សង្ស័យរដ្ឋអភិបាលក្រុងប៉ោយប៉ែត ខ្លាចបារមី របស់លោក គួច ម៉េង ម្ចាស់នាគទិព្វ២ ហើយមើលទៅ ទើបបណ្ដែត បណ្ដោយឱ្យ សំណង់ ខុសច្បាប់ មួយនេះ នៅតែបន្ត សាងសង់ បានយ៉ាងរលូន.!!

បន្ទាយមានជ័យ៖ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ កន្លងទៅ រដ្ឋបាលក្រុងប៉ោយប៉ែត ដឹកនាំក្រុមការងារ ដោយលោក បោន សិលា អភិបាលរង ក្រុង ចុះហាមឃាត់ សំណង់ខុសច្បាប់ របស់លោក គួច ម៉េង ម្ចាស់នាគទិព្វ ២ ដែលបានសាងសង់រំលោភលើដីចំណីផ្លូវសាធារណៈរបស់រដ្ឋ ។ ក្នុងនោះក្រុមការងាររដ្ឋបាលក្រុងប៉ោយប៉ែត បានត្រួតពិនិត្យរកឃើញថា សំណង់របស់លោក គួច ម៉េង ឋិតនៅក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត បានសាងសង់រំលោភ លើដីចំណីផ្លូវសាធារណៈ មានទទឹង ៤.៥ម៉ែត្រ ×៣០.៤០ម៉ែត្រ និង កម្ពស់ ៤ម៉ែត្រ ដោយក្រុមការងាររដ្ឋបាលក្រុងប៉ោយប៉ែត បានជួបនិង ណែនាំអោយ លោក យ៉ែម សុភាព តំណាងម្ចាស់សំណង់ រុះរើសំណង់ចេញវិញ ដោយទុកធ្វើជាផ្លូវថ្មើរជើង។

ក្នុងនោះលោក យ៉ែម សុភាព តំណាងម្ចាស់សំណង់ បានយល់ព្រម រុះរើ សំណង់ចេញវិញ តាមការណែនាំរបស់ក្រុមការងារ របស់រដ្ឋបាលក្រុងប៉ោយប៉ែត ដែលដឹកនាំដោយ លោក បោន សិលា ។ នេះបើយោងតាម កំណត់ហេតុ របស់ ក្រុមការងារ រដ្ឋបាល ក្រុងប៉ោយប៉ែត ចុះថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២៤។

តែតាមការសង្កេតជាក់ស្តែង ចាប់តាំងពី មានការចុះហាមឃាត់របស់ក្រុមការងារ រដ្ឋបាលក្រុងប៉ោយប៉ែត ចំពោះទីតាំង សំណង់ខុសច្បាប់របស់លោក គួច ម៉េង ម្ចាស់នាគទិព្វ២ យ៉ាងណា ក៏ដោយ ប៉ុន្តែសំណង់រំលោភលើដីចំណីផ្លូវសាធារណៈរបស់រដ្ឋ មួយនេះ នៅតែបន្ត ធ្វើសកម្មភាពសាងសង់ដដែល ស្ទើតែជិតរួចរាល់ ១០០ភាគរយ ទៅហើយ  ហាក់បីដូចជា មិនខ្លាចញញើតចំពោះច្បាប់ឬអាជ្ញាធរនោះឡើយ  ដោយ  មិនបាន ផ្អាកសកម្មភាព សាងសង់នោះទេ  រីឯ រដ្ឋបាលក្រុងប៉ោយប៉ែត នៅមិនទាន់ឃើញ មានសកម្មភាព ចុះហាមឃាត់ឬ មានវិធានការណាមួយ ចំពោះ សំណង់របស់ លោក គួច ម៉េង ឡើយ រហូតមកដល់បច្ចុប្បន្ននេះ ។

តើមូលហេតុអ្វី ទើបសំណង់ខុសច្បាប់របស់លោក គួច ម៉េង ដែលរដ្ឋបាលក្រុងប៉ោយប៉ែត បានរកឃើញថា ពិតសាងសង់រំលោភលើដីសាធារណៈរបស់រដ្ឋ នៅតែអាចបន្តសាងសង់បានយ៉ាងរលូនបែបនេះ ? រីឯអាជ្ញាធរពាក់ព័ន្ធ ហាក់បីដូចជាមិនសូវយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ ឬ ហាមឃាត់ នោះឡើយ ទើបបណ្តែតបណ្ដោយ អោយទីតាំងសំណង់ខុសច្បាប់មួយនេះ អាចសាងសង់តាំងពី ដីចំណីផ្លូវមួយ នៅទំនេរស្អាត មិន ទាន់មានសំណង់អ្វីមួយសោះឡើយ បែរជា សាងសង់ បានស្ទើតែរួចរាល់១០០ភាគបែបនេះ មិនឃើញមានវិធានការផ្លូវច្បាប់ បានត្រឹមតែ ចុះធ្វើកំណត់ហេតុហាមឃាត់ តែមិនទាន់ឃើញ សកម្មភាព អនុវត្តន៍ រុះរើ នោះឡើយ បើគិតមកដល់ត្រឹមថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៤ នេះ។

