ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបសម្តែងការគួរសមជាមួយប្រធានាធិបតីទីម័រខាងកើត


ភ្នំពេញ៖ នាល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញជួបសម្តែងការគួរសមជាមួយ ឯកឧត្តម Jose Ramos Horta ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ក្នុងឱកាសដែល ឯកឧត្តម ប្រធានាធិបតី កំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

ក្នុងជំនួបនេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋជាលើកទី២ របស់ ឯកឧត្តម ប្រធានាធិបតី Jose Ramos Horta មកកាន់ព្រះរាជាណាចក្រកម្ពុជា ដែលពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញអំពីចំណងមិត្តភាពដ៏ជិតស្និទ្ធ និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេស រដ្ឋាភិបាល និងប្រជាជនទាំងពីរ កម្ពុជា-ទីម័រខាងកើត។

ក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ ក៏បានចូលរួមអបអរសាទរចំពោះ ឯកឧត្តម Jose Ramos Horta ដែលទទួលបានជោគជ័យដ៏ត្រចះត្រចង់ក្នុងការបោះឆ្នោតប្រធានាធិបតីនៅប្រទេសទីម័រខាងកើត កាលពីខែមេសា ឆ្នាំ២០២២ កន្លងទៅ ដែលជាការចូលកាន់តំណែងប្រមុខរដ្ឋលើកទីពីរ របស់ ឯកឧត្តម Jose Ramos Horta។

ឯកឧត្តម ប្រធានាធិបតីទីម័រខាងកើត បានសម្តែងនូវការពេញចិត្តចំពោះឱកាសដ៏មានអត្ថន័យសម្រាប់ជំនួបសំណេះសំណាលជាមួយ ឯកឧត្តម ហ៊ុន ម៉ាណែត និងបានរំឭកអំពីភាពជាអ្នកដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅក្នុងកិច្ចខិតខំប្រឹងប្រែងចូលរួមដោះស្រាយបញ្ហាតំបន់ និងអន្តរជាតិ ជាពិសេសមនោសញ្ចេតនាស្រឡាញ់រាប់អានដ៏ស្មោះស្ម័គ្រ ដែល សម្តេចតេជោ មានចំពោះប្រទេស និងប្រជាជនទីម័រខាងកើត។

ជាមួយគ្នានេះ ឯកឧត្តម ប្រធានាធិបតី បានកត់សម្គាល់អំពីស្ថានភាពនៃការអភិវឌ្ឍរីកចម្រើនដ៏ឆាប់រហ័សរបស់ប្រទេសកម្ពុជា នៅក្រោយការបញ្ចប់ទាំងស្រុងនៃជម្លោះរុំារ៉ៃរាប់ទសវត្សរ៍ ដោយ ឯកឧត្តម បានវាយតម្លៃថា ជាការអភិវឌ្ឍដែលមានលក្ខណៈជាក់ស្តែង និងប្រាកដនិយម។

ក្រៅពីនេះ ឯកឧត្តម ប្រធានាធិបតី និងលោកឧត្តមសេនីយ៍ ក៏បានផ្លាស់ប្តូរយោបល់គ្នាផងដែរអំពីទំនាក់ទំនងប្រកបដោយសក្តានុពលរវាងប្រទេសទាំងពីរ ជាពិសេសអំពីទស្សនវិស័យនៃកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួន ជាអាទិ៍ វិស័យវិនិយោគ ពាណិជ្ជកម្មនាំចេញ-នាំចូល កសិកម្ម អប់រំ ថាមពល និងការបើកជើងហោះហើរត្រង់ ជាដើម៕ សម្រួលផ្សាយដោយ៖ dara

No comments

Powered by Blogger.