បែកធ្លាយ អគារ KMH នៅក្រុងប៉ោយប៉ែត ជាជម្រកបទល្មើសអនឡាញខុសច្បាប់ របស់ជនបរទេស!!


បន្ទាយមានជ័យ៖ ថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ ក្នុងព្រះរាជាណាចក្រកម្ពុជា ទាំងថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ  បានខិតខំ យ៉ាងយកចិត្តទុកដាក់ ក្នុងការ បង្ការ បង្ក្រាប ទប់ស្កាត់ រាល់បទល្មើសនានា ដូចជា ល្បែងសុីសង ខុសច្បាប់ ទប់ស្កាត់ការចរាចរណ៍គ្រឿងញៀន ការបង្ឃាំងមនុស្ស និង ការលួចបង្កប់ទីតាំង ឧក្រិដ្ឋកម្ម ឆបោកតាមអនឡាញជាដើម មិនអោយកើតមានក្នុងប្រទេសកម្ពុជា យើងឡើយ  ។

បើយោងតាមប្រភពព័ត៌មាន បានផ្តល់មកកាន់អង្គភាពសារព័ត៌មាន យើងឲ្យដឹងថា បច្ចុប្បន្ននេះ មានជនបរទេស ដូចជា ថៃ ឥណ្ឌូនេស៊ី និង ចិន មួយចំនួន បាន នាំក្រុមបក្ខពួករបស់ពួកគេ ចូលមករស់នៅ ក្នុងក្រុងប៉ោយប៉ែត  ទាំងមានច្បាប់ខ្លះ  និង លួចចូលមកដោយខុសច្បាប់ខ្លះ(គ្មានលិខិតឆ្លងដែន) ដោយមាន មេក្រុម ឬ មេខ្លោង របស់ពួកគេជា អ្នកដើរតួរក្នុងការជួលអគារ ពីពលរដ្ឋខ្មែរ ក្រោមលេស ដើម្បីស្នាក់នៅ ក្នុងការ ប្រកបមុខរបររកសុី និង ធ្វើជាបុគ្គលិកកាសុីណូ ជាដើម ។

ក៏ប៉ុន្តែ តាមអាគារ មួយចំនួន ដែលជនបរទេស បានជួលពីពលរដ្ឋ ខ្មែរ ក្រោមកិច្ចសន្យា ថា ជួលដើម្បីស្នាក់នៅ បែរជាជនបរទេសមួយចំនួន យកអគារនោះ មកសង្ងំបង្កើតជា ជម្រកបទល្មើស អនឡាញ ខុសច្បាប់ (ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា) ទៅវិញ ដែលជា សកម្មភាព មួយ កំពុងបំពានកិច្ចសន្យាជាមួយច្បាស់អគារ និង បំពានច្បាប់ យ៉ាងធ្ងន់ធ្ងរ ក្នុងព្រះរាជាណាចក្រកម្ពុជា ។ 

យ៉ាងណាមិញ តាមការជាក់ស្ដែង បើយោងតាមប្រភព ព័ត៌មាន បានផ្តល់មកអោយសារព័ត៌មាន យើង ដឹងថា អាគារ មួយកន្លែង យីហោ សណ្ឋាគារ និង កាស៊ីណូ KMH  នៅខាងកើត វត្ត ស្រះត្រាច ឋិតក្នុងភូមិ ក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គឺមានជនបរទេស ចម្រុះជាតិសាសន៍ បាននិងកំពុង សង្ងំលាក់ខ្លួន ក្នុងអគារមួយនេះ មិនមែនជួលស្នាក់នៅធម្មតានោះទេ គឺយកទីតាំងអគារនេះ ធ្វើជាជម្រកបទល្មើសអនឡាញខុសច្បាប់ ទៅវិញ ។ ប្រភពបន្តថា ក្នុងរូបភាព និង វីដេអូនេះ គឺឋិតនៅជាន់ទី១០ នៃអគារ KMH ហើយគឺជា ជម្រកបទល្មើស អនឡាញខុសច្បាប់ របស់ជនបរទេស និង មាន តាមជាន់នានានៃអគារនេះទៀតផងដែរ ។ ប្រភពបន្ថែមថា នៅមានជាច្រើនកន្លែងទៀត ដែលជនបរទេស កំពុងសង្ងំលាក់ខ្លួន ជួលអគារពីពលរដ្ឋខ្មែរ ស្នាក់នៅ តែបែរលួចបង្កប់ជា ជម្រកបទល្មើសអនឡាញខុសច្បាប់ មិនមែនមានតែមួយកន្លែងនោះទេ ។ នេះបើយោងតាមប្រភពព័ត៌មាន ដែលបានបង្ហើបអោយអង្គភាពសារព័ត៌មានយើងដឹង នាថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២៤ នេះ ។

ដូច្នេះ សូមអំពាវនាវ ដល់ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក្នុងព្រះរាជាណាចក្រ កម្ពុជា ចាត់មន្ត្រីជំនាញ ចុះស្រាវជា្រវ ត្រួតពិនិត្យ និង បង្រ្កាប ជាបន្ទាន់ផងចុះ ថាតើពិតជាមានករណីដូចខាងលើដែលអង្គភាពយើងទទួលបានដែរឬទេ? ដើម្បីកុំអោយជនបរទេសមួយចំនួន ឆ្លៀតឱកាស បំផ្លាញកិត្តិយសប្រទេសកម្ពុជា ក្រោមរូបភាព មកជួលអគារស្នាក់នៅ ដើម្បីធ្វើជំនួញ ឬ មកបំរើជាបុគ្គលិកនានា ក្នុងកាសុីណូ ក្នុងក្រុងប៉ោយប៉ែត តែបែរជា ពួកគេ កៀងគរបក្ខពួក មកសង្ងំបង្កើតបទល្មើសអនឡាញខុសច្បាប់ទៅវិញ ។ 

ជុំវិញករណីនេះ នាព្រឹកថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២៤ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត សារព័ត៌មាន យើង ខលចូលចំនួន ៣ដង លោកមិនលើកនោះទេ តែមួយសន្ទុះក្រោយមក លោកអភិបាលក្រុងបានខលត្រឡប់មកវិញ គ្រាន់តែលឺថា អ្នកសារព័ត៌មាន លោកប្រាប់ថា « ចាំប្រហែល១ម៉ោងទៀត ដោយសារ កំពុងរវល់នៅកន្លែង ប៉េអិម » លុះសារព័ត៌មានយើង បានរង់ចាំអស់រយ:ពេលប្រហែលជាង១ម៉ោង ហើយចូលទៅលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ម្តងទៀត ចូលតែលោកមិនទទួលទូរស័ព្ទនោះទេ  ។

រីឯ លោក ព្រហ្ម ពិសិដ្ឋ អធិការស្តីទី ក្រុងប៉ោយប៉ែត បានប្រាប់សារព័ត៌មាន យើងអោយដឹងតាមទូរស័ព្ទថា «អត់អីទេ ចាំលោក ចុះស្រាវជ្រាវ មើល» ។ ដោយឡែកលោកឧត្តមសេនីយ៍ត្រី រ៉ែម វិរ: អ្នកនាំពាក្យស្នងការខេត្តបន្ទាយមានជ័យ លោក បានប្រាប់ថា ចាំលោកអោយកម្លាំងក្រុងប៉ោយប៉ែត ចុះធ្វើការរឿងនេះជាបន្ទាន់ ៕







No comments

Powered by Blogger.