អភិបាលខេត្តប៉ៃលិន សំណូមពរអាជីវករក្នុងផ្សារប៉ាហ៊ីចូលរួមលើកកម្ពស់អនាម័យ និងសោភ័ណភាពសាធារណៈ, គណៈគ្រប់គ្រងផ្សារត្រូវរៀបចំសណ្តាប់ធ្នាប់ និងសន្តិសុខផ្សារឱ្យបានល្អ
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងក្រុមការងារ នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ បានចុះសំណេះសំណាលសួរសុខទុក្ខ និងស្តាប់នូវរាល់សំណូមពរនានារបស់អាជីវករដែលលក់ដូរនៅក្នុងផ្សារសាមគ្គី ហៅផ្សារប៉ាហ៊ី ស្ថិតនៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិនក្រុងប៉ៃលិន ខេត្តប៉ៃលិន។
លោកជំទាវ បាន ស្រីមុំ លើកឡើងថា អាជ្ញាធរ និងមន្ត្រីជំនាញគ្រប់ជាន់ថ្នាក់ គឺមានតួនាទីដោះស្រាយរាល់សុខទុក្ខ និងសំណូមពររបស់ប្រជាពលរដ្ឋ ទាំងនៅតំបន់ទីផ្សារ និងនៅទីជនបទក្នុងគោលបំណងសម្រួលដល់ការប្រកបរបបរទទួលទានរបស់ប្រជាពលរដ្ឋ ដើម្បីលើកស្ទួយសេដ្ឋកិច្ចគ្រួសារឱ្យកាន់តែប្រសើរឡើង សំដៅរួមចំណែកអនុវត្តគោលនយោបាយកាត់បន្ថយភាពក្រីក្រ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។
លោកជំទាវអភិបាលខេត្តបញ្ជាក់ថា ដោយសារប្រទេសជាតិ ក៏ដូចជាខេត្តប៉ៃលិនមានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ ដូច្នេះផ្សារសាមគ្គី ហៅផ្សារប៉ាហ៊ី នៅថ្ងៃអនាគតក៍មានផែនការគ្រោងរៀបចំកែលម្អទីតាំ ថ្មីបន្ថែម និងតូបលក់ដូរឱ្យកាន់តែមានសោភ័ណភាព អនាម័យ និងសណ្តាប់ធ្នាប់របៀបរៀបរយល្អប្រសើរ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការនិងសំណូមពររបស់អាជីវករ ជាពិសេសផ្តល់នូវសេវាដល់អតិថិជនពីគ្រប់មជ្ឍដ្ឋាន រួមទាំងភ្ញៀវទេសចរជាតិអន្តរជាតិផងដែរ។
លោកជំទាវ បាន ស្រីមុំ សំណូមពរដល់អាជីវករក្នុងផ្សារសាមគ្គី ហៅផ្សារប៉ាហ៊ីទាំងអស់ចូលរួមលើកកម្ពស់អនាម័យ និងសោភ័ណភាពសាធារណៈ ដោយត្រូវដាក់ទំនិញលក់ដូរឱ្យមានសណ្តាប់ធ្នាប់ ជៀសវាងការដាក់តាំងលក់នៅលើចិញ្ចើមផ្លូវ បណ្តាលឱ្យកកស្ទះចរាចរណ៍ ជាពិសេសគណៈគ្រប់គ្រងផ្សារត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធរៀបចំសណ្តាប់ធ្នាប់ និងសន្តិសុខផ្សារឱ្យបានល្អ៕
Post a Comment