មេបញ្ជាការរងសឹករងស្រុកម៉ាឡៃ ហួត ប៊ុនធឿន បើកដៃឲ្យពលករឆ្លងដែនខុសច្បាប់ខណៈនៅខែមុនពលករបម្រុងឆ្លងដែនខុសច្បាប់៣០០នាក់ ក្នុងដីការ៉ាស់សាំង ចំការស្វាយខ្លួន ត្រូវទប់ស្កាត់ មន្ត្រីកាន់កញ្ចប់បទល្មើសខុសច្បាប់ បែរជារកមេខ្យល់មិនឃើញ
បន្ទាយមានជ័យ៖ កម្លាំងជំនាញការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស បញ្ជាការដ្ឋានវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៥ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ បានឆ្មក់ឃាត់ទប់ស្កាត់ ពលរដ្ឋខ្មែរត្រៀមឆ្លងដែនខុសច្បាប់ទៅធ្វើការនៅប្រទេសថៃ បានចំនួន ៣០០នាក់ នៅវេលាម៉ោង១៤:៣០នាទីរសៀល ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ផងដែរ ។
ក្នុងប្រតិបត្តិការនោះ ដឹកនាំទប់ស្កាត់ ដោយលោកស្រីឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរង ផែនការងារប្រឆាំងការជួញដូរមនុស្ស និងយេនឌ័រ លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ កម្លាំងអធិការនគរបាលស្រុកម៉ាឡៃ កម្លាំងយោធាផ្នែកសឹករង ជាលទ្ធផល សមត្ថកិច្ចបានឃាត់មនុស្សប្រុស-ស្រី ចំនួន៣០០នាក់ ក្នុងនោះស្រី១៥៤នាក់ កុមារ២៦នាក់ ពលរដ្ឋទាំងនោះត្រូវបានស្ទាក់ឃាត់ក្នុងភូមិសាស្រ្ត ស្រុកម៉ាឡៃ ខេត្ត បន្ទាយមានជ័យ ទន្ទឹមគ្នានោះ ក៏មានវត្តមានលោក ស្វាយ ជា អភិបាលស្រុកម៉ាឡៃ និងស្ថាប័នពាក់ព័ន្ធ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋទាំងនោះផងដែរ ។
តែអ្វីដែលមហាជនហួសចិត្តនោះរកមេខ្យល់ និងមន្ត្រីល្មើសច្បាប់ពាក់ព័ន្ធមិនឃើញ ខណៈទីតាំងដែលបានទប់ស្កាត់នោះគឺក្នុងដីការ៉ាស់សាំងចំការស្វាយរបស់លោក ហួត ប៊ុនធឿន មេបញ្ជាការរងសឹករងស្រុកម៉ាឡៃ ហើយជាមន្ត្រីកាន់កញ្ចប់បទល្មើសខុសច្បាប់ផងដែរ យោងតាមប្រភពប្រជាពលរដ្ឋបានរាយការណ៍មកអង្គភាពសារព័ត៌មានយើង។
មិនត្រឹមតែប៉ុណ្ណោះថ្មីៗនេះប្រភពពីប្រជាពលរដ្ឋបានរាយការណ៍មកថា:លោក ហួត ប៊ុនធឿន កំពុងតែដើរកៀបសង្កត់ប្រជាពលរដ្ឋរកស៊ីបន្តិចបន្តួចខ្វះព្រឹកខ្វះល្ងាច ទិញគោពីប្រទេសថៃឆ្លងកាត់ទឹកដីស្រុកម៉ាឡៃរបស់លោកកាន់កាប់គឺត្រូវបង់មួយក្បាល២០០បាត បើបង់មិនគ្រប់ចំនួន២០០បាតទេនោះ គឺលោកមេបញ្ជាការរង រូបនេះមិនឲ្យឆ្លងដែនមកជាដាច់ខាត ថែមទាំងយកឈ្មោះថ្នាក់ដឹកនាំសឹករងខេត្ត មកគម្រាមកំហែងប្រជាពលរដ្ឋថា: ជាបទបញ្ជាប្រមូលសេដ្ឋកិច្ច បទល្មើសជូនឲ្យថ្នាក់លើផងដែរ តើលោក ទាវ ភារម្យ មេបញ្ជាការសឹករងស្រុកម៉ាឡៃកំពុងធ្វើអ្វីបានជាបណ្ដែតបណ្ដោយឲ្យកូនចៅប្រព្រឹត្តបទល្មើសបែបនេះ ឬ ក៏លោកមានការចូលរួមចំណែកដែរ ។
សូមបញ្ជាក់ផងដែរថា: ទីតាំងស្តុបពលករបម្រុងឆ្លងដែនខុសច្បាប់ចំនួន ៣០០នាក់ ខាងលើដែលជាការ៉ាស់សាំងនិងដីចំការស្វាយរបស់លោក ហួត ប៊ុនធឿន គឺមានចម្ងាយប្រហែល ១០០ ម៉ែត្រប៉ុណ្ណោះពីបន្ទាយយោធា សឹករងស្រុកម៉ាឡៃ មហាជនបានដាក់សំណួរសួរថាហេតុអ្វីរកមេខ្យល់និងមន្ត្រីពាក់ព័ន្ធបទល្មើសមិនឃើញ បានត្រឹមរក្សាភាពស្ងៀមស្ងាត់ធ្វើមិនដឹងមិនឮ ។
សូមលោកឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក សិទ្ធិ ឡោះ ស្នងការនគរនគរបាលខេត្ត លោក ជឹម ប៊ុនអាន និងលោក ឈុន មៅ មេបញ្ជាការសឹករងខេត្ត ជួយស្រាវជ្រាវរកមុខមេខ្យល់ និងមន្ត្រីពាក់ព័ន្ធ ជាពិសេសនោះគឺ លោក ហួត ប៊ុនធឿន មន្ត្រីយោធានិងជាមេបញ្ជាការរងសឹករងស្រុកម៉ាឡៃ ដែលកំពុងដើរកៀបសង្កត់ប្រជាពលរដ្ឋនិងយកឈ្មោះថ្នាក់លើកាងបទល្មើសខុសច្បាប់ផងទាន ។
ពាក់ព័ន្ធក្នុងការចុះផ្សាយខាងលើអង្គភាពសារព័ត៌មានយើង និងរង់ចាំការបកស្រាយបំភ្លឺរៀងរាល់ម៉ោងធ្វើការ៕ ដោយ៖ គេហទំព័រ រស្មី ជាយដែន
Post a Comment