រដ្ឋមន្ត្រីសុខាភិបាល ស្នើដល់អាជ្ញាធរគ្រប់រាជធានីខេត្ត បន្តពង្រឹងសន្តិសុខ និងសុវត្ថិភាព ជូនដល់មន្ត្រី អ្នកជំងឺនិងគ្រួសារដែលទទួលសេវា ឬស្នាក់នៅព្យាបាលតាមមូលដ្ឋានសុខាភិបាល
(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានស្នើដល់អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត លើការបន្តពង្រឹងសន្តិសុខ និងសុវត្ថិភាព ជូនដល់មន្ត្រី បុគ្គលិកសុខាភិបាល ដែលបំពេញការងារ ក៏ដូចជាអ្នកជំងឺ និងគ្រួសារដែលទទួលសេវា ឬស្នាក់នៅព្យាបាលនៅតាមមូលដ្ឋានសុខាភិបាល ។
ការស្នើសុំយ៉ាងដូច្នេះ បន្ទាប់ពីអ្នកគ្រូពេទ្យម្នាក់ត្រូវខ្មាន់កាំភ្លើង ចូលបាញ់ប្រហារដល់បន្ទប់ប៉ុស្ដិ៍សុខភាពអណ្ដូងក្រឡឹង នៅស្រុកអូររាំង កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ ក្នុងឱកាសលោករដ្ឋមន្ដ្រីសុខាភិបាល ក៏បានចាត់តំណាងភ្ជាប់ជាមួយនឹងលិខិត ចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសារនៃសពផងដែ។
តាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤នេះ បានឲ្យដឹងទៀតថា ក្រសួងសុខាភិបាលបាននិងកំពុងជំរុញការផ្តល់សេវាសុខាភិបាល ២៤ម៉ោង ក្នុងមួយថ្ងៃ ៧ថ្ងៃក្នុងមួយសប្តាហ៍ នៅគ្រប់មូលដ្ឋានសុខាភិបាលទាំងអស់ ជាពិសេសការផ្តល់សេវាសុខាភិបាលជាសារវ័ន្ត និងការថែទាំសុខភាពបឋម នៅមណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព ដែលជាគ្រឹះនៃការឈានឆ្ពោះទៅការគ្របដណ្ដប់សុខភាពជាសកលនាពេលអនាគត ស្របតាមយុទ្ធសាស្ត្របញ្ចកោណ - ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តីកម្ពុជា។
ទន្ទឹមនឹងនោះ ក្រសួងសុខាភិបាល ក៏បានថ្លែងអំណរគុណជូនចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់នៃរដ្ឋបាលរាជធានី-ខេត្ត និងអាជ្ញាធរមូលដ្ឋានទាំងអស់ ដែលតែងតែយកចិត្តទុកដាក់រក្សា សន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពនូវគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»។
ក្រសួងសុខាភិបាល ក៏បានស្នើឲ្យថ្នាក់ដឹកនាំតាមបណ្តាខេត្ត មេត្តាបន្តណែនាំបន្ថែមទៀតដល់អាជ្ញាធរមូលដ្ឋាន ជាពិសេសកម្លាំងសមត្ថកិច្ចតាមប៉ុស្តិ៍នគរបាលនៅគ្រប់ឃុំ សង្កាត់ទូទាំងប្រទេស ឱ្យចល័តចុះឃ្លាំមើលជាប់ជាប្រចាំតាមគ្រប់មធ្យោបាយជំនាញនៅកន្លែងសំខាន់ៗជុំវិញមូលដ្ឋានសុខាភិបាល ជាពិសេស មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព ដែលស្ថិតនៅតំបន់ដាច់ស្រយាលទាំងអស់ ដើម្បីឱ្យមន្ត្រី បុគ្គលិកសុខាភិបាល អ្នកជំងឺ និងក្រុមគ្រួសារប្រជាពលរដ្ឋកាន់តែមានភាពកក់ក្តៅ ទាំងនៅពេលថ្ងៃ និងពេលយប់ ប្រកបដោយសេចក្តីសុខសុវត្ថិភាព៕
Post a Comment