ក្រសួងឧស្សាហកម្ម លើកម្ពស់ភាពអង់អាចសម្រាប់ស្ត្រី ជាកម្លាំងជំរុញកំណើនសេដ្ឋកិច្ច និងការផ្លាស់ប្តូរមុខមាត់ថ្មីក្នុងសង្គម
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំពិធីប្រារព្ធខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ “សិទ្ធ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប”ដែលឆ្លុះបញ្ជាំងពី តួនាទី និងការរួមចំណែកដ៏ សំខាន់ របស់ ស្ត្រី ក្នុង ការធ្វើ បរិវត្តកម្ម សេដ្ឋកិច្ច និង សង្គម របស់ កម្ពុជា។
ថ្លែងក្នុងពិធីអបអរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង ជា ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ថ្នាក់កណ្តាលបានលើកឡើងថា របៀបវារៈគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា មានគោលដៅ កសាងសង្គមមួយប្រកបដោយយុត្តិធម៌ មានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះ “ស្ត្រីគឺជាស្នូល”។
សម្តេចកិត្តិសង្គហបណ្ឌិត បានបន្ថែមថា៖ “រាជរដ្ឋាភិបាលកម្ពុជាបានបន្ត កំណត់ ការលើក កម្ពស់ សមភាព យេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រីនៅគ្រប់ វិស័យ ជា អាទិភាព រួមមានវិស័យសេដ្ឋកិច្ច អប់រំ និងសុខភាពជាដើម។” ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី បានបង្ហាញការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងទាំងនេះ ដោយលើកឡើងថា៖ “ស្ត្រី គឺជាភ្នាក់ងារដ៏សំខាន់ដែលមានតួនាទីធ្វើឱ្យសង្គមមានការផ្លាស់ ប្តូ រ ប្រែមុខមាត់ថ្មី ។”
ឯកឧត្តមបានសង្កត់ធ្ងន់លើការរួមចំណែករបស់ស្ត្រីក្នុងវិស័យឧស្សាហកម្ម និងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ ក្នុងឆ្នាំ២០២៤ កម្ពុជាមានរោចក្រធុនធំកំពុងដំណើរការចំនួន ២.៤២៥ ក្នុងនោះរោងចក្រធុនធំកើតថ្មីចំនួន ៣២៦ ដែលមានកម្លាំងពលកម្មស្ត្រីចំនួន ៨៥៤.៨១៩ នាក់ ក្នុងចំណោមកម្មករចំនួន ១.១៦០.១៨១នាក់។ សហគ្រិនស្ត្រីក៏ដើរតួយ៉ាងសំខាន់ក្នុងវិស័យសេដ្ឋកិច្ច ដោយបច្ចុប្បន្នកំពុងដឹកនាំ ឬជាម្ចាស់សហគ្រាសធុនតូចនិងមធ្យមចំនួន ៨.៣៤៧ មូលដ្ឋាន ដែលផ្តល់ការងារដល់ស្ត្រីជាង ១៤៥.០០០ នាក់។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា៖“ទំហំផលិតផលរបស់កម្ពុជាដែល បាននាំចេញទៅក្រៅប្រទេស គឺមួយចំណែកធំ កើតចេញពី ថ្វីដៃ របស់ស្ត្រី ដែលជាកម្មការ នីកំពុង ធ្វើការ នៅតាម រោងចក្រ សហគ្រាស មូលដ្ឋានផលិតកម្មនៅគ្រប់ តំបន់ ទូទាំង ប្រទេស ហើយនេះ ជាគុណ បំណាច់ធំធេងរបស់ស្ត្រី ក្នុងការរួមវិភាគទានដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។” ឯកឧត្តមបានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់រដ្ឋាភិបាលក្នុងការគាំទ្រដល់ស្ត្រី តាមរយៈគោលនយោបាយនានា ដែលលើកកម្ពស់លទ្ធភាពទទួលបានការអប់រំ ឱកាសសេដ្ឋកិច្ច និងតួនាទីជាអ្នកដឹកនាំ ដោយធានាថាស្ត្រីបន្តជាភ្នាក់ងារជំរុញវឌ្ឍនភាពសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា។
ឯកឧត្តមក៏បានលើកទឹកចិត្តស្ត្រីឱ្យពង្រឹងជំនាញ និងសមត្ថភាពរបស់ខ្លួន ព្រមទាំងអំពាវនាវដល់អ្នកដឹកនាំទាំងអស់ ឱ្យបង្កបរិយាកាសអំណោយផល ដើម្បីឱ្យស្ត្រីមានតួនាទីក្នុងការធ្វើសេចក្តីសម្រេចចិត្ត និងតួនាទីដឹកនាំកាន់តែច្រើន។








Post a Comment