ឃាត់ខ្លួនជនសង្ស័យ៤នាក់ បញ្ជូនទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីហិង្សា..

បន្ទាយមានជ័យ៖ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ បានទទួលពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ ឃូ ចាន់រ័ត្ន (ក្តិប) ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ដីពីករណីហិង្សាដោយចេតនា កើតឡើងនៅចំណុច៖ហាងបាស្ការផាប់ ស្ថិតក្នុងភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត កាលពីវេលាម៉ោង០១ និង៣០នាទី ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ដែលបង្កដោយជនសង្ស័យមួយក្រុមពុំស្គាល់អត្តសញ្ញាណ បានមកផឹកស៊ីក្នុងហាងជាមួយគ្នា ហើយបានធ្វើសកម្មភាពយកកែវស្រាគប់ទៅលើជនរងគ្រោះ បណ្ដាលឱ្យរងរបួសត្រូវចំភ្នែកខាងឆ្វេង របួសធ្ងន់ ហើយបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ។ 

ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះខាងលើ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា និងសហការស្រាវជ្រាវជាមួយកម្លាំងកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ រហូតដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ បានធ្វើការឃាត់ខ្លួន ជនសង្ស័យជាបន្តបន្ទាប់បានចំនួន០៤នាក់ ១.ឈ្មោះប៉ាត់ ចន្ធី  ភេទប្រុស អាយុ៣៣ឆ្នាំ, ២.ឈ្មោះ លៀត ចិន្តា  ភេទប្រុស អាយុ៣៦ឆ្នាំ, ៣.ឈ្មោះរ៉ែន សុភ័ក្រ្ត  ភេទប្រុស អាយុ៣៥ឆ្នាំ, ៤.ឈ្មោះរ៉ន រស់ ភេទប្រុស អាយុ៣៣ឆ្នាំ ហើយបញ្ជូនមកមូលដ្ឋានកង​រាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសួរនាំតាមនីតិវិធី។ 

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតបានផឹកស៊ី និងមានជម្លោះនៅក្នុងហាង ហើយបានប្រើហិង្សាយកកែវស្រាគប់ទៅលើជនរងគ្រោះបណ្ដាលឱ្យរងរបួសពិតប្រាកដមែន។ ដោយសាក្រុមរបស់ខ្លួនអង្គុយផឹកស៉ី ជនរងគ្រោះស្រែកឡូឡា ស្រែកជេរប្រមាថមកលេីក្រុមរបស់ខ្លួន។ 

ដោយផ្អែកលេីចម្លេីយសារភាព កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។ 

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។ 

បច្ចុប្បន្ននេះ,ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃសៅរ៍ ទី១៥ ខែមីនា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕





No comments

Powered by Blogger.