សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជូនពរប្រជាពលរដ្ឋខ្មែរទាំងអស់ សូមប្រកបដោយសុខសុវត្ថិភាពក្នុងការធ្វើដំណើរ និងទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន អាយុយឺនយូរ និងជោគជ័យគ្រប់ភារកិច្ច ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះសារជូនពរដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។
សារជូនពររបស់សម្តេចបវរធិបតី មានខ្លឹមសារដូច្នេះថា «ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ សូមជូនពរ លោកតាលោកយាយ អ៊ំប្រុសអ៊ំស្រី ពូមីង បងប្អូន កូនក្មួយ ទាំងអស់ សូមប្រកបដោយសុខសុវត្ថិភាពក្នុងការធ្វើដំណើរទៅកាន់ស្រុកកំណើត និងទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន អាយុយឺនយូរ និងជោគជ័យគ្រប់ភារកិច្ច»។
ថ្ងៃទី៣០ ខែកញ្ញានេះ ត្រូវនឹងថ្ងៃចន្ទ ១៣ រោច ខែភទ្របទ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ គឺជាថ្ងៃកាន់បិណ្ឌ១៣ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។
នេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីវត្តអារាមនានា។
ពិធីកាន់បិណ្ឌនេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ខែភទ្របទ(១៨ ខែកញ្ញា) ដល់ថ្ងៃ១៤រោច ខែភទ្របទ(១ ខែតុលា) ឆ្នាំ២០២៤។
សូមជូនពរ បងប្អូនប្រជាពលរដ្ឋ រីករាយរាយជួបជុំគ្រួសារ និង ទទួលបានសុខសុវត្ថិភាព ក្នុងការធ្វើដំណើរគ្រប់ទីកន្លែង ក្នុងឱកាសនៃពិធីកាន់បិណ្ឌ និង បុណ្យភ្ជុំបិណ្ឌ ៕
Post a Comment