ប្រសាសន៍សំខាន់ៗរបស់សម្តេចមធិបតី ក្នុងឱកាសជួបសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ០១ ឧសភា ២០២៤។

ប្រសាសន៍សំខាន់ៗរបស់សម្តេចមធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖

-សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញគោលការណ៍ដល់ក្រសួងស្ថាប័នជំនាញត្រូវប្រុងប្រយ័ត្នចំពោះគ្រោះអគ្គិភ័យក្នុងកាលទេសអាកាសធាតុឡើងកម្ដៅខ្លាំងបែបនេះ។ ក្នុងនោះសម្ដេចធិបតី បានបញ្ជាឱ្យ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងកងកម្លាំងជំនាញគ្រប់ផ្នែកយកចិត្តទុកដាក់ក្នុងការត្រៀមទប់ស្កាត់ និងសង្គ្រោះប្រជាពលរដ្ឋនៅគ្រប់ពេលវេលា។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់ក្រសួងអប់រំ យុវជន និងកីឡា ពិនិត្យមើល បើសិនជាអាកាសធាតុឡើងកម្ដៅខ្លាំងលើស ៤០អង្សា ក្រសួងអប់រំ អាចមានសិទ្ធិផ្អាកការសិក្សានៅតាមសាលារៀនដោយផ្ទាល់តែម្ដង។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា សម្ដេចបានបង្កើតក្រុមការងារអន្តរាគមន៍ពិសេសរបស់នាយករដ្ឋមន្រ្ដីមួយ សម្រាប់តាមដាន ពិនិត្យការងារផ្សេងៗដែលបានដាក់ចេញហើយជាប់គាំង ឬមិនដំណើរការល្អ ដើម្បីជំរុញការងារនោះឱ្យសម្រេចបាន ឬក៏ត្រូវវះកាត់ចេញ។

-សម្ដេចធិបតី នាយករដ្ឋមន្ត្រី ស្នើឱ្យកែលម្អប្រព័ន្ធផ្លូវរថភ្លើងទាំងអស់ ដើម្បី អាចឱ្យរថភ្លើងអាចបើកបានក្នុងល្បឿន ៨០ គីឡូម៉ែត្រក្នុងមួយម៉ោង។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ កំពង់ផែនៅខេត្តកំពត នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសអរគុណជាថ្មីដល់ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ដែលបានចេញគាំទ្រយ៉ាងផុសផុលចំពោះ «គម្រោងព្រែកជីកហ្វូណនតេជោ»។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ «ផែនការលើក្រដាសវាគ្មានតម្លៃសម្រាប់យើងទេ ប៉ុន្ដែតម្លៃគឺស្ថិតនៅលើការចាត់តាំង និងអនុវត្តច្បាស់លាស់»។










No comments

Powered by Blogger.