សេចក្តីប្រកាសព័ត៌មាន៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ទទួលជំនួបសម្តែងការគួរសមជាមួយឯកឧត្តមឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី


នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលការចូលជួបសម្តែងការគួរសមរបស់ ឯកឧត្តម Santo Darmosumarto ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំកម្ពុជា នៅទីស្តីការ ក្រសួងការបរទេស ដោយក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានរំលឹកពីការគាំទ្ររបស់ ប្រទេសឥណ្ឌូណេស៊ីចំពោះដំណើរការសន្តិភាពនៅកម្ពុជា និងបានកោតសរសើរចំពោះទំនាក់ទំនង ទ្វេភាគីដ៏រឹងមាំរវាងប្រជាជាតិទាំងពីរ លើវិស័យនយោបាយ សេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការលើវិស័យ ការពារជាតិ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត មានសេចក្តីសោមនស្សរីករាយ ចំពោះការផ្លាស់ប្តូរកម្រិតខ្ពស់ដ៏កក់ក្តៅ និងប្រកបដោយមិត្តភាពរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ និងជោគជ័យនៃកិច្ចប្រជុំលើកទី៥ នៃគណៈកម្មការចម្រុះកម្ពុជា-ឥណ្ឌូណេស៊ី សម្រាប់កិច្ចសហ ប្រតិបត្តិការទ្វេភាគី (The 5th JCBC) ដែលបានប្រព្រឹត្តទៅកាលពីខែសីហា ឆ្នាំ២០២៤ ដោយបាន ពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំថែមទៀត។ 

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងឯកឧត្តម ឯកអគ្គរដ្ឋទូត មានទស្សនៈរួមគ្នាថា ប្រទេសទាំងពីរមានឱកាសច្រើនថែមទៀតក្នុងការពង្រីក ពាណិជ្ជកម្មទ្វេភាគី ដែលមានកំណើនទឹកប្រាក់លើសពីមួយប៊ីលានដុល្លារអាមេរិករួចមកហើយនៅ ក្នុងឆ្នាំ២០២៣ ហើយបានស្វាគមន៍កិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនពាណិជ្ជកម្មអង្ករ និងជំរុញកិច្ច សហប្រតិបត្តិការក្នុងឧស្សាហកម្មអាហារហាឡាល់។

No comments

Powered by Blogger.