កាកបាទក្រហមកម្ពុជា ចុះផ្ដល់អំណោយសម្រាលការលំបាករបស់ប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាល ជាង១ពាន់គ្រួសារ ក្នុងខេត្ដមណ្ឌលគិរី
(មណ្ឌលគិរី)៖ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្ដម មុនិនាថ សីហនុ ជាព្រះប្រធានកិត្ដិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានរៀបចំពិធីជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ១,០៧០គ្រួសារ (ក្នុងនោះមានជនជាតិដើមភាគតិច ៩១០គ្រួសារ) រស់នៅតំបន់ឆ្ងាយដាច់ស្រយាល ក្នុងស្រុកកោះញែក និងស្រុកអូររាំង ខេត្តមណ្ឌលគិរី។
ពិធីនេះប្រព្រឹត្តទៅក្រោមវត្តមាន លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានធ្វើឡើងនៅទីតាំងចំនួន ២កន្លែង ដោយទីតាំងទី១ ស្ថិតនៅភូមិអូយេះ ឃុំស្រែសង្គម ស្រុកកោះញែក សម្រាប់ប្រជាពលរដ្ឋ ៦៧៣គ្រួសារ និងទីតាំងទី២ ស្ថិតនៅភូមិពូឡេះ ឃុំដាក់ដាំ ស្រុកអូររាំង សម្រាប់ប្រជាពលរដ្ឋ ៣៩៧គ្រួសារ។
តាមរបាយការណ៍ស្វាគមន៍របស់លោក ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី បានឱ្យដឹងថា ក្នុងឆ្នាំ២០២២កន្លងទៅនេះ សាខាបានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះគ្រប់ប្រភេទបានចំនួន ៣២លើក ស្មើនឹង៨៣គ្រួសារ។ ដោយឡែកកាលពីខែកុម្ភៈ ឆ្នាំ២០២២ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់កញ្ចប់ថវិកាចំនួន ២០,៩៥៨ដុល្លារ ជាព្រះរាជទានរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សម្រាប់ជីកអណ្តូងទឹកស្អាតចំនួន៣ សាងសង់កន្លែងលាងសម្អាតដៃចំនួន៧ និងបង្គន់អនាម័យ១ខ្នង មាន៤បន្ទប់ ដែលត្រូវបានធ្វើពិធីប្រគល់-ទទួល កាលពីខែមេសា ឆ្នាំ២០២២កន្លងទៅ។
ថ្លែងទៅកាន់ប្រជាពលរដ្ឋ លោកស្រីអគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ រួមជាមួយសេចក្តីសោកស្តាយដោយសារតែ សម្តេច ខកខានមិនបានចូលរួម ព្រោះថាកម្មវិធីនេះ រៀបចំឡើងសម្រាប់សម្តេច មកចែកជូនបងប្អូនដោយផ្ទាល់ ប៉ុន្តែជាអកុសលប្អូនស្រីបង្កើតរបស់សម្តេច បានទទួលមរណភាពហើយថ្ងៃនេះទៀតសោត គឺចំថ្ងៃបុណ្យគម្រប់ខួប ៧ថ្ងៃទៀតផង។
ប៉ុន្តែដោយយល់ថាប្រជាពលរដ្ឋងាយរងគ្រោះបំផុត គឺត្រូវការចាំបាច់នូវស្បៀងអាហារប្រចាំថ្ងៃ ទើបសម្តេចបានចាត់លោកស្រីជាតំណាង នាំយកអំណោយមនុស្សធម៌ទាំងអស់នេះ ចែកជូនប្រជាពលរដ្ឋតាមការកំណត់ ដើម្បីជួយសម្រាលការលំបាកដល់បងប្អូនឱ្យបានទាន់ពេលវេលា បើទោះបីជាសម្តេចមានទុក្ខជាទម្ងន់ក្នុងគ្រួសារក្តី តែសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋងាយរងគ្រោះ ក៏ជាការងារចាំបាច់របស់កាកបាទក្រហមកម្ពុជា ដែលត្រូវដោះស្រាយជាបន្ទាន់ផងដែរ។
លោកស្រីបានរំលឹកថា ទឹកដីខេត្តមណ្ឌលគីរីនេះ កាកបាទក្រហមកម្ពុជាធ្លាប់ មានប្រតិបត្តិការដ៏ធំធេងមួយក្នុងឆ្នាំ១៩៩៨-១៩៩៩ ដោយមានភារកិច្ចដឹកជញ្ជូនប្រជាពលរដ្ឋមាតុភូមិនិវត្តន៍ មកពីជំរំនៅព្រំដែនប្រទេសថៃមកតាំងទីលំនៅខេត្តមណ្ឌលគីរីនេះ ដែលសម័យកាលនោះផ្លូវគមនាគមន៍មានការលំបាកខ្លាំងណាស់ បើប្រៀបធៀបនឹងពេលបច្ចុប្បន្ន។ ដូច្នេះរាល់សកម្មភាពនេះបង្ហាញថា កាកបាទក្រហមកម្ពុជាជានិច្ចកាល នៅជាមួយប្រជាពលរដ្ឋទាំងអស់ ជាពិសេសក្នុងតំបន់ឆ្ងាយដាច់ស្រយាលនេះតែម្តង។