មហាជនរង់ចាំមើលថា តើរដ្ឋបាលក្រុងប៉ោយប៉ែត  ហ៊ានអនុវត្តន៍វិធានការផ្លូវច្បាប់ តាមសេចក្តី ជូនដំណឹងលេខ ០៦៦/២៣ ស.ជ.ណ ចុះពីថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២៣ ចំពោះ ទីតាំងសំណង់ខុសច្បាប់របស់លោក គួច ម៉េង ម្ចាស់នាគទិព្វ២ រំលោភលើដីផ្លូវសាធារណៈរបស់រដ្ឋ ដូចប្រជាពលរដ្ឋ ទូទៅ ដែរឬទេ.? 

សូមរំលឹកថា កាលពីថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ លោក ស្រិល អុិន ចៅសង្កាត់ ផ្សារកណ្ដាល ធ្លាប់បានបំភ្លឺមកកាន់អង្គភាពសារព័ត៌មានយើងអោយដឹងថា លោកធ្លាប់បាន ចុះហាមឃាត់ម្តងរួចហើយ តែមានការអន្តរាគមន៍ ពីក្រុង ការពារ មិនអោយប៉ះពាល់  លោក ពិបាកណាស់ ព្រោះទីតាំងមួយនេះជារបស់លោក គួច ម៉េង ម្ចាស់នាគទិព្វ២ ។ រីឯ «លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ទីតាំងមួយនេះ លោកឲ្យមន្រ្តីចុះហាមឃាត់ម្តងរួចហើយ តែបើបន្តការសាងសង់ គឺលោកនិងអនុវត្តវិធានការច្បាប់។ នេះបើយោងតាមសម្តីរបស់លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានបំភ្លឺ មកអង្គភាពសារព័ត៌មានយើង តាមរយៈទូរស័ព្ទ កាលពីថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២៤ កន្លងទៅនេះ»។

ដោយឃើញសកម្មភាព ក្រុមការងាររបស់រដ្ឋបាលក្រុងប៉ោយប៉ែត ធ្លាប់បានហាមឃាត់សំណង់ខុសច្បាប់របស់លោក គួច ម៉េង និង មានការអះអាង ពីលោកអភិបាលក្រុងប៉ោយប៉ែត ថា និងមានវិធានការច្បាប់ បើនៅតែសាងសង់ បានធ្វើអោយ មហាជន សង្ឃឹមថា និង មានការអនុវត្តក្នុងរុះរើ អោយមានតម្លាភាព ដូចពលរដ្ឋទូទៅ ។ ក៏ប៉ុន្តែ ក្តីសង្ឃឹមត្រូវបានរលាយអស់ដោយសារមិនឃើញមានការរុះរើសំណង់ខុសច្បាប់របស់លោក គួច ម៉េង នោះឡើយ ក្រៅពី បន្តធ្វើសកម្មភាព សាងសង់យ៉ាងរលូន និង មានសុវត្ថិភាពលើសដើម។

ជុំវិញករណីនេះនៅ ថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២៤ សារព័ត៌មានយើង បានខលទៅសុំការបំភ្លឺ ពី លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ម្តងទៀត ដោយលោកអភិបាលក្រុងប៉ោយប៉ែត  បានមានប្រសាសន៍ថា « យើងបានហាមឃាត់គាត់ហើយ បើគាត់នៅតែបន្ត ធ្វើ យើងនិងអនុវត្តន៍ផ្លូវច្បាប់ តែសំខាន់ យើងហាមឃាត់គាត់អោយបាន២ ទៅ ៣ដងសិន បើនៅតែបំពានធ្វើ  មិនស្តាប់អាជ្ញាធរ អានិងតទៅមុខទៀត យើងនឹង អនុវត្តន៍ផ្លូវច្បាប់៕























No comments

Powered by Blogger.