-->


 

ទេសរដ្ឋមន្រ្តី លី ធុជ វាយតម្លៃខ្ពស់ចំពោះ សមាគមរោងចក្រកាត់ដេរកម្ពុជា ដែលចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជា

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានវាយតម្លៃខ្ពស់ចំពោះទឹកចិត្តប្រកបដោយសប្បុរសរបស់ សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) ដែលមានបំណងចូលរួមជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារបោសសម្អាតមីនមនុស្សធម៌ ដើម្បីជួយឱ្យកម្ពុជាសម្រេចនូវគោលដៅ កម្ពុជាគ្មានមីនឆ្នាំ២០២៥ ស្របតាមចក្ខុវិស័យដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ការវាយតម្លៃបែបនេះរបស់ ទេសរដ្ឋមន្ត្រី លី ធុជ បានធ្វើឡើងក្នុងកិច្ចពិភាក្សាការងារជាមួយ លោក អាល់បឺត តាន់ អនុប្រធានសមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) និងលោក Andrew Tey នាយកវិទ្យាស្ថានបណ្តុះបណ្តាលវិស័យកាត់ដេរនៅកម្ពុជា (CGTI-GMAC) លើកិច្ចសហប្រតិបត្តិការសកម្មភាពមីន ក្នុងគោលបំណងចូលរួមសម្រេចនូវទស្សនវិស័យរបស់សម្តេចតេជោ ក្នុងការដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជា ដែលជំនួបនេះ បានធ្វើឡើង នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ នៅទីស្នាក់ការអាជ្ញាធរមីន។

ក្នុងនាមសម្តេចតេជោ ហ៊ុន សែន និងជាប្រធានអាជ្ញាធរមីន, លោកទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណចំពោះកិច្ចសហការរបស់សមាគម GMAC ជាមួយអាជ្ញាធរមីន ដែលបានផ្តួចផ្តើមរៀបចំឱ្យមានកម្មវិធីប្រមូលថវិកាសប្បុរស នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ ក្រោមអធិបតីភាពរបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើង។

លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា អាជ្ញាធរមីននឹងយកថវិកាប្រមូលបាននេះ ទៅប្រើប្រាស់ឱ្យចំគោលដៅ និងធ្វើការបោសសម្អាតមីននៅតាមតំបន់អាទិភាព ស្របតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍនៅកម្ពុជា។

ជាមួយគ្នានេះដែរ លោកទេសរដ្ឋមន្ត្រី លី ធុជ បានបន្តថា ទន្ទឹមនឹងកិច្ចសហការការងារបោសសម្អាតមីន អាជ្ញាធរមីន និងវិទ្យាស្ថាន CGTI-GMAC បានចុះហត្ថលេខាលើភាពជាដៃគូរវាងរដ្ឋ និងឯកជន ស្តីពីការបង្កើតកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរនូវការអភិវឌ្ឍសមត្ថភាព និងធ្លាប់បានផ្តល់នូវវគ្គបណ្តុះបណ្តាលជូនដល់ថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក អាជ្ញាធរមីន លើការពង្រឹងសមត្ថភាពភាពអ្នកដឹកនាំ និងឥរិយាបទរបស់បុគ្គល ដែលមានប្រសិទ្ធភាព ក៏ដូចជាបានចូលរួមឧបត្ថម្ភដល់ការងារផ្សព្វផ្សាយអប់រំយល់ដឹងអំពីមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ផងដែរ។

ជាមួយគ្នានេះ លោក អាល់បឺត តាន់ បានបង្ហាញពីគោលបំណង និងការពេញចិត្តរបស់សមាគម GMAC ដែលបានចូលរួមដំណើរជាមួយរាជរដ្ឋាភិបាលកម្ពុជា លើការងារបោសសម្អាតមីន និងជួយជនរងគ្រោះដោយសារមីន ក៏ដូចជាឱ្យកម្ពុជាទទួលបានជោគជ័យបន្ថែមទៀត សម្រាប់កិច្ចការសកម្មភាពមីននាពេលអនាគត និងសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០២៥ អស់គ្រាប់មីនពីលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា។ សមាគម នឹងចលនាកៀរគរឱ្យមានការចូលរួមការឧបត្ថម្ភគាំទ្រពីបណ្តាក្រុមហ៊ុនប្រមាណ៧០០ ដែលជាសមាជិករបស់សមាគម សម្រាប់ការងារបោសសម្អាតមីននៅកម្ពុជាផងដែរ៕

No comments

Powered by Blogger.