ជាមួយនឹងការផ្តល់អំណោយសម្រាលការលំបាកទាំងអស់នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏តែងតែយកចិត្តទុកដាក់ចំពោះសុខភាពរបស់ប្រជាពលរដ្ឋ ដូច្នេះតាមរយៈក្នុងអង្គពិធីថ្ងៃនេះ លោកស្រីអគ្គលេខាធិការរងទី១ ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ត្រូវថែទាំសុខភាព បរិភោគទឹកឆ្អិន រស់នៅមានអនាម័យល្អ ពិសេសចំពោះស្ត្រីមានកូនតូច ឬមានផ្ទៃពោះសូមទៅពិនិត្យផ្ទៃពោះនៅមន្ទីរពេទ្យជំនាញយ៉ាងតិចឱ្យបាន៤ដង ហើយត្រូវសម្រាលកូននៅមណ្ឌលសុខភាព ហើយបើមានជំងឺសូមប្រញាប់ទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាពនៅជិតបំផុតឱ្យបានទាន់ពេលវេលា កុំបង្អង់យូរដែលនាំគ្រោះថ្នាក់ដល់អាយុជីវិត។
លោកស្រីបានក្រើនរំលឹកដល់ប្រជាពលរដ្ឋ សូមយកចិត្តទុកដាក់អំពីសុវត្ថិភាពក្នុងការធ្វើដំណើរលើដងផ្លូវ ជៀសវាងមានគ្រោះថ្នាក់ចរាចរណ៍ ព្រោះថាសម័យកាលមុនមានពលរដ្ឋយើងជាច្រើន បានរងគ្រោះធ្លាក់ខ្លួនពិការដោយសារសង្គ្រាមតែបច្ចុប្បន្ននេះយើងរស់នៅក្រោមដំបូលនៃសុខសន្តិភាព យើងក៏មិនត្រូវបណ្តោយខ្លួនយើង ឱ្យក្លាយទៅជាជនពិការដោយសារតែគ្រោះថ្នាក់ចរាចរណ៍នោះដែរ។
ទន្ទឹមនឹងនេះលោកស្រីបានបញ្ជាក់ថា រស់នៅក្នុងប្រទេសមានសន្តិភាពហើយ ត្រូវខិតខំកសាងសុភមង្គលគ្រួសារ ដោយមិនត្រូវប្រើអំពើហិង្សាក្នុងគ្រួសារ និងសូមជៀសវាងការប្រព្រឹត្តទង្វើគ្រប់បែបយ៉ាង ដែលនាំឱ្យការកើតមានអំពើហិង្សាក្នុងគ្រួសារ។ បន្ថែមពីនេះសូមប្រជាពលរដ្ឋនាំគ្នាទៅទទួលយកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ តាមកាលកំណត់ឱ្យបានគ្រប់ៗគ្នា បើទោះបីជាប្រទេសយើង បានឆ្លងផុតពីគ្រោះថ្នាក់នៃជំងឺនេះក៏ដោយ តែពិភពលោកទាំងមូលមិនទាន់លុបបំបាត់ជំងឺនេះទាំងស្រុងនោះឡើយ ដូច្នេះត្រូវនាំគ្នាការពារទើបប្រសើរ។
សូមបញ្ជាក់ថា គ្រួសារនីមួយៗទទួលបានអំណោយរួមមាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ឃីត (មុង ភួយ សារុង ក្រមា អាវរងា) ១កញ្ចប់, ទឹកស៊ីអ៊ីវ ៦ដប, ទឹកត្រី ៦ដប, ប្រេងឆា ១ដប, ភេសជ្ជៈប៉ូការីស្វេត ៦ដប, សាប៊ូកក់សក់ ១ដប, ទឹកសុទ្ធប៊ូស្រា ១ដប, នំប៉័ង ១ដើម, ក្រណាត់ស ១ដុំ ក្នុងនោះមានថវិកា ២ម៉ឺនរៀល (ជាអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន)។ ក្នុងនោះជនមានពិការភាពចំនួន ១៨នាក់ ទទួលបានបន្ថែមនូវរទេះ ១គ្រឿងផងដែរ។
សូមជម្រាបថា ក្នុងដំណើរបេសកកម្មចែកអំណោយមនុស្សធម៌នេះ គណៈប្រតិភូកាកបាទក្រហមកម្ពុជា ក៏បានអញ្ជើញបូជាទៀនធូប ផ្កាភ្ញីថ្វាយព្រះរតនត្រ័យ និងនាំយកទេយ្យទានប្រគេន វត្តធម្មគិរីជ្រៃមាស (ហៅវត្តដាក់ដាំ) ស្ថិតក្នុងភូមិពូឡេះ ឃុំដាក់ដាំ ស្រុកអូររាំង រួមមាន៖ អង្ករ ២០០គីឡូក្រាម, មី ១០កេស, ត្រីខ ៤កេសធំ, ស្ករស ១០គីឡូក្រាម, ទឹកដោះគោខាប់ ២កេស, អូវ៉ាន់ទីន ២កេស, ទឹកក្រូច ១០កេស, ទឹកសុទ្ធ ១០កេស, សាច់ក្រក ១០គីឡូក្រាម, ត្រីងៀត ១០គីឡូក្រាម និងថវិកា ២លានរៀល។ ប្រគេនព្រះចៅអធិការវត្ត នូវសាដក ១ និងបច្ច័យ ៥០ម៉ឺនរៀល។ ប្រគេនព្រះសង្ឃ ៤អង្គ ដែលមួយអង្គៗប្រគេន សាដក ១ និងបច្ច័យ ២០ម៉ឺនរៀល, ជូនលោកតាអាចារ្យ៤នាក់ ក្នុងម្នាក់ៗ ថវិកា ៥ម៉ឺនរៀល និងក្រណាត់ស ១ដុំ ក្នុងនោះមានថវិកា ២ម៉ឺនរៀល៕
Post a Comment