្វើទារុណកម្មដូចសត្វធាតុ នៅប៉ុស្តិ៍បន្តទៀត ។

ប្រជាពលរដ្ឋមានរិះគន់យ៉ាងខ្លាំងថា មន្ត្រីនគរបាលជាអ្នកអនុវត្តច្បាប់ហ្នឹងការពារសន្តិសុខជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន តែលោក នង សំរ៉ាំង មេប៉ុស្តិ៍អូរបីជាន់ បែជាមិនអនុវត្តគោរពតាមច្បាប់ បែរជាប្រើអំពើហិង្សាលើប្រជាពលរដ្ឋទាំងកណ្ដាលហ្វូងមហាជនក្នុងថ្ងៃចូលឆ្នាំប្រពៃណីខ្មែរ ធ្វើឲ្យផ្អើលប្រជាពលរដ្ឋកំពុងដើរលេង ទង្វើបែបនេះប្រជាពលរដ្ឋមានការរិះគន់ចំពោះទង្វើអសីលធម៌របស់លោក នង សំរ៉ាំង មេប៉ុស្តិ៍រូបនេះជាខ្លាំង ។

យុវជនរងគ្រោះដោយហិង្សាពីលោក នង សំរ៉ាំង មេប៉ុស្តិ៍សូមសំណូមពរដល់លោកវរ:សេនីយ៍ទោ អុឹម សុភារ: អធិការនគរបាលស្រុកអូរជ្រៅ ជាពិសេសលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការរដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមជួយពិនិត្យនិងរកភាពយុត្តិធម៌ជូនដល់ពួកគាត់ផង ។

ចំពោះករណីខាងលើនេះលោក នង សំរ៉ាំង មេប៉ុស្តិ៍អូរបីជាន់បានបញ្ជាក់ប្រាប់អង្គភាពសារព័ត៌មានតាមទូរសព្ទថា មិនមែនដូចការចោតប្រកាន់ទេ ៕






No comments

Powered by Blogger.