អភិបាលរងខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំត្រៀមការងាររៀបចំពិធីបុណ្យជាតិ ៧មករា
កំពង់ធ : ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣លោក សុក ហៃ អភិបាលរងខេត្ត និងលោក ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំត្រៀមការងាររៀបចំពិធីបុណ្យជាតិ ៧មករាឆ្នាំ២០២៣ ដើម្បីឱ្យមានសណ្តាប់ធ្នាប់ ប្រកបដោយសុវត្ថិភាព និងមានអនាម័យ ជូនបងប្អូនប្រជាពលរដ្ឋ ដែលមកទស្សនានៅលើទឹកដីខេត្តកំពង់ធំ រសៀលថ្ងៃពុធ ១៣កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ នៅសាលប្រជុំខេត្តកំពង់ធំ ដែលពិធីបុណ្យជាតិ ៧មករា ប្រារព្ធនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ខាងមុខនេះ នៅបរិវេណសួនដងស្ទឹងសែន ខេត្តកំពង់ធំ។
លោក សុក ហៃ មានប្រសាសន៍ថា ដើម្បីប្រារព្វពិធីបុណ្យជាតិ ៧មករា ប្រកបដោយជោគជ័យ រដ្ឋបាលខេត្តកំពង់ធំ បានផ្សព្វផ្សាយទូលំទូលាយ ដល់មន្ទីរអង្គភាពជុំវិញខេត្តទាំងអស់ ដើម្បីសហការគ្នា ក្នុងការរៀបចំធ្វើសកម្មភាពឱ្យមានដំណើរការល្អ ប្រកប ដោយគុណភាពខ្ពស់។ សម្រាប់អ្នកនិវត្តន៍ជនចំនួន២៥០នាក់ គឺរដ្ឋបាលខេត្តកំពង់ធំ បានរៀបចំជាអំណោយជូនដល់ពួកគាត់ ក្នុងការលើកទឹកចិត្ត ដែលពួកគាត់បានតស៊ូ និងជួយសង្គមជាតិឱ្យមានការរីកចម្រើនដល់សព្វថ្ងៃផងដែរ។
លោកអភិបាលរងខេត្ត មានប្រសាសន៍បន្តថា ចំពោះការដាក់កង់ម៉ូតូ និងរថយន្ត ត្រូវរៀបចំសណ្តាប់ធ្នាប់ ឱ្យមានរបៀបរៀបរយ ដើម្បីនឹងជួយការពារដោយសុវត្ថិភាព ជូនដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការទទួលខុសត្រូវរបស់កម្លាំងនគរបាល។ សូមឱ្យមានធុងសំរាមគ្រប់ទីកន្លែង ដើម្បីងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការទុកដាក់ឱ្យមានអនាម័យ។ សម្រាប់ការរៀបចំប្រព័ន្ធអគ្គិសនី ត្រូវតុបតែងឱ្យបានល្អស្រស់បំព្រង ដើម្បីទាក់ទងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិមកកម្សាន្ត ។ ចំពោះមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវតែរៀបចំឱ្យមានក្រុមតន្ត្រី ត្រូវ មានរបាំជូនពរ សម្រាប់មកសម្ដែងក្នុងកម្មវិធីខាងមុខនេះ។
លោកអភិបាលរងខេត្តកំពង់ធំ ក៏បានផ្ដាំផ្ញើដល់អ្នកចូលរួមទាំងអស់ ត្រូវរៀបចំអនាម័យតាមដងស្ទឹង និងសម្អាតជាប្រចាំ គ្រប់មន្ទីរទាំងអស់ត្រូវតែរៀបចំដាក់បដា ទង់ជា្វលាឱ្យបានច្រើន។ សម្រាប់ក្រុងស្ទឹងសែន សូមសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ រៀបចំទង់ជាតិនៅតាមមុខផ្ទះ ឱ្យបានគ្រប់ៗគ្នានៅតាមដងផ្លូវ ៕
ដោយស៊ុម វណ្ណា សម្រួលផ្សាយដោយ៖ DARA
Post a Comment